បែក​គំនិត​គូស​សញ្ញា​ចរាចរណ៍​​លើផ្លូវ សម្រួល​ការធ្វើ​ដំណើរ​ខ្លួន​ឯង ត្រូវ​ប៉ូលិស​ចាប់​ខ្លួន (វីដេអូ)

  • 2017-12-01 02:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ផាក​ពិន័យ​បន្ទាប់​ពី​បាន​គូស​គំនូស​សញ្ញា​ថ្មី​នៅ​លើ​ផ្លូវ​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​ប្រចាំថ្ងៃ​កាន់​តែ​ងាយ​ស្រួល។

តាម​របាយ​ការណ៍​របស់ The Modern Express ឲ្យ​ដឹង​ថា បុរស​វ័យ​២៨​ឆ្នាំ​ម្នាក់​ត្រកូល Cai ត្រូវ​បាន​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ១០០០​យ័ន (១៥១ដុល្លារ) នៅ​ភាគ​ខាង​កើត​ទីក្រុង Lianyungang ខេត្ត Jiangsu។ បុរស​រូប​នេះ​ត្រូវ​បាន​កាមេរ៉ា​សុវត្ថិភាព​ចាប់​បាន​កាល​ពី​ថ្ងៃ​ទី ២៧​ខែ​កញ្ញា ខណៈ​ដែល​កំពុង​ធ្វើ​សកម្មភាព​គូស​សញ្ញា​ព្រួញ​ថ្មី​នៅ​លើ​ផ្លូវ​ដើម្បី​ប្ដូរ​ទិស​ចរាចរណ៍។ លោក​បាន​ប្រាប់​ប៉ូលិស​ថា​ដោយ​សារ​តែ​មិន​អាច​ទ្រាំ​នឹង​ការ​ពន្យារ​ពេល​យូរ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​ប្រចាំ​ថ្ងៃ។

លោក Cai និយាយ​ថា "ខ្ញុំ​បាន​ឃើញ​ថា​ផ្លូវ​ត្រង់​ត្រូវ​បាន​ប្រមូល​ផ្តុំ​ដោយ​រថយន្ត​ខណៈ​ដែល​ផ្លូវ​ដែល​បត់​ឆ្វេង​មាន​ភាព​ទូលាយ។ ខ្ញុំ​គិត​ថា​ការ​ផ្លាស់​ប្តូរ​សញ្ញា​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ​រលូន​ជាង​មុន។”

ប៉ូលីស​ចរាចរណ៍​បាន​ប្រាប់ Modern Express ថា​ឥរិយាបថ​របស់​លោក Cai គឺ "គ្រោះ​ថ្នាក់​ណាស់" ហើយ​អាច​បណ្តាល​ឱ្យ​មាន​ការ​បុក​គ្នា។ ចាប់​តាំង​ពី​ពេល​នោះ​មក​ប៉ូលិស​បាន​ដាក់​ពង្រាយ​កម្មករ​ដើម្បី​គូស​សញ្ញា​ផ្លូវ​ឡើង​វិញ។

នេះ​មិន​មែន​ជា​លើក​ទី ១​ទេ​ដែល​មាន​មនុស្ស​ក្នុង​ប្រទេស​ចិន​បាន​ប្រើ​ជំនាញ​សិល្បៈ​និង​ភាព​ប៊ិន​ប្រសប់​របស់​ខ្លួន​ដើម្បី​បង្កើត​ចរាចរណ៍​ថ្មី​ដោយ​ខ្លួន​ឯង។ គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​ឧសភា អ្នក​បើកបរ​ម្នាក់​នៅ​ភាគ​ខាង​កើត​ខេត្ត Zhejiang ក៏​ធ្លាប់​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​បន្ទាប់​ពី​បាន​គូរ​កន្លែង​ចត​ឡាន​ដោយ​ខ្លួន​ឯង​នៅ​លើ​ផ្លូវ​ផង​ដែរ៕

វីឌីអូ៖

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី