ការ​ពិត​គួរ​ឲ្យ​ចាប់អារម្មណ៍ ១០ចំណុច​ពី​​តារា​ចម្រៀង​ Original Song រុន​ ស៊ី​រ៉ា​

  • 2017-12-05 04:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ រុន​ ស៊ីរ៉ា​ ដែល​ជា​បេក្ខជន​ Hear My Song និង​ជា​តារា​ចម្រៀង​ក្នុង​ដួងចិត្តមិត្ត​យុវវ័យ​ជា​ច្រើន​ ជា​មួយបទ​ចម្រៀង​ Original Song «ច្រណែន​គេ​ដែល​មិន​មែន​ជា​ខ្ញុំ​» «ហេតុអ្វី​ក៏​ជា​ខ្ញុំ​ត្រូវ​យំ​ម្នាក់​ឯង​» និង​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​ដែលកំពុង​ត្រៀម​ចេញ​ជា​វីដេអូ​បទ​ចម្រៀង​ថ្មី​ក្នុង​ពេល​ឆាប់ៗ​។ តែ​មុន​នឹង​ Sabay និយាយ​ពី​បទ​ថ្មី​ ឥឡូវ​ទៅ​ដឹងចំណង់ចំណូល​ចិត្ត និងប្រវត្តិ​ខ្លះៗ​របស់​ ស៊ីរ៉ា បន្តិចសិន៖

១/ រុន ស៊ីរ៉ា​ គឺ​ជា​ឈ្មោះ​កំណើត​របស់​ ស៊ីរ៉ា​ ហើយ​នាង​មាន​ស្រុក​កំណើត​នៅក្នុង​ខេត្ត​បាត់​ដំបង​ បច្ចុប្បន្ន​មាន​អាយុ​ ២២ឆ្នាំ​។

២/ ស៊ីរ៉ា​ ជា​នារី​ធម្មតា​ម្នាក់​ ហើយ​នាង​ក៏​ធ្លាប់​មាន​ស្នេហា​ដែរ​ តែ​ស៊ីរ៉ា​ប្រាប់​ថា​ វា​ជា​ស្នេហា​ក្មេងៗ​ មិន​ប្រាកដប្រជា​ ដូច​នេះ​នាង​ក៏​បែកគ្នា​ ហើយ​ក៏​មិន​ទាន់​មាន​អ្នក​ណា​ក្នុង​បេះដូង​របស់​នាង​ដែរ​ពេលនេះ​។

៣/ ឆ្នាំ​នេះ​តារា​ចម្រៀង​ ស៊ីរ៉ា ទើប​តែ​បញ្ចប់​បរិញ្ញាប័ត្រ​ ផ្នែក​ឱថស​សាស្រ្ត​ ហើយ​នាង​ក៏​មាន​បរិញ្ញាប័ត្រ​ខាង​គណ​នេយ្យ​ករ​ផង​ដែរ​។ ម្ចាស់​បទ «ច្រណែន​គេ​ដែល​មិន​មែន​ជា​ខ្ញុំ​» រូប​នេះ​ក៏​មាន​គម្រោង​បើក​ឱសថ​ស្ថាន​ ព្រោះ​វា​ក៏​ជា​ការងារ​មួយ​ដែល​នាង​តែង​ចង់​ធ្វើ​ ពិសេស​មាន​ជំនាញ​នេះ​ពី​សាលា​រៀន​ស្រាប់​។

៤/ ដឹង​អត់​ ស៊ីរ៉ា​ ក៏​ជា​អ្នក​ដោះស្រាយ​វិបត្តិស្នេហា​ម្នាក់​ដែរ ព្រោះ​បទ​ចម្រៀង​នីមួយៗ​របស់​នាង​កើត​ឡើង​ដោយសារ​ស្តាប់​រឿង​ស្នេហាខូចចិត្ត​របស់​មិត្តភ័ក្រ្ត​រៀប​រាប់​ ហើយ​នាង​ក៏​ជួយ​លើក​ទឹកចិត្ត​ពួកគេ រួច​ក៏​តែង​វា​ជា​បទ​ចម្រៀង​ ពិសេស​បទ ​«ហេតុអ្វី​ក៏​ជា​ខ្ញុំ​ត្រូវ​យំ​ម្នាក់​ឯង​»។

៥/ កញ្ញា​ម្ចាស់​បទ​ «មុខ​ងាប់​» ក៏​ចូលចិត្ត​ស្លៀក​ពាក់​សមញ្ញៗ​ដូច​ជា​អាវយឺ​ ខោខ្លី​ ឬវែង​ និង​ស្បែក​ជើង​ប៉ាត់​តា ​ធម្មតា​ មិន​សូវ​ចេះ​ស៊ី​វិល័យ​ ដែល​កាល​មិន​ទាន់​ឡើង​ច្រៀង​លើឆាក​ មាន​គេ​គិត​ថា​ ស៊ីរ៉ា​ ជា​មនុស្ស​ប្រុស​។

៦/ មិន​ត្រឹម​តែ​ពូកែ​លេង​ហ្គីតា​ នាង​ក៏​មាន​ចំណូល​ចិត្ត​លើ​ឧបករណ៍​តន្រ្តី​បុរាណ​ខ្មែរ​។ កញ្ញា​ ស៊ីរ៉ា ប្រាប់ថា​ នាង​ក៏​កំពុង​ឆ្លៀត​ពេល​រៀន​លេង​ឧបករណ៍​ខ្មែរ​ ដូច​ជា​ទ្រខ្មែរ​ជា​ដើម​។ ​

៧/ ស៊ីរ៉ា​ រៀន​លេង​ហ្គីតា​ពី​ប៉ា​របស់​នាង​តាំ​ងពី​ក្មេង​ ព្រោះ​គ្រួសារ​របស់​ ស៊ីរ៉ា ​ជា​អ្នក​ចូលចិត្ត​តន្រ្តី​ និង​ចេះ​លេង​ភ្លេង​ខ្លះៗ​ ដើម្បី​កំដរ​អារម្មណ៍​ប៉ុណ្ណោះ​។ ក្រោយ​មកតារាចម្រៀងរូបនេះ ​និង​បងប្រុស​ម្នាក់​ទៀត​ក៏​ចូល​រៀន​ជំនាញ​លេង​ហ្គីតា​នេះជា​មួយ​គ្រូ​បង្រៀន​ដែល​មាន​ជំនាញច្បាស់​លាស់​។

៨/ ជា​កូន​ពៅ​ក្នុង​គ្រួសារ​ ស៊ីរ៉ា​ មាន​បង​ប្រុស​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​ជា​អ្នក​បើក​ផលិត​កម្ម​ Frame29 និង​តែង​តែ​ថត​វីដេអូ​បទ​ចម្រៀង​ឱ្យ​ស៊ីរ៉ា​រាល់ដង​។

៩/ពេល​វិស្សម​កាល​ ឬ​ថ្ងៃ​បុណ្យ​សម្រាកបាន​យូរ​ ស៊ីរ៉ា​ ចូលចិត្ត​ទៅ​លេង​ខេត្ត​សៀមរាប​ និង​មាត់​សមុទ្រ​ជាង​គេ។​

១០/ ចុង​ក្រោយ​នេះ​ពិសេស​ជាង​គេ​ ស៊ីរ៉ា​ ជា​មនុស្ស​ម្នាក់​ដ៏​សមញ្ញ​ រាបសា​ ពិសេស​មិន​សូវ​ចេះ​និយាយ​ច្រើន​នោះទេ​ តែ​ក៏​មាន​អ្នក​តាម​ស្រលាញ់​ច្រើន​គួរសម​ដែរ​។ ចំពោះ​មនុស្ស​ប្រុស​ដែល​នាង​ប្រាថ្នា​ចង់​បាន​ជាគូ ជា​មនុស្ស​សុភាព​រាបសា​ ស្រលាញ់​នាង​ និង​គ្រួសារ​របស់​នាង​តែ​ប៉ុណ្ណឹង​បាន​ហើយ​។ ស៊ីរ៉ា​ បាន​និយាយ​ថា​៖ «គ្មាន​នរណា​ម្នាក់ល្អ​គ្រប់​ដប់​នោះ​ទេ ចឹង​ខ្ញុំ​មិន​ដឹង​រើស​ម៉េច​ទេ​»។

ចុចអាន

-ផលិត​កម្ម​ក្នុង​ស្រុក​មួយ​ទទួល​បាន​ទំនុក​ចិត្ត​ខ្ពស់ ចុះ​ MOU ជា​មួយ​ផលិត​កម្ម​ CBSi របស់​កូរ៉េ​

-“ដែន​ដី​ស្នេហ៍​អាថ៌កំបាំង​" ធ្វើ​ឲ្យ​ ដួង ម៉ានិច និង ណាក់ ខន ភ្លឺ​ភ្នែក​​

អត្ថបទ៖ Sunny