សំបុត្ររបស់ បារ៉ាក់ អូបាម៉ា សរសេរផ្ញើទៅមិត្តស្រី កាលរៀនមហាវិទ្យាល័យ

  • 2017-10-25 07:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំបុត្រ​សរសេរ​ដោយ​ដៃ រវាង​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​អតីត​មិត្ត​ស្រី​ឈ្មោះ Alexandra McNear ដែល​លោក​បាន​ជួប​នៅ​រដ្ឋ California កាល​ជា​និស្សិត​មាន​អាយុ​ខ្ទង់​២០ឆ្នាំ រៀបរាប់​អំពី​សញ្ជាតិ ឋានៈ និង ទ្រព្យសម្បត្តិ ត្រូវ​បាន​បង្ហាញ។

អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា កាល​មាន​អាយុ​ខ្ទង់​២០ឆ្នាំ
អ្នកស្រី Alexandra McNear

សំបុត្រ​មួយ​នេះ​ត្រូវ​បាន​រក្សាទុក នៅ​ក្នុង​បណ្ណាល័យ Rose Library របស់​សកលវិទ្យាល័យ Emory University ក្នុង​ឆ្នាំ២០១៤ និង​ទើបតែ​បាន​បង្ហាញ​នា​ពេល​ថ្មីៗ​នេះ។ វា​ត្រូវ​បាន​សរសេរ​នៅ​ចន្លោះ​ឆ្នាំ ១៩៨២ និង ១៩៨៤ ពោល​គឺ​រយៈពេល ៥ឆ្នាំ មុន​ពេល លោក អូបាម៉ា ណាប់​ជួប​ភរិយា​បច្ចុប្បន្ន គឺ​លោកស្រី Michelle ជា​លើក​ដំបូង​បង្អស់។

ឃ្លា​មួយ​នៅ​ក្នុង​សំបុត្រ អតីត​ប្រធានាធិបតី​អាមេរិក វ័យ ៥៦ឆ្នាំ​រូប​នេះ បាន​សរសេរ​ថា «ខ្ញុំ​ជឿ​ថា អ្នក​ដឹង​ថា​ខ្ញុំ​នឹក​អ្នក​ណាស់ ហើយ​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ចំពោះ​អ្នក គឺ​ធំធេង​ដូច​ខ្យល់​អាកាស ទំនុក​ចិត្ត​របស់​ខ្ញុំ​លើ​អ្នក ជ្រាលជ្រៅ​ប្រៀប​បី​ដូច​ជា​ទឹក​សមុទ្រ​អីចឹង»។

ផ្ទុយទៅវិញ ទំនាក់ទំនង​រវាង​អ្នក​ទាំង ២ មិន​បាន​យូរ​នោះ​ទេ។ នៅ​ឆ្នាំ១៩៨៣ លោក អូបាម៉ា បាន​ប្រាប់​អ្នកស្រី Alexandra ថា «ខ្ញុំ​គិត​ពី​អ្នក​ញឹកញាប់​ណាស់ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​យល់​ច្រឡំ​អំពី​អារម្មណ៍​របស់​ខ្ញុំ។ វា​ហាក់​បី​ដូច​ជា យើង​ចង់​បាន​អ្វី ដែល​យើង​មិន​អាច​មាន... វា​ជា​អ្វី​ដែល​រារាំង​យើង ហើយ​វា​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​គ្នា»។

យ៉ាងណាមិញ នាយក​បណ្ណាល័យ លោក Rosemary Magee បាន​និយាយ​ថា «ពួកគេ​បាន​បង្ហាញ​នូវ​ចំណង់ចំណូលចិត្ត និង​បញ្ហា​ដូចគ្នា ដែល​សិស្ស​របស់​យើង​ប្រឈម​មុខ និង​សិស្ស​នៅ​គ្រប់​ទីកន្លែង​ជួប​ប្រទះ»។

គួរ​បញ្ជាក់​ថា ក្រៅ​ពី​និយាយ​អំពី​ទំនាក់ទំនង​រវាង​អតីត​មិត្ត​ស្រី សំបុត្រ​នោះ​ក៏​បាន​រៀបរាប់​អំពី ខ្សែ​ជីវិត​របស់​លោក អូបាម៉ា បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា និង​ដំណើរ​ក្លាយ​ជា​ប្រធានាធិបតី​វ័យ​ក្មេង​ផង​ដែរ៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី