មិន​មែន​លំៗ​ទេ! ប៊ី សុធារី ទទួល​បាន​ការ​ហ្វឹកហាត់​​លំដាប់​អន្តរជាតិ​មុន​ចេញ​ទៅ​ប្រកួត

  • 2017-11-10 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ចេញ​ទៅ​ដណ្ដើម​មកុដ​ Miss Universe​​​ 2017 កញ្ញា​ឯក​កម្ពុជា​ឆ្នាំ​២០១៦ ប៊ី សុធារី បាន​ហ្វឹកហាត់​យ៉ាង​យ៉ាងច្រើន​ជាមួយស្ថាប័ន​នានា​ក្នុង​ស្រុក ថែម​ទាំង​ចេញ​​ទៅ​ដុះ​ខាត់​បន្ថែម​នៅ​ក្រៅ​ប្រទេស​ទៀត។​​

បវរកញ្ញា​ចក្រវាល​តំណាង​​កម្ពុជា​ដំបូង​បង្អស់ ប៊ី សុធារី បាន​ចាក​ចេញ​ពី​មាតុ​ប្រទេស​កាល​ពី​យប់​មិញ​នេះ ដើម្បី​​ឆ្ពោះ​ទៅ​បំពេញ​បេសកកម្ម​​ប្រឡង​កម្មវិធី​ប្រកួត​សម្រស់​ធំជាង​គេ​លំដាប់​ថ្នាក់​​ពិភពលោក ដែល​ប្រព្រឹត្ត​ឡើង​នៅ​ទី​ក្រុង Las Vegas សហរដ្ឋអាមេរិក។​​​

ជា​មួយ​ស្នាម​ញញឹម​ដ៏​ស្រស់​សោភា សុធារី ​និយាយ​​ថា ​នាង​បាន​​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​កម្មវិធី​នេះ។ "មិន​មែន​ទើប​តែ​ពេល​នេះ​ទេ ខ្ញុំ​បាន​ត្រៀម​ខ្លួន​​តាំង​ពី​ខ្ញុំ​ជាប់​ជាកញ្ញា​ឯក​កម្ពុជា​ឆ្នាំ​២០១៦​មក​ម្ល៉េះ។ ខ្ញុំ​បាន​ហាត់​ពត់​ទាំង​ការ​ដើរ​ អត្តចរិត​ ការ​និយាយ​ស្ដី ភាសា និង​បាន​រៀន​សូត្រ​ចំណេះ​ដឹង​ទូទៅ​ជា​ច្រើន ហើយ​កាល​ពី​ខែ​មុន​នេះ​ ខ្ញុំ​បាន​ចេញ​ទៅ​ទទួល​ការ​ហ្វឹក​ហាត់​ពិសេស​នៅ​ក្រៅ​ប្រទេស​ទៀត​ផង"។ ស្រី​ស្អាត​ ថ្លែង​។​

នាង​បាន​ឲ្យ​ដឹង​ថា ការ​ហ្វឹកហាត់​ពិសេស​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មុន​​នៅ​ប្រទេស​ហ្វីលីពីន ដោយ​ហាត់​ជា​ក្រុម​រៀប​ចំ​បវរកញ្ញា​ខ្នាត​ធំ​តែ​ម្ដង​។ ​មូលហេតុ​ជ្រើសរើស​ចេញ​ហ្វឹកហាត់​នៅ​ទី​នោះ គឺ​ព្រោះ​តែ ​ហ្វីលីពីន ​ជា​ប្រទេស​​លេច​ធ្លោ និង​ខ្លាំង​ជាង​គេ​ ក្នុង​ចំណោម​ប្រទេស​អាស៊ី​ទាំង​អស់​​លើ​​កម្មវិធី​ប្រកួត​សម្រស់​ទាំង​ឡាយ។ ម្យ៉ាង​ អ្នក​គ្របគ្រង​ថ្នាក់​ជាតិ​របស់​នាង​​ចង់​ឲ្យ​បេក្ខភាព​ដំបូង​របស់​កម្ពុជា​មាន​លក្ខណៈ​សម្បត្តិ​ល្អ​គ្រប់គ្រាន់លើ​ឆាក​អន្តរជាតិ ហើយ​លោក​គឺ​ជា​ជនជាតិ​ហ្វីលីពីន​ស្រាប់​ ទើប​អាច​ត្រួសត្រាយ​ និង​ណែ​​នាំ​នាង​ទៅ​ហ្វឹក​ហាត់​ទី​នោះ​បាន​យ៉ាង​ជោគ​ជ័យ។

បវរកញ្ញា​ចក្រវាល​តំណាង​​កម្ពុជា​ទី១​​ក្នុង​ប្រវត្តិសាស្ត្រ​​​ រៀប​រាប់​ពី​បទ​ពិសោធន៍​ពេញ​១​ខែ​នៅ​លើ​ទឹក​ដី​​​ដែល​មាន​​ដែន​កោះ​ស្អាត​ជាង​គេ​នេះ​ថា ៖ "ការ​ហ្វឹក​ហាត់​នៅ​ទី​នោះ​ មាន​ដូច​ជា​ការ​ដើរ ការ​រៀប​ចំ​ខ្លួន​ កាយវិការ និង​អត្តចរិត​ដូច​ហាត់​នៅ​ប្រទេស​យើង​ដែរ តែ​ក្បួន​ខ្នាត​គេ​គឺ​លំដាប់​អន្តរជាតិ​​ ពិសេស​ការ​ដើរ​ គឺ​ខុស​ដាច់​តែ​ម្ដង។ ​នៅ​ទី​នេះ​ខ្ញុំ​ហាត់​ដើរ​ត្រឹម​ CatWalk ទេ​ តែ​ទៅ​ដល់​​ខាង​គេ គេ​បង្ហាត់​ដើរ​បែប​ Queen CatWalk ដែល​វា​ពិត​ជា​ប្លែក​ និង​អស្ចារ្យ។ នាង​បន្ថែម​ថា នៅ​ខ្មែរ​នាង​យល់​ថា​ខ្លួន​ខ្លាំង​ហើយ តែ​ពេល​ទៅ​ឃើញ​គេ​ទើប​ដឹង​ថា​គេ​ខ្លាំង​ជាង​ទៀត នេះ​ក៏​​ជា​ចំណុច​ដែល​​នាង​បាន​រៀន​សូត្រ​ និង​អភិវឌ្ឍន៍​ខ្លួន​បន្ថែម៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី