ចាន់ រតនា រំពឹង​ចូល​វាយ​ MMA ជាថ្មី​ចុង​ឆ្នាំ​នេះ ក្នុង​ទ្រុង ONE Championship

  • 2017-11-01 05:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រដាល់​ក្បាច់​គុន​ចម្រុះ ចាន់ រតនា​ បាន​អះអាង​ប្រាប់ Sabay ថាខ្លួន​រំពឹង​​ទទួល​បាន​កុងត្រា​ថ្មី​ពី​ស្ថាប័ន​ MMA ដ៏​ធំ​បំផុត​នៅ​អាស៊ី 'ONE Championship' នា​ពេល​ឆាប់ៗ​ខាងមុខ។

រតនា បញ្ជាក់ថា នៅ​ពេល​បាន​កុងត្រា រូប​គេ​នឹង​អាច​ឡើង​ប្រកួត​ជា​ថ្មី ដែល​ការ​ប្រកួត​នោះ ទំនង​ជា​អាច​កើត​ឡើង​​នៅ​ក្នុង​ខែ​ធ្នូ ចុង​ឆ្នាំ២០១៧ នេះ។ យ៉ាងណាក្ដី ​អ្វីៗ​នៅ​មិន​ទាន់​ផ្លូវការ​នៅ​ឡើយ​ទេ ត្រូវ​​​នៅ​រង់ចាំ​ខាង ONE Championship។

គួរ​រំលឹក​ផង​ដែរថា ប្រកួត​ចុងក្រោយ​របស់ ចាន់ រតនា នៅ​ក្នុង​ទ្រុង​ ONE Championship គឺ​ចាញ់​កីឡាករ​ចិន Xie Bin កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧។ ចាប់​តាំង​ពី​ពេល​នោះ​មក រតនា បាន​ងាក​ទៅ​ផ្ដោត​លើ​ការ​ប្រកួត​គុន​ខ្មែរ​ក្នុង​សង្វៀន​ទូរទស្សន៍​ក្នុង​​ស្រុក ដោយ​ទទួល​បាន​ជ័យជម្នះ​​ជា​បន្ត​បន្ទាប់។

ចាន់ រតនា ក្នុងការ​ប្រកួត MMA ក្នុង​ទ្រុង ONE Championship នា​ពេល​កន្លង​មក

លទ្ធផល​កន្លងមក​របស់​ ចាន់ រតនា ​នៅ​ក្នុង​ទ្រុង ONE Championship គឺ​ឈ្នះ ៣ដង និង​ចាញ់ ៣ដង ពោល​គឺ​ឈ្នះ​កីឡាករ​រួម​ជាតិ​ ប្រាក់ ចាន់ស៊ីន (ឆ្នាំ២០១៤) ចាញ់​កីឡាករ​កម្ពុជា​ម្នាក់​ទៀត គឺ សំអាង ឌុន (ឆ្នាំ​២០១៤) ឈ្នះ​កីឡាករ​ហ្វីលីពីន Ramon Gonzales (ឆ្នាំ​២០១៥) ​ឈ្នះ​កីឡាករ​សំអាង ឌុន (ប្រកួត​សងសឹក ឆ្នាំ​២០១៥) ចាញ់​កីឡាករ​ចិន Haobin Ma (ឆ្នាំ​២០១៦) និង​ចាញ់​កីឡាករ​ចិន​មួយ​រូប​ទៀត គឺ Xie Bin កាលពី​ខែ​មេសា ឆ្នាំ​២០១៧៕

អត្ថបទ៖ សុខ សុវត្ថិ