យឹង យន តំណាងសិល្បករខ្មែរ ចូលរួមមហោស្រពតន្រ្តីអន្តរជាតិនៅសិង្ហបុរី
- 2017-11-08 09:03:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យឹង យន តំណាងសិល្បករខ្មែរ ចូលរួមមហោស្រពតន្រ្តីអន្តរជាតិនៅសិង្ហបុរី
ចន្លោះមិនឃើញ
BREVE ជាមហោស្រពតន្រ្តីដ៏ធំមួយ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅប្រទេសសិង្ហបុរី ក្នុងនោះមានបណ្តាប្រទេសក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ និងពីសហរដ្ឋអាមេរិក មកចូលរួមដើម្បីប្រគំតន្រ្តីចម្រុះជាតិសាសន៍ លើឆាកអន្តរជាតិដ៏ធំនេះ។
លោក យឹង យន គឺជាសិល្បករតែម្នាក់ពីកម្ពុជា ដែលត្រូវបានអញ្ជើញជាកិត្តិយសចូលរួមក្នុងមហោស្រពដែលមានរយៈពេល១២ថ្ងៃនេះ។ តារាចម្រៀងរូបនេះបានឆ្លៀតពេលប្រាប់ Sabay ឱ្យបានដឹងមុនឡើងយន្តហោះធ្វើដំណើរទៅប្រទេស សិង្ហបុរី ថា ៖ «មហោស្រពនេះដូចថាយើងសម្តែងសិល្បៈតំណាងប្រទេសយើង ហើយដែលពិសេសនោះ គេនឹងរៀបចំឱ្យយើងច្រៀងជាមួយគ្នា ដូចថាយើងចេះហ្គីតាអីចឹង យើងលេងហ្គីតា ហើយគេលេងឧបករណ៍របស់គេអ៊ីចឹងទៅណា។»
សិល្បកររូបនេះ ក៏បានបញ្ជាក់ទៀតថា ខ្លួននឹងត្រៀមយកទ្រខ្មែរទៅសម្តែង និងរៀបចំចម្រៀងខ្មែរយើង ទាំងបុរាណ និងសម័យ តាមការស្នើរបស់អ្នករៀបចំកម្មវិធី តែអ្វីដែលសំខាន់លើសពីនេះ គឺ លោក យឹង យន នឹងមានឱកាសច្រៀងចម្រៀងជាភាសាខ្មែរ និងផ្សព្វផ្សាយពីវប្បធម៌ខ្មែរលើឆាកអន្តរជាតិមហោស្រព BREVE នេះ តំណាងឲ្យកម្ពុជា។
ក្រៅតែពីបង្ហាញស្នាដៃសិល្បៈ ចម្រៀង និងឧបករណ៍ភ្លេងខ្មែរ នេះក៏ជាការកសាងទំនាក់ទំនងកាទូតតាមរយៈបទចម្រៀង និងជាពិព័រណ៍ស្នាដៃសិល្បៈ ដែលជាគោលបំណងដ៏ធំបំផុតរបស់មហោស្រព BREVE នេះ។
ចុចអាន
-របាំខ្មែរមួយប្រភេទដែលបរទេសស្គាល់ច្រើន និងសរសើរមិនដាច់ពីមាត់
-ឱកាសពិសេស ជួបជាមួយតួកាចឆ្នាស និងស្លូតបូតគួរឲ្យស្រលាញ់ សម័យសង្គមរាស្ត្រនិយម