ក្តៅៗ! ច្បាប់របស់ ត្រាំ ហាមប្រាមប្រទេសមូស្លីម ទាំង៦ ត្រូវអនុញ្ញាតឲ្យចូលជាធរមានហើយ

  • 2017-12-05 02:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​កំពូល​អាមេរិក បាន​សម្រេច​ថា ច្បាប់​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ លើ​ប្រទេស​មូស្លីម​សំខាន់ៗ​ចំនួន ៦ អាច​ចូល​ជា​ធរមាន​បាន​ហើយ។ ប៉ុន្តែ​បទ​បញ្ជា​ប្រឆាំង​នឹង​អ្នកដំណើរ​មក​ពី ប្រទេស​ឆាដ , អ៊ីរ៉ង់ , លីប៊ី , សូម៉ាលី , ស៊ីរី និង យេមែន នេះ នៅ​តែ​ប្រឈម​នឹង​បញ្ហា​ផ្នែក​ច្បាប់។

សេចក្ដី​សម្រេច​នេះ​គ្របដណ្ដប់​លើ​កំណែ​ទម្រង់​ទី៣ នៃ​គោលនយោបាយ​ដែល​លោក​ប្រធានាធិបតី ត្រាំ បាន​ចេញ ចាប់តាំង​ពី​ការ​ចូល​កាន់​តំណែង​មក។ កាល​ពី​ថ្ងៃ​ច័ន្ទ ម្សិលមិញ​នេះ ចៅក្រម​ចំនួន ៧រូប ក្នុងចំណោម ៩រូប បាន​ដក​ដីកា​បង្គាប់ ដែល​រារាំង​ច្បាប់​របស់ លោក ត្រាំ ចេញ។ ដោយឡែក​នៅឡើយ​តែ​ចៅក្រម ២រូប គឺ ចៅក្រម Ruth Bader Ginsburg និង Sonia Sotomayor ប៉ុណ្ណោះ ដែល​បន្ត​រារាំង​ច្បាប់​នេះ។

តុលាការ​ឧទ្ធរណ៍​របស់​សហព័ន្ធ​នៅ​ទីក្រុង San Francisco រដ្ឋ California, និង ទីក្រុង Richmond រដ្ឋ Virginia នឹង​រង់ចាំ​ស្ដាប់​សេចក្ដី​សម្អាង នៅ​សប្ដាហ៍​នេះ ថា​តើ​ការ​ឆ្លើយ​តប​ចុង​ក្រោយ​បង្អស់​នៃ​ច្បាប់​នេះ ស្រប​ច្បាប់​ឬ​យ៉ាង​ណា។

ទោះ​បី​ជា​យ៉ាង​ណា លោកស្រី Karen Tumlin នាយក​ផ្នែក​ច្បាប់​នៃ​មជ្ឈមណ្ឌល​ច្បាប់​អន្តោប្រវេសន៍ National Immigration Law Center បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃ​ច័ន្ទ​នោះ គឺ​ជា​ព័ត៌មាន​បង្ហិនបង្ហោច​មួយ។ ប៉ុន្តែ​លោកស្រី​បាន​បន្ថែម​ថា «វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ចងចាំ​ថា តុលាការ​កំពូល​មិន​បាន​បង្ហាញ​ពី​គុណសម្បត្តិ នៃ​ច្បាប់​ហាម​ប្រាម​ពលរដ្ឋ​មូស្លីម​ចុង​ក្រោយ​បង្អស់​នោះ ឬ​ផល​ប៉ះពាល់​ដល់​មនុស្ស​ឡើយ។ ជម្លោះ​នៅ​តែ​បន្ត»។

គួរ​រំលឹក​ឲ្យ​ដឹង​ផង​ដែរ​ថា កាល​ពី​ខែ​តុលា កន្លង​ទៅ​នេះ ចៅក្រម​មួយ​រូប​ឈ្មោះ Derrick Watson បាន​និយាយ​ថា ច្បាប់​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ដែល​ជា​កំណែ​ទម្រង់​ទី៣ នៃ​គោលនយោបាយ​របស់​លោក ត្រាំ គឺ​ជា​ការ​រើសអើង​យ៉ាង​ច្បាស់​ដោយ​ផ្អែក​លើ​សញ្ជាតិ៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង