មូល​ហេតុ​ជុំ​វិញ​ការ​ហាម​ឃាត់​មិន​ឲ្យ​ដាក់​បញ្ចាំង​រឿង "Kingsman 2” នៅ​កម្ពុជា

  • 2017-10-13 03:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​បាន​ហាម​ឃាត់​ការ​ដាក់​បញ្ចាំង​រឿង​ហូលីវូដ​ចំណង​ជើង​ថា​ "Kingsman: The Golden Circle” ដោយ​សារ​តែ​មាន​ការ​បង្ហាញ​​លក្ខណៈ​អវិជ្ជមាន​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភពលោក។

ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន ដែល​កំណត់​ថា​សាច់​រឿង​ដ៏​ល្បី​មួយ​នេះ​មិន​សម​រម្យ​សម្រាប់​ដាក់​បញ្ចាំង​ឲ្យ​ទស្សនិកជន​ជន​ក្នុង​ស្រុក​មើល​នោះ​ទេ។

អាជ្ញាធរ​បាន​និយាយ​ថា៖ "ភាព​យន្ត​នេះ​ប្រើ​ប្រាស់​ទឹក​ដី​កម្ពុជា​ជា​កន្លែង​ដែល​ពួក​ភេរវករ​ស្នាក់​នៅ និង​ធ្វើ​ឲ្យ​ពិភពលោក​មាន​បញ្ហា​"។

ស្រប​ពេល​នោះ​ដែរ ក្រុម​ហ៊ុន​ចែក​ចាយ​សិទ្ធិ​ដាក់​បញ្ចាំង​ភាព​យន្ត​បាន​ឆ្លើយ​តប​ថា​ ការ​សម្រេច​ចិត្ត​នេះ​គឺ "ពិត​ជា​គិត​ដូច​កូន​ក្មេង" នេះ​បើ​តាម​ការ​រាយការណ៍​របស់​ Phnom Penh Post។

ចាប់​តាំង​ពី​ភាព​យន្ត​នេះ​បាន​ដាក់​បញ្ចាំង​រយៈ​ពេល​ជិត​មួយ​ខែ​កន្លង​មក​ ភាព​យន្ត​នេះ​ដែល​ជា​វគ្គ​ថ្មី​របស់​រឿង "Kingsman: The Secret Service” រក​ចំណូល​បាន​​ជាង ២៦១លាន​ដុល្លារ​ទៅ​ហើយ។

ភាព​យន្ត​នេះ​ជា​ប្រភេទ​ ភាព​យន្ត​វាយ​តប់​បាញ់​ប្រហារ​និង​កំប្លែង​ និយាយ​អំពី​អង្គការ​ភ្នាក់​ងារ​សំងាត់​ទាំង​នៅ​អាមេរិក​ និង​ចក្រភព​អង់គ្លេស​ ពួត​ដៃ​គ្នា​ដើម្បី​ស្វែង​រក​បន្ទាយ​អាថ៌កំបាំង​របស់​ស្ដេច​គ្រឿង​ញៀន​ម្នាក់។

ពេល​នោះ​ពួក​គេ​ក៏​បាន​រក​ឃើញ​ បន្ទាយ​នោះ​គឺ​ជា​ប្រាសាទ​មួយ​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ក៏​មាន​ឈុត​ឆាក​បាញ់​ប្រហារ​និង​វាយ​តប់​នៅ​ទី​នោះ។

លោក ប៉ុក​ បូរក្ស ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ប្រាប់ Phnom Penh Post ថា៖ "បន្ទាប់​ពី​យើង​បាន​វិភាគ​រឿង​នេះ​ហើយ យើង​ឃើញ​ថា​មាន​បញ្ហា​ខ្លះៗ"។

​លោក​​បាន​កំណត់​យក​ហេតុ​ការណ៍​កើត​ឡើង​នៅ​ក្នុង​សាច់​រឿង ដែល​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​ស្នាក់​នៅ​(បន្ទាយ)​របស់​តួ​ចិត្ត​អាក្រក់​និង "ធ្វើ​ឲ្យ​ពិភពលោក​មាន​បញ្ហា" គឺ​ជា​ចំណុច​ដែល​ព្រួយ​បារម្ភ​ជាង​គេ។

ទោះ​បី​ជា​សាច់​រឿង​នេះ​មិន​បាន​ប្រាប់​ពី​ឈ្មោះ​របស់​ប្រាសាទ​ក៏​ដោយ ក៏​លោក​បាន​និយាយ​ថា​វា​តំណាង​ឲ្យ​ប្រាសាទ​ តា​ព្រហ្ម ជា​ប្រាសាទ​ប្រវត្តិសាស្ត្រ​មួយ​ដែល​ជាប់​ឈ្មោះ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់ Unesco ក្នុង​ឆ្នាំ ១៩៩២។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​កម្ពុជា​ហាម​ឃាត់​មិន​ឲ្យ​រឿង​ហូលីវូដ​យក​មក​ដាក់​បញ្ចាំង​នៅ​កម្ពុជា ដែល​រឿង​មួយ​ចំនួន​ដូច​ជា "Fifty Shades of Grey” និង "The Wolf of Wall Street” សុទ្ធ​តែ​មាន​បញ្ហា​ស្រដៀង​គ្នា​ទាក់​ទង​ទៅ​នឹង​អំពើ​ហិង្សា​និង​ឈុត​ឆាក​ស្រើប​ស្រាល​ខ្លាំង​ពេក៕

អាន​អត្ថបទ៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី