រ៉ូលីន ប្រាប់​តិចនិក​ប្ដូរ​សំឡេង​ងាយ​ៗ

  • 2017-10-20 03:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​បាន​ឃើញ​ពី​ទេព​កោសល្យ​របស់ រ៉ូលីន ទាំង​ការ​សម្ដែង និង​កំប្លែង​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​ស្ទើរ​គ្រប់​ពេល តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ទេពកោសល្យ​ប្ដូរ​សំឡេង​របស់​លោក ជា​ប្រុស​ក៏​បាន ជា​ស្រី​ក៏​បាន ព្រម​ទាំង​អាច​ច្រៀង​ជា​សំឡេង​ស្រី​បាន​យ៉ាង​ពីរោះ។

ដោយ​មាន​ឪពុក​ជា​អ្នក​ច្រៀង​ចម្រៀង​កូរ៉ាល់​ស្រាប់ រូលីន ត្រូវ​បាន​ឪពុក​បង្ហាត់​ពត់​សំឡេង​តាំង​ពី​ក្មេង ហើយ​ដោយ​ក្ដី​ព្យាយាម និង​មាន​ជំនឿ​លើ​ខ្លួន​ឯង​ថា ខ្លួន​ពិត​ជា​អាច​ធ្វើ​បាន លោក​ក៏​ពត់​សំឡេង​បាន​ដូច​បំណង។ តារា​កំប្លែង​រូប​នេះ​បាន​ប្រាប់ Sabay ពី​វិធី​សាស្ត្រ​ប្ដូរ​សំឡេង​ថា ការ​ហ្វឹកហាត់​ប្ដូរ​សំឡេង​មិន​មែន​ជា​រឿង​ងាយ​ទេ តែ​ក៏​មិន​អាច​ថា​ពិបាក​រហូត​ហ្វឹក​ហាត់​មិន​បាន​ដែរ តែ​វា​ត្រូវ​ការ​ការ​ព្យាយាម និង​ផ្ដោត​អារម្មណ៍​ទៅ​លើ​សំឡេង​ដែល​ខ្លួន​ចង់​បាន ហើយ​ព្យាយាម​ពត់​សំឡេង។

៤ចំណុច​វិធីសាស្ត្រ​ហ្វឹកហាត់​ប្ដូរ​សំឡេង​ពី​ប្រុស​ទៅ​ស្រី ពី​ស្រី​ទៅ​ប្រុស របស់​រ៉ូលីន៖

ជំហាន​ដំបូង​ត្រូវ​ប្រមូល​អារម្មណ៍​ឱ្យ​មូល

វិញ្ញាណ​និង​អារម្មណ៍​​ត្រូវ​ផ្ដោត​ទាំង​ស្រុង​ទៅ​លើ​សំឡេង​ដែល​ចង់​បាន

ចាប់​ផ្ដើម​ហ្វឹក​ហាត់​និយាយ​ដោយ​ព្យាយាម​ពត់​សំឡេង​ឱ្យ​ទៅ​រក​សំឡេង​ដែល​ចង់​បាន

ហ្វឹក​ហាត់​រាល់​ថ្ងៃ

លោក​បញ្ជាក់​បន្ថែម​ថា វា​អាច​និយាយ​បាន​ថា លោក​ចេះ​ប្រើ​សំឡេង​នេះ ជា​ទេពកោសល្យ​ដែល​ទេវតា​ប្រទាន​ឱ្យ​ដែរ ព្រោះ​លោក​គ្រាន់​តែ​ហ្វឹក​ហាត់​តាម​វិធី​បែប​នេះ​រាល់​ថ្ងៃ​គឺ​អាច​ប្ដូរ​សំឡេង​បាន​តាម​តែ​ខ្លួន​ចង់​បាន។

“វា​ទាក់​ទង​និង​អារម្មណ៍ វិញ្ញាណ និង​សំឡេង បើ​យើង​ផ្ដោត​ថា​ចង់​បាន​អី គឺ​វា​បាន​ហ្នឹង អ្វី​ក៏​ដោយ​យើង​សុទ្ធតែ​អាច​ហ្វឹកហាត់​បាន​ឱ្យ​តែ​យើង​ព្យាយាម ពី​តូច​បង​ចូល​ចិត្ត​ហ្វឹក​ហាត់​នៅ​មុខ​កញ្ចក់ លេង​ចឹង​ទៅ​ណា បាន​អាច​ប្រើ​សំឡេង​ប្ដូរ​បាន”។

តារា​សម្ដែង​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ដំបូង​តាម​រយៈ​កម្ម​វិធី Miss photo city ហើយ​កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​បន្ទាប់​ពី​បាន​ចូល​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន និង​បាន​សម្ដែង​រឿង និង​លេង​កំប្លែង ជា​ពិសេស​ទេពកោសល្យ​ការ​ប្រើ​សំឡេង​របស់​លោក។

អត្ថបទ៖ ប៉ូ សាគុន

អត្ថបទពេញនិយម