​គ្រូ​ក្រុម​​វៀតណាម​ថា ​បញ្ហា​របស់​បឹង​កេត​គឺ​​ពឹង​ផ្អែក​លើ​សមត្ថភាព​កីឡាករ​ម្នាក់ៗ

  • 2017-12-14 02:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Võ Đình Tân គ្រូ​បង្វឹក​ក្រុម Sanna Khanh Hoa បាន​លើក​ឡើង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​យប់​មិញ​ក្រោយ​ចប់​ការ​ប្រកួត​ថា បឹង​កេត​ពឹង​ផ្អែក​​លើ​សមត្ថភាព​កីឡាករ​ម្នាក់​ៗ​ ដែល​នេះ​ជា​បញ្ហា និង​ចំណុច​ខ្សោយ។

លោក Võ Đình Tân

​ក្រុម​របស់​វៀតណាម ​មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម​របស់​​កម្ពុជា ៥-១ កាល​ក្នុង​ជំនួប​ជើង​ទី​២​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ​សរុប​គ្រាប់​បាល់ទាំង​ពីរ​ជើង​ បឹង​កេត​ចាញ់​ Sanna Khanh Hoa ៩-៥។

​លោក Võ Đình Tân បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​កម្ពុជា​មួយ​នេះ​ពឹង​ផ្អែក​លើ​សមត្ថភាព​កីឡាករ​ម្នាក់​ៗ ដែល​មិន​ផ្ដោត​លើ​ទម្រង់​លេង​ជា​ក្រុម​​។ ស្រប​ពេល​ក្រុម​របស់​លោក​សហការ​គ្នា​ជា​ក្រុម​បាន​ល្អ ទើប​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​មាន​ឱកាស​យក​ជ័យជម្នះ​បាន​។

​​គ្រូ​បង្វឹក​ជន​ជាតិ​វៀតណាម​រូប​នេះ​បន្ថែម​ថា កូន​ក្រុម​របស់​លោក​បាន​ព្យាយាម​បិទ​កីឡាករ​បឹង​កេត​ម្នាក់ៗ។ ​​សម្រាប់​ជើង​ទី​២​នេះ​ក្រុម​របស់​លោក​បាន​សិក្សា​ពី​របៀប​លេង​របស់​បឹង​កេត​យ៉ាង​ច្រើន បន្ទាប់​ពី​ភ្លាត់​របូត​គ្រាប់​បាល់​ច្រើន​គ្រា​ប់​កាល​ជើង​ទី១។

​ក្រុម​របស់​វៀតណាម​មួយ​នេះ នឹង​បាន​ទៅ​ជួប​ក្រុម Lao Toyota នៅ​ថ្ងៃ​អាទិត្យ ទី១៧ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ នៃ​ពាន​រង្វាន់​ខាង​លើ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​