គ្រាន់តែរាំរបាំបុរាណម្ដងតែងខ្លួនយូរដល់ម្ល៉ឹង
- 2017-11-14 01:44:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែរាំរបាំបុរាណម្ដងតែងខ្លួនយូរដល់ម្ល៉ឹង
ចន្លោះមិនឃើញ
លោកអ្នកធ្លាប់តែឃើញការសម្ដែងរបាំបុរាណតាមពិធីបុណ្យជាតិ និងនៅក្នុងការសម្ដែងផ្សេងៗ ពេលខ្លះរាំតែ ២០ ឬ ៣០ នាទីតែប៉ុណ្ណោះ ប៉ុន្តែត្រូវចំណាយពេលតែងខ្លួនដល់ទៅរាប់ម៉ោងឯណោះ។
ប្រធានការិយាល័យផ្នែករបាំអ្នកស្រី រស់ យ៉ារ៉ាន់ បានប្រាប់ Sabay ថា ការតុបតែងខ្លួនមុនសម្ដែងម្ដងៗ ត្រូវការពេល យ៉ាងហោចណាស់មួយម៉ោង បើអ្នកតុបតែងផាត់ឱ្យតែតួម្នាក់។ អ្នកស្រីបញ្ជាក់ថា ការផាត់មុខនិងតុបតែងមុខក្ដីមិនមែនសំខាន់មួយម៉ោងឬពីម៉ោងនោះទេ តែសំខាន់ ថាអ្នកតុបតែងនោះទំនេរឬរវល់។ បើសិនខាងសំអាងផាត់មុខនិងតុបតែងឱ្យតួតែម្នាក់ត្រូវការពេលប្រហែល៤៥នាទី នេះនិយាយពីតួស្រី ប៉ុន្តែបើតួនាយរង(តួប្រុស) វិញ ត្រូវការពេលប្រមាណ១ម៉ោង ឬលើសនេះ ព្រោះតួប្រុសត្រូវការដេរសម្លៀកបំពាក់ច្រើនកន្លែង។
ចំណុចដេរសម្លៀកបំពាក់នេះដែរ បើតាមគ្រូបង្វឹករបាំរូបនេះ បានឱ្យដឹងថា គ្រប់តួអង្គត្រូវដេរសម្លៀកទាំងអស់ ដើម្បីឱ្យចេញរៀងស្អាត ចំណុចនេះប្រទេសជិតខាងដែលមានវប្បធម៌ស្រដៀងនឹងកម្ពុជាក៏រៀនតាមកម្ពុជាដែរ ព្រោះគេឃើញចំណុចល្អពីការដេរនោះ។
“រឿងដេរនេះ ដោយសារតែសម្លៀកបំពាក់របាំ និងគ្រឿងអលង្ការហ្នឹងវាថ្លៃណាស់ ដូច្នេះបើកាត់តម្រូវតែម្នាក់ៗមិនកើតទេ អីចឹងអ្នករបាំមានធាត់មានស្គម បានយើងត្រូវដេរ មួយទៀតការដេរនេះដើម្បីឱ្យរឹបរាងមើលទៅឃើញស្អាត។ បរទេសច្រើនណាស់គេឆ្ងល់ថា ហេតុអ្វីចាំបាច់ដេរឱ្យលំបាក មិនកាច់ឱ្យត្រូវរាងទៅ តែដល់គេដឹងពីចំណុចល្អរបស់វា គេក៏មិនហ៊ានតិចតៀនយើង។
ការតុបតែងមួយចំនួនដែលត្រូវប្រើរយៈពេលយូរ៖
គ្រាន់តែផាត់មុខប្រមាណកន្លះម៉ោងសម្រាប់តួម្នាក់ (អ្នកជំនាញ) ធ្វើម៉ូដសក់ ឬបួងសក់ប្រមាណ១០ទៅ១៥នាទី (មិនទៀតអាស្រ័យអ្នកជំនាញ) ស្លៀកពាក់ប្រមាណកន្លះម៉ោង ឬលើសពីនេះ បូកទាំងការដេរសម្លៀកបំពាក់ឱ្យចេញជារៀង (សម្រាប់អ្នកជំនាញ) ការស្លៀកពាក់ឱ្យតួនាយរង(តួប្រុស) យូរជាងតួនាង(តួស្រី) ព្រោះត្រូវដេរសម្លៀកបំពាក់ច្រើនកន្លែង។ ពាក់មកុដរួមទាំងកងជើងកងដៃប្រមាណ ១០ទៅ១៥នាទី (មិនទៀងអាស្រ័យអ្នកជំនាញ)
សូមបញ្ជាក់ថា រយៈពេលគិតជាម៉ោងនេះ មិនអាចនិយាយបានឱ្យជាក់លាក់នោះឡើយ ព្រោះអាស្រ័យលើអ្នកជំនាញតុបតែង និងពេលវេលា។ ការរៀបរាប់ខាងលើសំដៅទៅលើអ្នកតុបតែងម្នាក់តួម្នាក់ តែបើមានជាងតិច តួច្រើនត្រូវចំណាយពេលចាំយូរទៅតាមហ្នឹង។
ចុចអាន៖
របាំខ្មែរមួយប្រភេទដែលបរទេសស្គាល់ច្រើន និងសរសើរមិនដាច់ពីមាត់ មិនធម្មតាទេកុមារីកូនកាត់ ខ្មែរ-អង់គ្លេស ចូលរៀនរបាំបាន២ខែ តែមានទេពកោសល្យខ្ពស់ មកស្គាល់អ្នករាំរបាំព្រះរាជទ្រព្យជួរមុខ៥រូប ក្នុងសម័យសង្គមរាស្ត្រនិយម