នាយករដ្ឋមន្ត្រី​ហុល្លង់​ព្រម​កាត់​ខេត្ត​មួយ​ឲ្យ​បែលហ្សិក​ ​បើ​ ​De Bruyne​ ​លេង​ឲ្យ​ហុល្លង់

  • 2017-10-10 14:41:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Mark Rutte​ ​នាយករដ្ឋមន្ត្រី​ប្រទេស​ហុល្លង់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​និយាយ​ថា​រដ្ឋាភិបាល​ខ្លួន​សុខ​ចិត្ត​កាត់​ខេត្ត​ភាគ​កើត​របស់​ហុល្លង់​ ​ទៅ​ឲ្យ​ប្រទេស​បែលហ្សិក​ ​ជា​ថ្នូរ​នឹង​ការ​ឲ្យ​កីឡាករ​ ​Kevin De Bruyne​ ​មក​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​វិញ។ នេះ​ ​បើ​យោង​តាម​សារព័ត៌មាន​ហុល្លង់​ ​Het Beleg Van Antwerpen។

សារព័ត៌មាន​នេះ​បន្ត​ថា​ ​លោក​នាយករដ្ឋមន្ត្រី​ហុល្លង់​ ​Mark Rutte​ ​បាន​និយាយ៖ " ប្រជាជន​ហុល្លង់​គួរ​តែ​មាន​មោទនភាព​លើ​ប្រទេស​ខ្លួន​ឯង។ យើង​មិន​គួរ​បង្ហាញ​ទៅ​ពិភពលោក​ ​តែ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​យើង​មួយ​មុខ​ហ្នឹង​ទេ​ ​ពោល​គឺ​យើង​ត្រូវ​បង្ហាញ​នូវ​ការ​រីកចម្រើន​របស់​យើង​លើ​គ្រប់​វិស័យ​ទាំង​អស់ " ។ លោក​បាន​បន្ត​ទៀត​ថា៖ "ក្នុង​វិស័យ​បាល់ទាត់ យើង​នៅ​ខ្វះ​កីឡាករ​ដែល​លេង​មាន​ទំនុក​ចិត្ត ជឿ​ជាក់ និង​មាន​បច្ចេកទេស​ខ្ពស់​ដែល​ធ្វើ​ឲ្យ​យើង​លេង​ឈ្នះ​គូ​ប្រកួត។ ចំពោះ​ចំណុច​ទាំង​នេះ​ ​យើង​គិត​ថា​ ​Kevin De Bruyne អាច​ជួយ​បាន"។

នៅ​ពេល​និយាយ​អំពី​ខេត្ត​ ​Limburg​ ​ដែល​លោក​សុខចិត្ត​កាត់​ឲ្យ​បែលហ្សិក​ឲ្យ​តែ​បាន​កីឡាករ​ ​De Bruyne​ ​លេង​ឲ្យ​ហុល្លង់​ ​លោក​នាយករដ្ឋមន្ត្រី​រូប​នេះ​បាន​ឆ្លើយ​តប​វិញ​​ថា៖ "ជា​ការ​ពិត​ណាស់​ ​ថា​វា​ជា​ការ​លះ​បង់​ខ្ពស់​ណាស់​សម្រាប់​ប្រទេស​ហុល្លង់។ នៅ​ទី​នោះ​ ​(Limburg)​ ​មាន​ប្រជាជន​រួសរាយ​រាក់ទាក់​ជា​ច្រើន​ ​ហើយ​យើង​នឹង​នឹក​ពួក​គេ​​ ប៉ុន្តែ​ពេល​ខ្លះ​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​យ៉ាង​លំបាក​ ​ដើម្បី​សម្រេច​គោល​ដៅ​ចម្បង​របស់​ជាតិ"។

ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ ​ត្រូវ​ស៊ុត​បញ្ចូល​ទី​ស៊ុយអែត​រហូត​ដល់​ ​៧​គ្រាប់​ឡើង​ទៅ​ ​ក្នុង​ការ​ប្រកួត​យប់​នេះ​ដើម្បី​អាច​មាន​សង្ឃឹម​បាន​ទៅ​លេង​ព្រឹត្តិការណ៍​ ​World Cup​ ​នៅ​រុស្ស៊ី​ឆ្នាំ​ក្រោយ​ ​ខណៈ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ ​បាន​កក់​កៅអី​មួយ​នេះ​បាន​សម្រេច​រួច​ហើយ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

កីឡាករ​របស់​ក្លឹប​យក្ស​ផ្ទៃ​មេឃ​ ​Manchester City​ ​ខ្សែ​បម្រើ​ប្រយុទ្ធ​ ​Kevin De Bruyne​ ​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​រហូត​បាន​ជាប់​ក្នុង​ចំណោម​កីឡាករ​ល្អ​ ​៣០​រូប​ ​ដើម្បី​ប្រជែង​ពាន​ ​Ballon D'or​ ​បី​ឆ្នាំ​ជាប់​គ្នា​ ​ពោល​គឺ​តាំង​ពី ២០១៥​មក៕

ប្រភព៖ www.si.com   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម