ហុក សុចិត្រា ​ថា ​ចង់​បាន​លទ្ធផល​ល្អ​នៅ​ AFF Futsal Club កំចាយមារ​ ត្រូវតែ...

  • 2017-10-16 04:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ហុក សុចិត្រា គ្រូ​បង្វឹក​ក្រុម​​កំចាយមារ ​យល់​ឃើញ​ថា ក្រុម​របស់​លោក​មិន​ទាន់​មាន​កម្រិត​អាច​​ប្រកួតប្រជែង​ពាន​ AFF Futsal Club Championship ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នា​​ឆ្នាំ​ក្រោយ​បាន​ទេ គឺ​ត្រូវ​ការ​កីឡាករ​ល្អៗ​ពី​ក្រុម​ផ្សេង​​មក​​ជួយ​ក្រុម​បន្ថែម​ទៀត។

លោក ហុក សុចិត្រា

​ក្រុម​កំចាយមារ​​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Ov Mal FC ដោយ​លទ្ធផល ១០-៦ ដើម្បី​លើក​ពាន​ Futsal ជាតិ ក្លៀរ CLEAR National Futsal Cup 2017 នៅ​ទីលាន Clear Arena The Blue Sports Center ​កាល​ពី​​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មី​​ៗ​នេះ។ ជ័យជម្នះ​របស់​ក្រុម​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ឱកាស​ទៅ​លេង​ពាន​រង្វាន់​កម្រិត​អន្តរជាតិ​​​ដែល​​កម្ពុជា​គ្រោង​បញ្ជូន​ បន្ទាប់​ពី​​អវត្តមាន​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។

​ក្រោយ​ចប់​ការ​ប្រកួត​ភ្លាម​​បុរស​​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​និយាយ​ថា លោក​បាន​​សំគាល់​ឃើញ​កីឡាករ​ល្អ​ៗ​មួយ​ចំនួន​​ក្នុង​ក្លឹប​ផ្សេង​ ដែល​​ត្រូវ​បាន​​បញ្ជូន​​ឈ្មោះ​ទៅ​ថ្នាក់​លើ​របស់​ក្លឹប​​ក្នុង​ការ​កោះ​ហៅ​ពួក​គេ​មក​ចូល​រួម​ជា​មួយ​កំចាយមារ។ ការ​កោះ​ហៅ​នេះ​មិន​ទាន់​ដឹង​ថា ពួក​គេ​នឹង​មក​ចូល​រួម​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​ក្លឹប​របស់​លោក​ត្រូវ​ការ​កម្លាំង​ថ្មី​​ជួយ​​ ដើម្បី​ត្រៀម​លេង​​ពាន​អន្តរជាតិ​ AFF Futsal Club Championship ។

​លោក​បន្ថែម​ថា ​បើ​គិត​ទៅ​លើ​កម្រិត​សមត្ថភាព​​របស់​កំចាយមារ​​បច្ចុប្បន្ន​​ មិន​ទាន់​អាច​​ប្រកួត​ជាមួយ​​ក្រុម​ផ្សេង​ៗ​នៅ​​ក្រៅ​ប្រទេស​បាន​ទេ ទាំង​កម្លាំង និង​បច្ចេកទេស​នៅ​ស្ទើរ​ដូច​គ្នា។ បើ​ចង់​​ទទួល​​បាន​លទ្ធផល​ល្អ​ កំចាយមារ​ ត្រូវ​វិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​ក្លឹប​អាជីព​ជា​មុន​​សិន​ ទើប​អាច​មាន​សង្ឃឹម​យក​បាន​លទ្ធផល​ល្អ​មួយ​ជួន​ជាតិ។

​​ប្រាក់​រង្វាន់​មាន​៖

  • ​ក្រុមជើង​ឯក៖​ កំចាយមារ​ទទួល​បាន​ប្រាក់​រង្វាន់ ២០​លាន​រៀល

  • ជើង​ឯក​រង​៖ ​ក្រុម Ov Mal FC ​ទទួល​បាន​ប្រាក់​រង្វាន់​ ១០​លាន​រៀល

  • ចំណាត់​​ថ្នាក់​លេខ៣៖ ក្រុម ឆន្ទៈ​កីឡា ទទួល​បាន​ ៥លាន​រៀល

  • ចំណាត់​ថ្នាក់​លេខ ៤៖ អាណាចក្រ​បៃតង ទទួល​បាន​ ៣ លាន​រៀល

​ក្រៅ​ពី​រង្វាន់​ខាង​លើ​ក៏​មាន​រង្វាន់​ជា​ច្រើន​ទៀត​រួម​មាន គ្រូ​ល្អ បាន​ទៅ​លោក ហុក សុចិត្រា អ្នក​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​បាន​ទៅ​កីឡាករ សេរីវង្ស របស់​កំចាយមារ អ្នក​ចាំ​ទី​ល្អ​បាន​ទៅ​កីឡាករ គង់​វង្ស វិជ្ជា របស់​កំចាយមារ ដោយ​​ក្នុង​ម្នាក់​ៗ​ទទួល​បាន ១​លាន​រៀល។ ចំណែក​ក្រុម Fair Play បាន​ទៅ​ BA United ​ទទួល​បាន ១លាន​ ៥ សែន​រៀល​ និង​ក្រុម​អាជ្ញាកណ្ដាល​ល្អ​បាន​ទៅ​លោក សាំង សុភ័ត លោក រិទ្ធ វីណូតា លោក នាង រិទ្ធីយ៉ា និង​លោក ឈុន ឃាង ដោយ​ទទួល​បាន ១​លាន​រៀល​ទាំង​អស់​គ្នា​ផង​ដែរ៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី