កន្លែងដើរលេងថ្មី៤កន្លែង ជិះមិនប៉ុន្មានម៉ោង ល្បីស្អាតខ្លាំងហើយអស់លុយតិចទៀត

  • 2017-11-10 03:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដើរ​លេង​កម្សាន្ត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ឫ​ឱកាស​ឈប់​សម្រាក​ណា​មួយ ដើម្បី​លំហែ​អារម្មណ៍ កាត់​បន្ថយ​ភាព​ស្មុគស្មាញ គឺ​ជា​រឿង​ដែល​មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​បំផុត។ ដូច្នេះ​ថ្ងៃ​នេះ​បង​សប្បាយ​សូម​ណែ​នាំ​កន្លែង​ដើរ​លេង​ថ្មី​ៗ​ទើប​តែ​បង្កើត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ជិត​រាជធានី​ភ្នំពេញ ល្បី​ថា​ទេសភាព​ក៏​ស្អាត ម្ហូប​ក៏​ធូរ​ថ្លៃ​ទៀត។ ​​

១. ភូមិ​សេអាមេត្រី​

​​បើ​សិន​មិត្ត​យុវវ័យ មិន​ចង់​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទី​ឆ្ងាយ ថ្ងៃនេះ Sabay សូម នាំ ប្រិយមិត្ត ទៅ ស្គាល់កន្លែង​សម្រាក​លំហែ​មាត់​បឹង​ធម្មជាតិ​ នៅ​ "ភូមិ​កម្សាន្ត​សេអា​មេត្រី​" មាន​ខ្យល់អាកាស​បរិសុទ្ធ​ និង​ទីធ្លា​ធំ​ទូលាយ។ភូមិ​កម្សាន្ត​ខាង​លើ មាន​កញ្ចុះ​អង្គុយ​ជាប់​មាត់​ទឹក​ មាន​អាង​ហែល​ទឹក កន្លែង​លេង​កីឡា​​ច្រើន​ប្រភេទ​ និង​មាន​លក់​ម្ហូប​អាហារ​ បង្អែម​ ភេសជ្ជៈ​ផ្សេងៗ​ក្នុង​តម្លៃ​សមរម្យ។

ក្រៅ​​ជា​ភូមិ​កម្សាន្ត​ ទីនេះ​ក៏​មាន​បើក​សាលា​បង្រៀន​ភាសា​ខ្មែរ​ អង់គ្លេស និង​កុំព្យូទ័រ​ ដោយ​ឥត​បង់​ថ្លៃ​ សម្រាប់​កុមារ​ក្រីក្រ​ទៀង​ផង។ តម្លៃ​សំបុត្រ​សម្រាប់​ចូល​កម្សាន្ត ត្រឹម​តែ​ ១​ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ភ្ញៀវ​ជាតិ និង​តម្លៃ​ ៥​ដុល្លារ​សម្រាប់​ភ្ញៀវ​បរទេស។

កន្លែង​កម្សាន្ត​នេះ មាន​ទីតាំង​ស្ថិត​នៅ​ត្រើយ​ម្ខាង នៃ​រមណីយដ្ឋាន​ទន្លេបាទី​ ក្នុង​ភូមិ​ចំបក់​ត្រប់​ ឃុំ​ព្រែក​រកា​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ មាន​ចម្ងាយ​ប្រហែល​២០​គីឡូ​ម៉ែត្រ​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់។

២. ខ្ពប​ត្របែក​

ខ្ពប​ត្របែក​ជា​ទី​កន្លែង​កម្សាន្ត​ថ្មី​មួយ​ ដែល​ទើប​នឹង​បង្កើត​ឡើង​ ស្ថិត​នៅ​ក្នុង​ភូមិ​ស្ទឹង​ ឃុំ​អូរសារាយ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។ ជា​កន្លែង​កម្សាន្ត​តាម​បែប​ធម្មជាតិ មាន​ខ្យល់​អាកាស​បរិសុទ្ធ និង​ត្រជាក់ មាន​តូប​អង្គុយ ​នៅ​តាម​មាត់​ទឹក​ និង​មាន​ពោង​មុជ​ទឹក​ គយ​គន់​សម្រស់​ជួរ​ភ្នំ​ដ៏​វែង​អន្លាយ។

បើ​បរិយាយ​ពី​ចំណីចំណុក តំបន់​ទេសចរណ៍​នេះ មាន​លក់​ម្ហូប​អាហារ និង​ភេសជ្ជៈ​ច្រើន​មុខ និង​មាន​​តម្លៃ​​ធូរ​ថ្លៃ។ ងាក​ចេញ​ពី​អាហារ ចូរ​មក​ដឹង​ពី​​តូប​លើ​ទឹក​​វិញ​ម្ដង។ តូប​​អង្គុយ​លេង​១ មាន​តម្លៃ​ចាប់​ពី១ម៉ឺន​រៀល​ ទៅ​២​ម៉ឺន​រៀល សម្រាប់​​ថ្ងៃ​ធម្មតា និង​ថ្ងៃ​បុណ្យ​ទាន ប៉ុន្តែ​ប្រសិន​បើ​ទិញ​​អាហារ​នៅ​ទីនេះ អ្នកលក់​មិន​គិត​ប្រាក់​​ថ្លៃ​តូប​ឡើយ។

មិន​សូវ​ជា​ខុស​នឹង​កន្លែង​កម្សាន្ត​​ផ្សេង​ប៉ុន្មាន​ដែរ ទីនេះ មាន​ពោង​ជួល​មុជ​ទឹក​ មាន​តម្លៃ​ចាប់​ពី​ ២ ៥០០រៀល​ ទៅ​៣ ៥០០​រៀល​តាម​តូច​តាម​ធំ។ ថ្វីបើ​ចំណុច​ខ្លះ​មិន​សូវ​ជា​ខុស​កន្លែង​ផ្សេង ប៉ុន្តែ​អាច​និយាយ​​ថា ខ្ពប​ត្របែក​ទំនើប​គួរ​សម ព្រោះ​មាន​ភ្ញៀវ​អាច​ជិះ​ទូក​ទា ឬ​ទូក​ផ្សេងៗ មើល​ទេសភាព ដោយ​ចំណាយ​ខ្ទង់​ពី ១ ម៉ឺន​ទៅ​២ ម៉ឺន​ប៉ុណ្ណោះ។

ប្រិយ​មិត្ត​ដែល​ចង់​ទៅ​កម្សាន្ត អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​៣​ ទៅ​ដល់​ផ្លូវ​បំបែក​អង្គតាសោម បត់​ទៅ​លិច​ត្រង់​តាម​ផ្លូវ​អ៊ុត​កៅស៊ូ​ ចម្ងាយ​ប្រហែល​ជាង ១៥ គីឡូ​ម៉ែត្រ នឹង​ឃើញ​ ខ្ពប​ត្របែក​ នោះ​នៅ​ជាប់​នឹង​ផ្លូវ​តែ​ម្ដង។

៣. Jet's Relax  

រមណីយដ្ឋាន​កែ​ច្នៃ Jet's Relax មាន​ចម្ងាយ​ប្រមាណ ១៧​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ គឺ​ជា​កន្លែង​កម្សាន្ត និង​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​ថ្មី​មួយ​ទៀត​ សម្រាប់​អ្នក​ចូលចិត្ត​ដំណើរ​កម្សាន្ត នា​ថ្ងៃ​ឈប់​សម្រាក។ បើ​តាម​ការ​រៀបរាប់​របស់ លោក ខាត់ ចន្ថា ជា​អ្នក​គ្រប់​គ្រង​រមណីយដ្ឋាន​នេះ ប្រាប់​ថា ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​នឹង​ទទួល​បាន​នូវ​អារម្មណ៍​ដ៏​ស្រស់​ស្រាយ តាម​រយៈ​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ អង្គុយ​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ នៅ​ក្បែរ​មាត់បឹង​ដ៏​ថ្លា​ឈ្វេង។ ជា​ពិសេស​ ភ្ញៀវ​អាច​លេង​កម្សាន្ត​ដ៏​សម្បូរ​បែបដូចជា ជិះ​ទូក​លេង​ ហែល​ទឹក ផ្សារ​កុង​តឺនឺ និង​កន្លែង​លេង​កម្សាន្ត​ជា​ច្រើន​ទៀត។​

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅ​ទីនោះ មាន​លក់​ម្ហូប​ធម្មជាតិ​បែប​ស្រុក​ស្រែ ១០០%​និង​តម្លៃ​សមរម្យ​ទៀត​ផង។ លោក ខាត់ ចន្ថា បាន​ប្រាប់​ថា ចំពោះ​មាន់​ស្រែ​វិញ​១ក្បាល ត្រឹម​តែ ៤​ម៉ឺន​រៀល​ប៉ុណ្ណោះ។ ចំណែក​ត្រី​អាំង ដូចជា ត្រី​ផ្ទក់​ ត្រី​អណ្ដែង ១​ចាន​មាន​ត្រី ៣ក្បាល​ត្រឹម​តែ ១ ៥០០០​រៀល​ទេ រី​ឯ​សម្ល​បែប​ស្រុក​ស្រែ​​ឆ្ងាញ់ៗ​រួមមាន ​ម្ជូរ​ពង​ត្រី ម្ជូរ​គ្រឿង​សាច់​មាន់ ម្ជូរ​គ្រឿង​សាច់​គោ និង​សម្ល​ជា​ច្រើន​មុខ​ទៀត ក្នុង​១​ឆ្នាំង​តម្លៃ​ត្រឹម​តែ ២ ០០០០​រៀល។ កាន់​តែ​ពិសេស​នោះ ថ្លៃ​តូប​អង្គុយ​សម្រាក​លម្ហែ​កាយ មិន​ត្រូវ​បាន​គិត​លុយ​នោះ​ទេ។

ចំពោះ​ទីតាំង​វិញ ស្ថិត​នៅ​ក្នុង​ឃុំវិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ​ក្នុង​តំបន់ 7NG ​មាន​ចម្ងាយ​ប្រមាណ​ ១៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ។

៤.អន្លង់​ភ្ញៀវ​ រមណីយដ្ឋាន​ថ្មី​នៅ​តាកែវ

អន្លង់​ភ្ញៀវ​ ជា​ឈ្មោះ​រមណីយដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ​ ដែល​កំពុង​ទាក់​ទាញ​អ្នក​ទស្សនា​ខ្លាំង​ បើ​ទោះ​បី​ជា​នៅ​ទីនោះ​មិនទាន់​បើក​ដមណើរការ​ជាផ្លូវ​ការក្ដី។ ក្នុង​រមណីយដ្ឋាន​នេះ​មាន​សួន​កម្សាន្ត​ និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​​នៅ​តាម​ជើង​ភ្នំ​និង​ចង្កេះ​ភ្នំ​ និង​​មាន​គម្រោងសាង​សង់​កន្លែង​កម្សាន្ត​ កន្លែង​ងូត​ទឹក​ជា​ច្រើន​ផ្សេង​ទៀត​ ។

រមណី​យដ្ឋាន​ថ្មី​នេះ​មាន​ទេសភាព​អម​ដោយ​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​តែ​ម្ដង។ ​រមណីយដ្ឋាន​ថ្មី​នេះ​​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​ជើង​រាស្ត្រ​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។

យ៉ាងណាក្ដី​ រមណីយដ្ឋាន​នេះ​មិន​ទាន់​បើក​ដំណើរ​ការ​ទាំង​ស្រុង​នៅ​ឡើយ​ទេ​ ​ពោល​​អំឡុង​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​ភ្ញៀវទេសចរ​អាច​ចូល​លេង​កម្សាន្ត​បាន ព្រម​ជាមួយ​ម្ហូប​អាហារ​ដ៏​សម្បូរ​បែប​នឹង​តម្លៃ​សមរម្យ​បំផុត៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ