ផលិត​ករ និង​សិល្ប​ករ​ខ្មែរ​ រឹត​តែ​មាន​ឱកាស​ បើ​ប្រសាសន៍រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មានក្លាយ​ជា​ការ​ពិត​ឆាប់​ៗ​

  • 2017-11-01 02:44:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​ឧត្តម​រដ្ឋ​មន្រ្តី​ ក្រ​សួង​ពត៌​មាន​ លោក​ ខៀវ ​កា​ញារីទ្ធ​ ថ្លែង​ក្នុង​កម្មវិធី​បិទ​មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​កាល​ពី​យប់​ម្សិលមិញ​ថា ក្រសួង​មាន​ផែនការ​បិទ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​លើ​ទូរ​ទស្សន៍ ដែល​មិន​សម្តែង​ដោយ​សិល្បករ​ខ្មែរ​ ឬ​ផលិត​ដោយ​ផលិត​ករ​ខ្មែរ​។

ឯក​ឧត្តម​រដ្ឋ​មន្រ្តី​ ក្រ​សួង​ពត៌​មាន​ លោក​ ខៀវ ​កា​ញារីទ្ធ​

ស្រប​ពេល​បញ្ហា​ពាក់​ព័ន្ធ​ជុំវិញ​វិបតិ្ត​ពន្ធ​ សេច​ក្តី​ថ្លែង​របស់​ឯក​ឧត្តម​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន​ បាន​ធ្វើ​ឲ្យ​ផលិត​ករ​ និង​សិល្បករ​ទាំង​ឡាយ​ស្វាគមន៍​ និង​មាន​សេច​ក្តី​ត្រេ​អរ​ជា​អនេក​។ លើស​ពី​នេះ​ក៏​ស្នើ​ឲ្យ​មាន​ការ​សម្រេច​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ដើម្បី​លើក​ទឹក​ចិត្ត​ និង​ជំរុញស្នាដៃ​ផលិត​ករ​ និង​សិល្បករ​ខ្មែរ​ ប៉ុន្តែ​ក៏​ក្រើន​រំលឹក​ដល់​គុណ​ភាព​ និង​ការ​ចូល​រួម​អនុវត្ត​ពី​ម្ចាស់​ក្រុម​ហ៊ុន​ផង​ដែរ​។

ក្រុមសិល្បករ និងផលិតករខ្មែរ

ផលិត​ករ​ Studio4 និង​ជា​អតីត​ក្រុម​ការងារ​ផលិត​ (Film Crew) រឿង​ «ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» លោក ទូច​ យីម​មុន្នី​ បាន​លើក​ឡើង​ថា​៖ «នេះ​ជា​រឿង​ល្អ​ដែល​រដ្ឋា​ភិបាល​ផ្តើម​គំនិត​ដ៏​ល្អ​បែប​នេះ ​វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ផលិត​ករ​ និង​ Talents (សិល្ប​ករ​) មាន​ឱកាស​ច្រើន​ដើម្បី​បង្ហាញ​សមត្ថ​ភាព​ និង​កាន់​តែ​មាន​បទ​ពិសោធន៍​ថែម​ទៀត​»។

បើ​តាម​ការ​អង្កេត​ឃើញ​របស់​លោក​ បច្ចុប្បន្ន​ផលិត​ករ​ខ្មែរ​ក៏មាន​សមត្ថភាព​ ព្រម​ជាមួយ​បច្ចេក​ទេស​កាន់​តែ​ប្រសើរ​ ហើយ​សិល្បករ​ខ្មែរ​ក៏​មាន​សមត្ថភាព​ខ្ពស់​ៗ​ផង​ដែរ​។ បន្ថែម​ពី​នេះ​លោក​ថា​៖ «​យើង​ក៏​ត្រូវ​រៀន​សូត្រ​បន្ថែម​លើ​ការ​ផលិត​ស្ប៉តពាណិជ្ជ​កម្ម​ឲ្យ​កាន់​តែ​ល្អ​ជាង​បណ្តាប្រទេស​ជិត​ខាង​យើង​ ដូច​ជា​ថៃ​ ឬ​ម៉ាឡេស៊ី​ជា​ដើម​ ហើយ​ខាង​ក្រុម​ហ៊ុន​ក៏​គួរ​រួម​សហការជ្រើស​រើស​ផលិត​ករ​ខ្មែរ​ និង​ Talents ខ្មែរ​យើង​ផង​ដែរ​»។

លោក ទូច យីមមុន្នី​ ជាមួយក្រុមការងារ

សម្រាប់​លោក​ ជុំ​ សុភា​ ផលិត​ករ​ ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ ថត​ស្ប៉តពាណិជ្ជ​កម្ម​ដែល​មាន​ការ​ចូល​រួម​ពី​បរទេស​ ក្នុង​តម្លៃ​ចាប់​ពី​ ១ម៉ឺន​ដុល្លា​កន្លះ​ រហូត​ដល់​ ៦ម៉ឺន​ដុល្លា​ ក៏សាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន​ដែរ ប៉ុន្តែលោកពន្យល់​ថា ​ដោយ​សារ​យើង​អត់​មាន​សាលា​បណ្តុះ​បណ្តាល​លើ​ការ​សម្តែង​ ឬ​ផលិត​ស្ប៉តពាណិជ្ជ​កម្ម ដូច​បរទេស​នោះ​ទេ​ ហេតុ​ដូច​នេះ​ផលិត​ផល​វីដេអូរបស់​យើង​ នៅ​មាន​កម្រិត​ច្រើន​ ដែល​ក្រុម​ហ៊ុន​ភាព​ច្រើន​គ្មាន​ជម្រើស​ត្រូវ​តែ​យក​បរទេស​មក​ផលិត​ ឬ​សម្តែង​សម្រាប់​បង្ហាញ​ពី​ផលិត​ផល​របស់​គេ​។

លោក ជុំ សុភា​ (រូបខាងស្តាំ)

លោក​ ជុំ​ សុភា​ ផលិត​ករ​វ័យ​ ២៦​ឆ្នាំ​ដដែល​លើក​ឡើង​ថា៖ «បើ​យក​ល្អ​គួរ​តែ​កំណត់​ចំនួន​ការ​ចូល​រួម​របស់​បរទេស​ ៣០% ខ្មែរ​៧០% វិញ​ ដើម្បី​យើង​មាន​ឱកាស​រៀន​សូត្រ​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​វិញ​ល្អ​ជាង​»។ លោកថា​ ផលិត​ករ​ និង​តារា​សម្តែង​បរទេស​ ហេតុ​តែ​គេ​មាន​ប្រៀប​ជាង​យើង​ ព្រោះ​គេ​មាន​សាលា​បណ្តុះ​បណ្តាល​ជំនាញសម្តែង​ និង​បច្ចេក​ទេស​ផលិត​ត្រឹម​ត្រូវ​ ហើយ​គេ​ក៏​មាន​បទ​ពិសោធន៍​ជាង​យើង​ដែរ​ ដូច​នេះ​យើង​ជា​ផលិត​ករ​ ឬ​សិល្បករ​គួរ​តែ​រៀន​សូត្រ​បន្ថែម​ពី​គេ​ជា​ជាង​រុញ​គេ​ចេញ​ភ្លាមៗ​។

លោក ជុំ សុភា ជាមួយក្រុមការងារ

សម្រាប់​តារា​សម្ដែង​ និង​បង្ហាញ​ម៉ូដ​​ កញ្ញា​ ទឹម រដ្ឋា​ វិញ​បាន​លើក​ឡើង​ថា​ នាង​ពិត​ជា​គាំ​ទ្រ​​យ៉ាង​ខ្លាំង​នូវ​​ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន​ ដែល​មិន​អនុញ្ញាត​​ឲ្យ​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​​ណា​មាន​តារា​បរទេស​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ ដោយ​ជំនួស​មក​វិញ​​​ជាមួយ​សិល្បករ​ខ្មែរ​​។

នាងថា៖​" ​ចំពោះ​ចំណាត់​ការ​នេះ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សិល្បករ​ខ្មែរ​រក​ចំណូល​បាន​បន្ថែម​ទៀត​នោះ​ទេ​។ អ្វី​ដែល​ពិសេស​ជាង​នេះ​អាច​ជួយ​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ដ៏​ស្រស់​ផូរផង់​របស់​ខ្មែរ​បាន​មួយ​កម្រិត​ទៀត​ ព្រោះ​សមត្ថភាព​ និង​រូប​សម្រស់​តួ​ខ្មែរ​សព្វថ្ងៃ​មិន​ចាញ់​បរទេស​ប៉ុន្មាន​ឡើយ​"៕​​

ចុចអាន

-យី កក្កដា សិល្ប​ករ​ពហុ​ជំនាញ ចេះគូរគំនូរ២ផ្ទាំងក្នុងពេលតែមួយ មាន​ប្រវត្តិ​កំសត់​នឹក​ស្មានមិនដល់​

-សិល្បករ​ចាប់​ផ្ដើម​បារម្ភខ្លាំង ក្រោយ​ផលិតករ​ចង់​បិទ​ទ្វារ​ផលិតកម្ម​

-ថត​រឿង​ឲ្យ​តារា​ហូលីវូដ ទេព រិន្ទដារ៉ូ ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​មិន​ធម្មតា​

អត្ថបទ៖ Sunny

អត្ថបទថ្មី