​រឿង​បញ្ចាំង​​ថ្ងៃ​បើក​មហោស្រព​ភាព​យន្ត​ជប៉ុន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​នឹក​ដល់​អតីតកាល

  • 2017-11-09 07:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ជប៉ុន ដែល​បាន​ដាក់​បញ្ចាំង​ក្នុង​ថ្ងៃ​បើក​មហោស្រពភាពយន្ត​​ជប៉ុន កាល​ពី​ម្សិល​មិញ​​ត្រូវ​បាន​ជម្រើស​រឿង​មួយ​​ដែល​ល្អ​បំផុត​ក្នុង​ចំណោម​រឿង​ទាំង១២ ដែល​មហោស្រព​នេះ ត្រៀម​ដាក់​បញ្ចាំង​ឱ្យ​សាធារណៈ​ជន​បាន​ទស្សនា។ រឿង​មួយ​នេះ បាន​បង្ហាញ​អំពី​ជីវិត​ស្ត្រី​ម្នាក់ តស៊ូ​ជម្នះ​នឹង​ភ្លើង​សង្គ្រាម​រហូត​សង្គ្រាម​ត្រូវ​បាន​បញ្ចប់។

ខ្សែ​ភាពយន្ត​ដែល​បាន​ជ្រើស​យក​មក​ដាក់​បញ្ចាំង​ក្នុង​ថ្ងៃ​បើក​មហោស្រព​ជប៉ុន​នេះ មាន​ចំណង​ជើង​ថា "In this Corner of the World” (ជ្រុង​មួយ​នៃ​ពិភពលោក) ជា​ប្រភេទ​ភាពយន្ត​គំនូរ​ជីវចល ដែល​ផលិត​ដោយ​លោក Sunao Katabuchi។ រឿង​នេះ​បាន​និយាយ​ពី​សង្គ្រាម​ក្នុង​តំបន់​មួយ នៃ​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៤៤ និង​បាន​និយាយ​ពី​ជីវិត​ស្ត្រី​ម្នាក់ ដែល​ហែល​ឆ្លង​សម័យ​សង្គ្រាម​ដោយ​អត់​ធ្មត់។នាង​​បាន​រងគ្រោះ​ជា​ច្រើន​លើក​ច្រើន​សា ពី​ការ​ប្រកាស​អាសន្ន។ ​អ្វី​ដែល​នាង​ស្រលាញ់​ហួង​ហែង​ត្រូវ​បាន​បាត់​បង។ ​ទោះ​ជា​យ៉ាង​ណា នាង​នៅ​តែ​ជម្នះ​បាន​នូវ​រាល់​ឧបសគ្គ ដោយ​ភាព​វៃ​ឆ្លាត​របស់​នាង។

ឯកឧត្ដម សោម សុគន្ធ រដ្ឋ​លេខា​ធិកា​ ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា មហោស្រព​ភាពយន្ត​ជប៉ុន​នេះ បាន​បង្ហាញ​ពី​ទំនាក់​ទំនង​ដ៏​ល្អ​រវាង​​​កម្ពុជា និង​​​ជប៉ុន។ មហោស្រព​នេះ​នឹង​បង្ហាញ​អំពី​ជីវភាព​រស់​នៅ និង​វប្បធម៌​របស់​ប្រជាជន​ជប៉ុន។ លើស​ពី​នេះ មហោស្រព​នេះ ផ្ដល់​ឱកាស​ឱ្យ​ផលិតករ​ខ្មែរ​បាន​ស្វែង​យល់​បន្ថែម​ពី​បទ​ពិសោធ និង​បច្ចេកទេស ផលិត​ភាពយន្ត​ប្រកប​ដោយ​គុណភាព។ បន្ថែម​ពី​នោះ​បាន​សិក្សា​ពី​បទ​ពិសោធ​​ក្នុង​ការ​ស្វែង​រក​មូលនិធិ​ដើម្បី​ផលិត​ភាពយន្ត។

“វិស័យ​ភាព​យន្ត​មាន​សារសំខាន់​ណាស់ សម្រាប់​ផ្សព្វផ្សាយ​ពី​វប្បធម៌​នៃ​ប្រទេស​នីមួយ​ៗ។ ​នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ផលិតករ​ខ្មែរ បាន​សិក្សា​បន្ថែម​ពី​ការ​រៀបចំ​អត្ថបទ​កុន​ឱ្យ​បាន​ល្អ​និង​បច្ចេក​ទេស​មួយ​ចំនួន​ទៀត”។

មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី៨ ម្សិល​មិញ​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​សាល​មហោស្រព​ចតុមុខ ដោយ​មាន​ការ​យាង​ចូល​រួម​ពី​សម្ដេច​ព្រះ​រាម​បុប្ផាទេវី ឯកឧត្តម​​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ខៀវ កញារីទ្ធ ឯកឧត្ដម សោម សុគន្ធ រដ្ឋ​លេខា​ធិកា​ ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ ឯក​អគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា ផលិតករ​ភាព​យន្ត​ជប៉ុន តំណាង​ក្រសួង ស្ថាប័ន និង​ភ្ញៀវ​ជា​ច្រើន​រូប​ទៀត​ចូល​រួម៕

ចុចអាន៖

ឱកាស​ល្អ​សម្រាប់​ផលិតករ​ខ្មែរ​ស្វែង​យល់​បទ​ពិសោធន៍​ពី​ផលិតករ​ភាពយន្ត​បរទេសល្បីៗ ភាពយន្ត​ខ្មែរ ៦រឿង​ កំពុងប្រកួត​យក​លេខ​១​ភាពយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៧

អត្ថបទ៖ ប៉ូ សាគុន

អត្ថបទថ្មី