កោះ​ឯកជន​ដាក់​លក់​តម្លៃ ១២៥​លាន​ដុល្លារ ដឹង​ថា​ទេសភាព​អស្ចារ្យ​យ៉ាង​ណា​ទេ?

  • 2017-10-20 03:44:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​ឯកជន​មួយ​ដែល​មាន​ទំហំ​ប្រមាណ​ជាង ១៩​ហិកតារ ស្ថិត​នៅ​តាម​បណ្ដោយ​ឆ្នេរ​នៃ​កោះ Long Island រដ្ឋ​ញីវយ៉ក សហរដ្ឋអាមេរិក ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​មហាសាល ១២៥​លាន​ដុល្លារ ដែល​ជា​ការ​ដាក់​លក់​បន្ត​លើក​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ។ ទោះ​បី​តម្លៃ​ថ្លៃ​មែន​ពិត តែ​បើ​មើល​ពី​ប្រវត្តិសាស្ត្រ និង​សំណង់​នៅ​លើ​កោះ​នេះ ពិត​ជា​មិន​ធម្មតា​ទេ។

ប្រវត្តិ​ដំបូង​​តាំង​ពី​ជិត ១០០​ឆ្នាំ​មុន ពោល​គឺ​នៅ​ឆ្នាំ​១៩១៩ លោក Junius Morgan ដែល​ជា​ចៅ​របស់​លោក  J.P. Morgan បាន​សាងសង់​​វិមាន​ដ៏​ធំ​មួយ​នៅ​លើ​កោះ​នេះ។ បន្ទាប់​មក នៅ​ទសវត្ស​ឆ្នាំ​១៩៤០ លោក Morgan បាន​អនុញ្ញាត​ឲ្យ​មិត្ត​ភក្តិ​ដែល​ជា​អ្នក​មាន​ទ្រព្យ​ដូច​គ្នា សង់​ផ្ទះ​ផ្ទាល់​ខ្លួន​ច្រើន​ខ្នង​ទៀត ដើម្បី​ទុក​សម្រាក​លំហែ។

លោក Junius Morgan និង​ជីតា J.P. Morgan

លោក Morgan បាន​ស្លាប់​ក្នុង​ឆ្នាំ១៩៦០ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ទាំង​នោះ បាន​ធ្លាក់​ទៅ​លើ​ប្រពន្ធ​ជា​អ្នក​កាន់​កាប់​បន្ត។ ក្រោយ​អតីត​ប្រធានាធិបតី​អាមេរិក John F. Kennedy ត្រូវ​គេ​លួច​ធ្វើ​ឃាត​នៅ​ឆ្នាំ​១៩៦៣ ប្រពន្ធ​ប្រធានាធិបតី​រូប​នោះ​ឈ្មោះ Jackie Kennedy បាន​ទៅ​ជួល​ផ្ទះ​មួយ​ស្នាក់​លំហែ​រដូវ​ក្ដៅ ខណៈ​បង​ថ្លៃ  Robert F. Kennedy ជួល​កន្លែង​ស្នាក់​នៅ​ជិត​នោះ​ដែរ។

ក្រោយ​មក នៅ​ទស្សវត្ត​ឆ្នាំ១៩៧០ វិមាន​ដ៏​ស្កឹមស្កៃ​ និង​ដី​ជាង ៧​ហិកតារ ត្រូវ​បាន​លក់​ឲ្យ​លោក  John Samuels ដែល​ល្បី​ថា​ជា​អ្នក​មាន​ចិត្ត​សប្បុរស​ម្នាក់​នៅ​ក្រុង​ញីវយ៉ក។ ប៉ុន្តែ​នៅ​ទស្សវត្ត​ឆ្នាំ​១៩៩០ ជំនួញ​របស់​លោក​បាន​ដួល​ និង​ប្រកាស​ក្ស័យ​ធន ហើយ​ចាប់​ផ្ដើម​លក់​កោះ​នៅ​ឆ្នាំ​១៩៩៣ ក្នុង​តម្លៃ​ដេញ​ថ្លៃ​ទាប​បំផុត​ចាប់​ពី ៥,៧​លាន​ដុល្លារ។ អ្នក​ជំនួញ​អចលនទ្រព្យ Margo Walker បាន​ទិញ​យក​កោះ​នោះ​បន្ត​ក្នុង​ពេល​ដេញ​ថ្លៃ ប៉ុន្តែ​មិន​បង្ហាញ​តម្លៃ​ទេ។

បន្ទាប់​ពី​កាន់​កាប់​អស់​ច្រើន​ឆ្នាំ អ្នក​ជំនួញ​រូប​នេះ បាន​ប្រកាស​ដាក់​លក់​បន្ត​ក្នុង​តម្លៃ​ប្រមាណ ១២៥​លាន​ដុល្លារ។ ទោះ​បី​មាន​ប្រវត្តិ​ជិត ១០០​ឆ្នាំ​ក្ដី​សំណង់​ទាំង​ឡាយ នៅ​តែ​មាន​ភាព​ល្អ​ប្រណីត ជា​ពិសេស​គឺ​វិមាន​ដ៏​ស្កឹមស្កៃ និង​គ្រឿង​តុប​តែង​លម្អ​បែប​បុរាណ​ជា​ច្រើន៕

ចុចអានអត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី