តារា​កំពូលៗ​បង្ហាញ​មុខ​​លើ​គ្រប​ប្រលោម​លោក​ស៊ើប​អង្កេត​ប្រចាំ​ឆ្នាំ

  • 2017-11-01 07:50:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ជួរ​មុខ​ប្រទេស​កម្ពុជា​ជា​ច្រើន​រូប រួម​មាន​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន លោក ទេព រិន្ទដារ៉ូ ម៉េង ប៊ុនឡូ លឹម រដ្ឋា ជាដើម បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​លើ​គ្រប​ប្រលោម​លោក​ថ្មី​សន្លាង​របស់ Sabay គឺ​រឿង «គម្រោង​ការ​សម្ងាត់ ២០៣៥»។

នេះ​ជា​ខ្សែ​រឿង​ស៊ើប​អង្កេត​ទី៤ របស់«សុភាប្រុស»ដែល​ជា​ឈ្មោះ​សម្រាប់​ប្រើ​ក្នុង​រឿង​ស៊ើប​អង្កេត​របស់​អ្នកនិពន្ធ ម៉ីសន សុធារី។

ទាក់​ទង​នឹង​មូលហេតុ​នៃ​ការ​បង្ហាញ​មុខ​លើ​គ្រប​ប្រលោម​លោក ជា​លើក​ទី១ នេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាន​ឲ្យ​ដឹង​ថា ទី១ ដោយសារ​សាច់​រឿង​ប្រលោម​លោក​ថ្មី​នេះ​ល្អ ទាក់​ទាញ​ចំណាប់​អារម្មណ៍  រីឯទី២ គឺវា​ជា​ស្នាដៃ​អ្នកនិពន្ធល្បី។ «និយាយ​ទៅ​នេះ​ជា​លើក​ទីមួយ​សម្រាប់​ខ្ញុំ​ដែល​មក​ថត​គម្រប​ប្រលោម​លោក!»នាង​និយាយ​ទំាងញញឹម។

ត្បិត​តែ​ថត​ឲ្យ​គ្រប​ប្រលោម​ជា​លើក​ដំបូង​ក៏​ពិត​មែន តែ​ពិធីការិនី​រូប​ស្រស់​បាន​បង្ហាញ​នូវ​ការ​ជឿ​ជាក់​ថា រឿង «គម្រោង​ការ​សម្ងាត់ ឆ្នាំ២០៣៥» នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រិយមិត្ត​អ្នក​អាន ព្រោះ​អ្នក​និពន្ធ​រឿង​នេះ​មាន​ស្នាដៃ​លេច​ធ្លោ​ច្រើន​រឿងមក​ហើយ ពិសេស​រឿង «ស្រទន់​មន្ត​ស្នេហ៍»។   ហេតុផល​ស្រដៀង​គ្នា​នេះ​ដែរ​តារា​សម្តែង​ជើង​ចាស់ ដែល​មាន​ទីផ្សារ​មិនដាច់ ទេព រិន្ទដារ៉ូ  ថា លោក​ជឿ​ជាក់​លើ​ស្នាដៃ​របស់​អ្នក​និពន្ធ ម៉ីសន សុធារី និង​ប្រលោម​លោក Sabay ដែល​មាន​ប្រិយមិត្ត​គាំទ្រ​រាប់​លាន​នាក់ ដូច្នេះ​ហើយ​ទៅ​កំណាញ់​នឹង​បង្ហាញ​ខ្លួន​លើ​គ្រប​ប្រលោម​លោក​ធ្វើ​អ្វី?

ដោយ​ស្តែង​ជា​តួ​អង្គ​ឧត្តម​សេនីយ ក្នុង​រឿង  «គម្រោង​ការ​សម្ងាត់ ២០៣៥» លោកថា ​ពិតជា​សប្បាយ​ចិត្ត​ដែល​បាន​បង្ហាញមុខ​លើ​គ្រប​ប្រលោម​ជា​លើក​ដំបូង ហើយ​លោក​រីក​រាយ​នឹង​សម្តែង​ជា​តួ​អង្គ​ពិត ប្រសិន​បើ​រឿង​នេះ​ថត​ជា​ភាពយន្ត​នៅ​ថ្ងៃ​អនាគត។   ក្នុង​សាច់​រឿង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គឺ​ជា​កូន​ស្រី​របស់​លោក ទេព រិន្ទដារ៉ូ ដែល​មាន​ឋានៈ​ជា​ឧត្តម​សេនីយ ឈ្មោះ អមរាដា។ លោក​ឪពុក​ជា​ឧត្តម​សេនីយ​រូប​នេះ​ត្រូវ​ដោះស្រាយ​រឿង​ក្តី​ដ៏​ស្មុគ​ស្មាញ​សម្រាប់​ក្រុម​ប៉ូលិស គឺ​ជា​ការ​បាត់​ខ្លួន​របស់​កូន​ស្រី​ត្រកូល​អភិជន​បន្ត​បន្ទាប់​គ្នា។   «គម្រោង​ការ​សម្ងាត់ ២០៣៥» គឺ​ជា​ប្រលោម​លោក​បែប​ស៊ើប​អង្កេត​ដ៏​សម្រិត​សម្រាំង ដែល​អ្នក​និពន្ធ ម៉ីសន សុធារី បាន​សន្យា​តាំង​ពី​ឆ្នាំ២០១៤ បន្ទាប់​ពីរឿង «សំណុំឯកសារ Z22»។ តាម​គម្រោង រឿង​នេះ ប្រលោម​លោក Sabay នឹង​ចេញ​ផ្សាយ​នៅ​ដើម​ឆ្នាំ ២០១៨ ខាងមុខ​នេះ ដើម្បី​ជា​ចំណី​អារម្មណ៍​ឆ្នាំ​ថ្មី សម្រាប់​ប្រិយមិត្ត​ប្រលោម​លោក Sabay ទាំង​អស់។

អ្នកស្រី អ៊ុច ថាវី អ្នក​គ្រប់​គ្រង​គម្រោង​ប្រលោម​លោក​Sabayបញ្ជាក់​ថា​នេះ​ជា​ស្នាដៃ​ដ៏​ល្អ​ទុក​ជា​អំណោយ​ឆ្នាំថ្មី​ដល់​អ្នក​គាំទ្រ​ទំាងអស់​ដែល​បាន​រង់ចាំ​យ៉ាង​អន្ទះសារ។ អ្នកស្រី ម៉ីសន​ សុធារី ជា​អ្នក​និពន្ធ​ដ៏​មាន​ស្នាដៃ មិន​ថា​ប្រលោមលោក ភាពយន្ត ល្ខោន​ទូរទស្សន៍ ឬវិទ្យុ។ អ្នកស្រី​មាន​ប៉ាកានាមថា «សុភា​ប្រុស»សម្រាប់​បណ្តា​រឿង​ស៊ើប​អង្កេត​ជ្រាល​ជ្រៅ និង​ប៉ាកានាម«ពេជ្របណ្ឌិត»សម្រាប់​រឿង​មន្តគមអូមអាម៕      

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម