ថៃ បន្ថែមថ្ងៃកាន់ទុក្ខ អតីតស្តេចថៃ ភូមិបុល អាឌុលយ៉ាដេត កាន់តែយូរ

  • 2017-10-11 07:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សេចក្ដី​ប្រកាស​មួយ ពី​ការិយាល័យ​នាយករដ្ឋមន្ត្រី កាល​ពី​ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​បាន​បន្ថែម​ថ្ងៃ​កាន់​ទុក្ខ​អតីត​ស្ដេច​ថៃ ភូមិបុល អាឌុលយ៉ាដេត ចំនួន ២ថ្ងៃ​ទៀត រហូត​ដល់​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ២០១៧។

ព្រះ​រាជពិធី​បុណ្យ​សព​របស់​អតីត​ព្រះមហាក្សត្រ​អង្គ​នេះ ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២២ ដល់ ២៩ ខែ​តុលា ឆ្នាំ២០១៧ ដូច្នេះ​គណៈរដ្ឋមន្ត្រី បាន​សម្រេច​បន្ថែម​រយៈពេល​កាន់​ទុក្ខ​តែម្ដង។ កាលបរិច្ឆេទ​នៃ​ការ​កាន់ទុក្ខ​ជា​ផ្លូវការ ត្រូវ​បាន​ផ្លាស់ប្ដូរ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់ ២៧ ខែ​តុលា ទៅ ថ្ងៃ​ទី​១៣ ដល់ ២៩ ខែ​តុលា ឆ្នាំ២០១៧ វិញ សរុប​ចំនួន ១៧ថ្ងៃ។

ទង់ជាតិ​ថៃ នឹង​ត្រូវ​បង្ហូត​ទម្លាក់​ត្រឹម​ពាក់​កណ្ដាល ហើយ​អ្នក​ធ្វើ​ការ​រដ្ឋ​នឹង​ស្លៀកពាក់​ខ្មៅ រហូត​ដល់​ចប់​ពិធី​កាន់ទុក្ខ។ ស្លាក​សញ្ញា និង​បដា​កាន់​ទុក្ខ​ទាំង​អស់ នឹង​ត្រូវ​ដក​ចេញ នៅ​យប់​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ២០១៧។ សាធារណជន​អាច​នឹង​បន្ត​ការ​ស្លៀក​សំលៀកបំពាក់​ពណ៌​វិញ នៅ​ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ២០១៧។

ធនាគារ​ថៃ Bank of Thailand ក៏​បាន​ប្រកាស​នៅ​សប្ដាហ៍​នេះ​ផង​ដែរ​ថា ធនាគារ​ទាំង​អស់​នឹង​ត្រូវ​បិទទ្វារ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៧ ដែល​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត។ ជាមួយ​គ្នា​នេះ​ដែរ ថ្ងៃ​ទី២៦ ខែ​តុលា ក៏​ត្រូវ​បាន​ប្រកាស​ជា​ថ្ងៃ​បុណ្យជាតិ​ផង​ដែរ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ព្រះ​មហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត បាន​ចូល​ទិវង្គត​ ក្នុង​ព្រះជន្ម​ ៨៨ ព្រះវស្សា នៅ​មន្ទីរ​​ពេទ្យ​សិរីរាជ្យ នៃ​ទីក្រុង​បាងកក នៅ​វេលា​ម៉ោង​ ១៥:៥២​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦ ក្រោយ​ពី​បាន​​គ្រង​រាជសម្បត្តិ​អស់​រយៈ​ពេល ៧០ឆ្នាំ។ សាកសព​ព្រះអង្គ ត្រូវ​បាន​តម្កល់​ទុក​រយៈពេល ១ឆ្នាំ​មក​ហើយ៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង