Apple ខំ​លាក់​រឿង​សម្ងាត់ មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​ដឹង តែ​នៅ​តែ​បែកធ្លាយ​

  • 2017-10-15 04:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្លែប៉ោម​ Apple ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​។ ឧបករណ៍​អេឡិចត្រូនិក និង​ព័ត៌មាន​ទាក់​ទង​ការ​បែក​ធ្លាយ​រូបរាង តម្លៃ ឬ​រឿង​រ៉ាវ​រសើប​ជា​ច្រើន​ទៀត ត្រូវ​បាន​សារព័ត៌មាន​ល្បីៗ​ចុះ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ។

យ៉ាង​ណា​មិញ ​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple ក៏​នៅ​មាន​ចំណុច​រសើប​ខ្លះៗ ដែល​មិន​ចង់​បង្ហាញ​ឲ្យ​អ្នក​ដឹង​អស់​នៅ​ឡើយ ដូច​មាន​រៀប​រាប់​ខាង​ក្រោម៖

១ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple

ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​ដឹង​រួច​ហើយ​ថា iPhone មិន​មែន​ជា​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ថោក​នោះ​ទេ។ តម្លៃ​របស់​វា​ស្ថិត​នៅ​ក្នុង​កម្រិត​ Premium នៅ​លើ​ទីផ្សារ​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន។ ក្នុង​នោះ​ដែរ Apple ក៏​បាន​ដាក់​បញ្ចូល​នូវ​បច្ចេកវិទ្យា​ខ្ពស់ៗ ដែល​​ធ្វើ​ឲ្យ​តម្លៃ​របស់​វា ស័ក្ត​សម​គុណសម្បត្តិ​អាច​ទទួល​យក​បាន។

ទោះ​យ៉ាង​ណា​ មាន​មនុស្ស​តិច​តួច​បំផុត ដែល​បាន​ដឹង​ពី​តម្លៃ​នៃ​ការ​ផលិត​ចេញ​ជា iPhone មួយ​គ្រឿង​ៗ និង​ធាតុ​ផ្សំ​ផ្នែក​មួយៗ​របស់​វា រួម​ទាំង​ប្រាក់​ចំណេញ​របស់ Apple ដែល​បាន​មក​ពី​ការ​លក់ iPhone ក្នុង​មួយ​ឆ្នាំ​ៗ ជា​ចំណុច​សម្ងាត់​ទី​មួយ ដែល Apple ហាក់​មិន​សូវ​ចង់​បើក​ទូលាយ​ឲ្យ​ដឹង​នោះ​ទេ។

យោង​តាម​របាយការណ៍​វិភាគ​ពី IHS Markit បង្ហាញ​ថា សមាសធាតុ​ផ្សំ និង​គ្រឿង​គ្រៅ​ក្នុង iPhone 7 ​មួយ​គ្រឿង​ចំណាយ​ត្រឹម​ **២២៥ ដុល្លារ​**ប៉ុណ្ណោះ ចំណែក​តម្លៃ​ថ្ងៃ​ដាក់​លក់​វិញ​ខ្ទង់ ៦៤៩ ដុល្លារ ​(បរទេស) ៨៨៩ ដុល្លារ (នៅ​ខ្មែរ​ថ្ងៃ​ចេញ​លក់​ដំបូង)។ ចំពោះ​តម្លៃ ២២៥ ដុល្លារ​នេះ មិន​គិត​ពី​ការ​ចំណាយ​ពេល​ស្រាវជ្រាវ​រក​បច្ចេកវិទ្យា​ថ្មីៗ ការ​អភិវឌ្ឍ​កម្មវិធី(Software Development) ឬ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ Apple។

របាយការណ៍​ខាង​លើ​ ជា​ឧទាហរណ៍​ខ្លី​មួយ​ចង់​បញ្ជាក់​ថា Apple ចំណេញ​លុយ​បាន ៤២៤ ដុល្លារ​ពី​ការ​លក់ iPhone7 មួយ​គ្រឿង ប៉ុន្តែ​ត្រូវ​បាន​បិទ​យ៉ាង​ជិត​ឈឹង​ចំពោះ​ប្រាក់​ចំណញ​សរុប ដែល​រក​បាន​ពី​ការ​លក់ iPhone ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple។

២ លក្ខខណ្ឌ​ការងារ​កម្មករ​ក្នុង​រោងចក្រ​ផលិត iPhone

អ្នក​ទាំង​អស់​ប្រហែល​ជា​ដឹង​ថា ស្នាក់​ការ Apple ធំ​បំផុត​ស្ថិត​នៅ​ទីក្រុង​សាន់ហ្វ្រាន់​ស៊ីស្កូ សហរដ្ឋ​អាមេរិក ហើយ​ក៏​ប្រហែល​ជា​មាន iPhone កាន់​ម្នាក់​មួយ​គ្រឿង ឬ​ពីរ​គ្រឿង​ក៏​ថា​បាន តែ​អ្នក​មាន​ឆ្ងល់​ដែរ​ទេ​ថា ហេតុអ្វី​បាន​ជា​ខ្នង​ខាង​ក្រោយ iPhone នី​មួយៗ សរសេរ​ថា "Made in China”? ចម្លើយ​យ៉ាង​ខ្លី​នោះ​គឺ រោង​ចក្រ​ផលិត​ធំ​បំផុត​របស់ Apple ស្ថិត​នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន មិនមែន​សហរដ្ឋអាមេរិក ហើយ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​នៅ​ទីនោះ Apple ទុក​ជា​រឿង​សម្ងាត់ ​មិន​ចង់​ឲ្យ​អ្នក​ខាងក្រៅ​ដឹង​ឡើយ​។

ទោះ​ខិត​ខំ​លាក់​យ៉ាង​ណា​ក្ដី មាន​និស្សិត​ម្នាក់​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ទីកន្លែង​ស្នាក់​នៅ​របស់​កម្មករ​នៅ​​ជិត​រោង​ចក្រ​ផលិត iPhone ក្បែរ​ទីក្រុង​សៀងហៃ គួរ​ឲ្យ​ស្រងេះស្រងោច​ចិត្ត​ណាស់។ កម្មករ​ធ្វើការ ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ ទទួល​បាន​ប្រាក់​ពលកម្ម​ក្នុង​មួយ​ម៉ោង​ប្រមាណ​ជា ២ ដុល្លារ​ឬ​តិច​ជាង​នេះ។

ចំណែក Foxconn ជា​រោង​ចក្រ​ផ្គត់​ផ្គង់​ផលិត Apple ក៏​មិន​មិន​ខុស​ពី Pegatron ដែរ ពោល​គឺ ការ​ស្នាក់​នៅ​មាន​ទិដ្ឋភាព​ដូច​គ្នា បូក​រួម​ទាំង​ការ​ស្លាប់​របស់​បុគ្គលិក​ជា​ច្រើន​នាក់​ក្នុង​រោងចក្រ ដោយ​សារ​លក្ខខណ្ឌ​ការងារ​ធ្ងន់​ធ្ងរ។

ក្នុង​ឆ្នាំ ២០១៦ របាយ​ការណ៍​ពី​រោង​ចក្រ Pagetron បង្ហាញ​ថា ស្ថានភាព​កម្មករ​ចិន​កាន់​តែ​អាក្រក់​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ជា​មូលហេតុ Apple មិន​ចង់​បង្ហាញ​ទៅ​សារព័ត៌មាន។

៣ បញ្ហា​បរិស្ថាន

Apple ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា ដែល​តែង​តែ​ជាប់​ឈ្មោះ​ជា ក្រុមហ៊ុន​យក​ចិត្ត​ទុក​ដាក់ ដល់​ការ​បំពុល​បរិស្ថាន​ខ្លាំង​ជាង​គេ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ Apple បាន​វិវត្តន៍​ខ្លួន​យ៉ាង​រហ័ស ពី​ទី​ស្នាក់​ការ ដែល​ធ្លាប់​តែ​ជា​មជ្ឍមណ្ឌល​ទិន្នន័យ​សម្អាត​សារធាតុពុល ក្លាយ​ទៅ​ជា​ស្នាក់​ការ​បច្ចេកវិទ្យា កណ្ដាល​ធំ​ជាង​គេ (Apple Park) ដែល​មាន​បរិស្ថាន​បៃតង​ស្រស់ គួរ​ឲ្យ​ទាក់​ទាញ។

នៅ​ឆ្នាំ ២០១០ រឿង​អាស្រូវ​ទាក់​ទង​បញ្ហា​បរិស្ថាន​របស់ Apple ត្រូវ​បាន​ក្រុម​សកម្មជន​បរិស្ថាន​ចិន បាន​​បញ្ចេញ​ជា​សាធារណៈ​ថា Apple ជា​ក្រុមហ៊ុន​បញ្ចេញ​សារធាតុ​ពុល​ពី​កាក​សំណល់​ផលិត​ទៅ​បរិយាកាស​ខ្លាំង​ជាង​គេ​នៅ​ចិន។

យោង​តាម​របាយការណ៍​ពី​វិទ្យាស្ថាន​កិច្ចការ​សាធារណៈ និង​បរិស្ថាន បាន​រក​ឃើញ​ចំណុច​សង្ស័យ ២៧ ចំណុច​ថា រោង​ចក្រ​​ផ្គត់​ផ្គង់​របស់ Apple មាន​បញ្ហា​បំពុល​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ​រាប់​បញ្ចូល​តាំង​ពី​សំណល់​លោហៈ​ធ្ងន់​ៗ ដល់​ឧស្ម័ន​ពុល។ រហូត​មក​ដល់​ពេល​នេះ Apple បាន​ធ្វើ​ការ​បក​ស្រាយ​លើ​ករណី​នេះ​រួច​រាល់​ហើយ តែ​ពួក​គេ​ហាក់​ចង់​ឲ្យ​អ្នក​គាំទ្រ​បំភ្លេច​រឿង​នេះ​ចោល​តែ​ម្ដង។

៤ ការ​កើប​លុយ

Apple បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​មាន​​ប្រាក់​ចំណូល​ដល់​ទៅ ទ្រីលានដុល្លារ(trillion dollar) ដែល​ជោគជ័យ​បំផុត​លើ​វិស័យ​ជំនួញ​បច្ចេកវិទ្យា។ ជា​អកុសល ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ ត្រូវ​​​ចំណាយ​លើ​ការ​បង់​ពន្ធ​ជូន​រដ្ឋ​យ៉ាង​សន្ធឹក​សន្ធាប់ ក្នុង​ឋានៈ​ជា​ក្រុមហ៊ុន​សារជីវកម្ម ដែល​រក​ស៊ី​ឆ្លង​ទ្វីប (Oversea)។

នាយក​ប្រតិបត្តិ​លោក Tim Cook

យោង​តាម​របាយ​ការណ៍​ពី​ក្រុមហ៊ុន Cupertino បង្ហាញ​ថា Apple មាន​ទឹក​ប្រាក់ ២៣០ ប៊ីលាន​ដុល្លារ នៅ​ក្នុង​សារជីវកម្ម​ក្រៅ​ប្រទេស ខណៈ​នាយក​ប្រតិបត្តិ​លោក Tim Cook ក៏​ធ្លាប់​បាន​លើក​ឡើង​ថា "ក្រុមហ៊ុន​នឹង​មិន​លើក​រោង​ចក្រ​ផលិត iPhone មក​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​នោះ លុះ​ត្រា​ណា​តែ អាមេរិក​កាត់​ពន្ធ​ដោយ​យុត្តិធម៍ (សំដៅ​លើ​ពន្ធ​ផ្សេងៗ)”។

ចុច​អាន​៖ Apple ចង់​បាន​​កម្មករ​ចិន ជា​ជាង​​ពលរដ្ឋ​​អាមេរិក​​ខ្លួន​​ឯង ដោយ​សារ​មូលហេតុ​បែប​នេះ​សោះ​​​​

៥ រក្សា​ព័ត៌មាន​ផលិតផល​ថ្មី មិន​ឲ្យ​បែក​ធ្លាយ

អ្នក​ទាំង​អស់​ដឹង​ហើយ​ថា គ្រប់​ផលិតផល Apple ដែល​ចេញ​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង តែង​ត្រូវ​បាន​ការពារ​និង​រក្សា​ការសម្ងាត់​យ៉ាង​មាំ​ទាំ​ជា​ទីបំផុត។ ចំពោះ​ការ​រក្សា​ព័ត៌មាន​បែក​ធ្លាយ​ផ្សេងៗ​មិន​ឲ្យ​ផ្សាយ​ចេញ​ទៅ​ក្រៅ ត្រូវ​បាន​ Apple ឲ្យ​ឈ្មោះ​ថា ក្រុម​សន្ដិសុខ​សកល (Global Security Team)។

របៀប​នៃ​ការ​ធ្វើការ​របស់​ក្រុម​សន្ដិសុខ​សកល​នេះ ត្រូវ​តាម​ដាន​រាល់ និង​ទប់​ស្កាត់​រាល់​ព័ត៌មាន​លេច​ឮ មុន​នឹង​ការ​ដាក់​លក់​ជា​ផ្លូវ​ការ​នូវ​ផលិតផល​ថ្ម​របស់​ខ្លួន។

តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ ព័ត៌មាន​ទាំង​នោះ​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ខ្លះៗ​ផ្អែក​ទៅ​តាម​ជំនាន់​របស់​ផលិតផល Apple និង​ភាព​មិន​អាច​គ្រប់​គ្រង​បាន​របស់​ក្រុម ​ក្រុម​សន្ដិសុខ​សកល។

ចំណុច​ទាំង​នេះ​ហើយ ដែល Apple ហាក់​មាន​ចេតនា​លាក់​បាំង មិន​ចង់​ឲ្យ​អ្នក​ដឹង ក្រោម​ហេតុផល​ជា​ច្រើន ហើយ​ការ​លើក​ឡើង​ខាង​លើ​សម្រាប់​ទុក​ជា​ចំណេះ​ដឹង និង​ត្រិះរិះ​ការ​ពិចារណា​៕

ចុច​អាន​បន្ត​៖

ប្រភព៖ idropnews   ប្រែ​សម្រួល៖ រក្សា