ឌូតឺតេ ប្រកាស​ទីក្រុងម៉ារ៉ាវី ដណ្ដើមបាន​ពីក្រុមភេរវកហើយ តែ​អ្នកស្លាប់​ជាង ១ពាន់នាក់

  • 2017-10-17 10:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​ថ្ងៃ​អង្គារ​ទី ១៧​តុលា​​នេះ ​ប្រធានាធិបតី​ហ្វីលីពីន ឌូតឺតេ បាន​ប្រកាស​ថា ​ទីក្រុង​ម៉ារ៉ាវី ត្រូវ​បាន​ដណ្ដើម​យក​មក​វិញ​ទាំង​ស្រុង​ហើយ ​បន្ទាប់​ពី​ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម​ភេរវក​​បណ្ដាញ​រដ្ឋ​ឥស្លាម​ជាង ៤​ខែ​។

ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ គឺ​ជម្លោះ​នេះ​បាន​ផ្ដាច់​ជីវិត​មនុស្ស​ជាង ១ ០០០​នាក់ និង​​ជាង ៤០​​ម៉ឺន​​នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង។

លោក ឌូតឺតេ ថ្លែង​​ពី​មុខ​ទាហាន​ថា​ "​អស់លោក លោក​ស្រី​អ្នក​នាង​កញ្ញា ខ្ញុំ​សូម​ប្រកាស​ថា​ ទីក្រុង​ម៉ារ៉ាវី (Marawi) ដែល​ក្រុម​ភេរវក​កាន់​កាប់​ យើង​​ដណ្ដើម​បាន​មក​វិញ​ហើយ"។ ការ​ប្រកាស​គួរ​ឲ្យ​សាទរ​នេះ ធ្វើ​ឡើង​​មួយ​ថ្ងៃ​​បន្ទាប់​ពី​មេ​ដឹក​នាំ​កំពូល​ក្រុម​ភេរវក​លោក Isnilon Hapilon និង​ Omar Maute ត្រូវ​បាន​យោធា​ហ្វីលីពីន​សម្លាប់​នៅ​ព្រលឹម​ថ្ងៃ​ច័ន្ទ​។

គួរ​បញ្ជាក់​ថា ​ទីក្រុង​ម៉ារ៉ាវី ​ត្រូវ​បាន​ក្រុម​ភេរវក Maute ​ជា​​បណ្ដាញ​​របស់​ ISIS ចូល​កាន់​កាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៣​ឧសភា ឆ្នាំ ២០១៧ មក។ ​ទោះ​បី​ជា​មាន​ការ​ប្រកាស​ដណ្ដើម​បាន ប៉ុន្តែ​ទីក្រុង​នេះ​ត្រូវ​ស្ថិត​ក្នុង​ច្បាប់​អាជ្ញាសឹក​រហូត​ដល់​ខែ​ធ្នូ ឆ្នាំ ២០១៧៕

ចុចអាន៖

ប្រភព៖ Philstar   ប្រែ​សម្រួល៖ ឡេង ភារុណ