រឿងទាហានថៃជាន់មីន​ មិនទាន់ស្ងប់​ ថ្ងៃនេះ​ កម្ពុជា​បង្ហាញខ្លឹមសារអនុញ្ញាមីនអន្ដរជាតិ​អូតាវ៉ា​​ ច្បាស់ៗ

  • 2025-07-21 07:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ តាម​រយៈមជ្ឃមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា​ បាន​បញ្ជាក់​ជាថ្មីនៅថ្ងៃទី២១​ ខែកក្កដា​ ថា​​ កម្ពជាជារដ្ឋភាគី​​​ នៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា​ ហើយ​បាន​ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តអនុសញ្ញានេះ​ ប្រកបដោយជោគទាំងឆាកជាតិ​​ និងអន្តរជាតិទាំងមុន និងក្រោយក្លាយខ្លួនជាសមាជិកពេញសិទ្ធក្នុងឆ្នាំ២០០០។

ការបញ្ជាក់​នេះ​​ ធ្វើ​ឡើង​ក្នុងន័យឆ្លើយតប​ទៅ​ភាគីថៃ​ ដែល​បាន​ចោទ​ និងទម្លាក់កំហុស​លើកម្ពុជាជុំវិញ​ករណីគ្រោះថ្នាក់ដោយគ្រាប់មីន​ បណ្ដាល​ឲ្យ​ទាហាន​ថៃម្នាក់ដាច់ជើង​ម្ខាង និង​២នាក់​ទៀតរបួសស្រាល​​ កាលពីពេលថ្មីៗ។​ ក្រោយ​គ្រោះថ្នាក់​ កាសែតថៃនៅបន្ដចុះផ្សាយដោយស្រង់សម្ដីយោធាថៃ​ថា​ គ្រាប់មីនដែលបង្ករគ្រោះថ្នាក់នោះ​ គឺជាគ្រប់មីនថ្មី​ កប់ដោយទាហានខ្មែរ ហើយគ្រោងប្ដឹងករណីនេះ​ទៅUN ​ទៀតផង។

ជុំវិញ​បញ្ហា​នេះ​ អគ្គនាយក​ នៃមជ្ឃមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា​ លោក​ ហេង​ រតនា​ បញ្ជាក់ជា​ បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ​​​។​ ជាមួយគ្នា​នេះលោក​ក៏បង្ហាញខ្លឹមសារសង្ខេប​​​ នៃមាត្រា៥​ របស់អនុសញ្ញាមីនអន្តរជាតិអូតាវ៉ា​​ ដូចខាងក្រោម៖

១.​ រដ្ឋភាគីនីមួយៗមានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សនៅក្នុងទីតាំងមានមីនស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រង់របស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែមិនឲ្យលើសរយៈពេល​​ ១០ឆ្នាំបន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។

២.​ រដ្ឋភាគីនីមួយៗត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថាមានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស។​​ ត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយផ្សេងទៀតនៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិលពីការគ្រោះថ្នាក់ដោយសារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះត្រូវបានកម្ទេចចោល។

ជាក់ស្ដែង​ បើលោក​ ហេង​ រតនា​ គ្រប់ភាគីជម្លោះបានប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្សប្រមាណ៤-​៦លានគ្រាប់​ ហេីយគិតមកដល់ពេលនេះកម្ពុជាបានបោសសម្អាត​​ និងកម្ទេចចោលជាង ១លាន ២សែនគ្រាប់​។ ក្នុងនោះមានភាគច្រេីនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស​សម្រាប់បម្រេីសុខសុវត្ថិភាពប្រជាពលរដ្ឋ​​ និងអភិឌ្ឍប្រទេសឡេីងវិញ។

គិតមកដល់ពេលនេះ​ កម្ពុជា​បានបោសសម្អាត និងកម្ទចចោលទាំងគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាង ៤លាន ៤៦មុឺនគ្រាប់៕

អត្ថបទ៖ សំណាង