Matt Damon​ និយាយ​ពី​ប្រធាន​បទ​ក្ដៅ​ទាក់​ទង​នឹង​ការ​បៀតបៀន​ផ្លូវ​ភេទ

  • 2017-12-19 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

- តារា​សម្ដែង​ល្បី​ឈ្មោះ Matt Damon បាន​និយាយ​ថា​មនុស្ស​ប្រុស​ដែល​មិន​ធ្លាប់​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវ​ភេទ​នៅ​ហូលីវូដ មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រាន់​នោះ​ទេ។

- ពពួក​បុរស​ទាំង​នោះ​តែង​តែ​និយាយ​ទៅ​កាន់​អ្នក​ដែល​ពួក​គេ​ស្គាល់​ថា៖​ "កុំ​ធ្វើ​រឿង​បែប​នេះ។"

- លោក​ Damon បាន​និយាយ​ទៀត​ថា ប្រសិន​ជា​លោក​ធ្វើ​ការ​ជាមួយ​មនុស្ស​ដែល​ធ្លាប់​ចោទ​ប្រកាន់​ ពាក់​ព័ន្ធ​រឿង​បៀតបៀន​ផ្លូវ​ភេទ លោក​នឹង​ដោះ​ស្រាយ​ដោយ​វិធីសាស្ត្រ​មួយ​ដាច់​ដោយ​ឡែក ពោល​គឺ​រឿង​អាស្រូវ​មិន​ពាក់ព័ន្ធ​និង​ការងារ។

តារា​សម្ដែង​ Matt Damon គិត​ថា​មនុស្ស​ប្រុស​នៅ​ហូលីវូដ​ ដែល​មិន​មែន​ជា​អ្នក​បៀតបៀន​ផ្លូវ​ភេទ គួរ​តែ​ត្រូវ​គេ​និយាយ​អំពី​ពួក​គេ​ឲ្យ​កាន់​តែ​ច្រើន។

ដោយ​សារ​តែ​រឿង​អាស្រូវ​ពាក់​ព័ន្ធ​បញ្ហា​នេះ​ជា​ច្រើន​បាន​កើត​ឡើង​ តាំង​តែ​ពី​សារព័ត៌មាន The New York Times និង The New Yorker បាន​បង្ហាញ​ពី​ការ​រាយការណ៍​គួរ​ភ្ញាក់​ផ្អើល​មួយ​កាល​ពី​ខែ​តុលា​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​របស់​ផលិតករ​ល្បី​ឈ្មោះ Harvey Weinstein ព្រម​ទាំង​បុគ្គល​ល្បីៗ​ជា​ច្រើន​មិន​ថា​ជា​តារា​សិល្បៈ​ ខាង​សារព័ត៌មាន​ ឫ​ព្រម​ទាំង​អ្នក​នយោបាយ។

ប៉ុន្តែ​លោក Matt Damon បាន​និយាយ​ថា​មិន​មែន​រាល់​មនុស្ស​ប្រុស​ទាំង​អស់​នៅ​ហូលីវូដ​សុទ្ធ​តែ​អាក្រក់​នោះ​ទេ។ លោក​បាន​រៀប​រាប់​ថា៖ "យើង​កំពុង​ស្ថិត​នៅ​ស្ថាន​ភាព​មួយ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​កើត​ឡើង​ ហើយ​វា​ជា​រឿង​ដ៏​ល្អ​មួយ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​រឿង​មួយ​ដែល​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​នោះ​គឺ មាន​បុរស​ជា​ច្រើន​ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​ ដែល​មិន​បាន​ធ្វើ​រឿង​អ្វី​បែប​នេះ​ ព្រម​ទាំង​មិន​ពាក់ព័ន្ធ​នឹង​រឿង​បែប​នេះ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។" នេះ​បើ​តាម​ការ​ឆ្លើយ​តប​របស់​លោក​ទៅ​កាន់​សារព័ត៌មាន​ Business Insider ខណៈ​ពេល​លោក​កំពុង​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី "Downsizing”។

តារា​រូប​នេះ​ទើប​តែ​ត្រូវ​គេ​​មិន​ពេញ​ចិត្ត​ចំពោះ​ពាក្យ​ពេចន៍​ ដែល​លោក​បាន​និយាយ​ពាក់​ព័ន្ធ​ការ​បៀតបៀន​ផ្លូវ​ភេទ​នៅ​ហូលីវូដ​កាល​ពី​សប្ដាហ៍​មុន ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជា​មួយ​សារព័ត៌មាន ABC News ក្នុង​កម្មវិធី​ "Popcorn With Peter Travers,” ។

“វា​មាន​ភាព​ខុស​គ្នា​រវាង​ប៉ះពាល់​កំប៉េះ​គូទ និង​ចាប់​រំលោភ​ឫ​បៀតបៀន​ផ្លូវ​ភេទ​លើ​កុមារ​ មែនទេ? អាកប្បកិរិយា​បែប​នេះ​គឺ​ត្រូវ​តែ​ប្រឈម​មុខ​ច្បាប់​ និង​ការ​ដោះ​ស្រាយ​ផ្សេងៗ​ដោយ​មិន​ចាំ​បាច់​សួរ​នាំ​អ្វី​ ប៉ុន្តែ​អំពើ​ទាំង​ពីរ​នេះ​គឺ​មិន​គួរ​រាប់​បញ្ចូល​គ្នា​ទេ មែន​ទេ?​” លោក​បាន​និយាយ​ដូច្នេះ។ ​​​

​Damon បាន​និយាយ​ថា​រឿង​រ៉ាវ​ពាក់​ព័ន្ធ​និង​អ្នក​នយោបាយ​ម្នាក់​ដែល​ទើប​តែ​ប្រកាស​លាលែង​ពី​តំណែង​ថ្មីៗ​ បន្ទាប់​ពី​ត្រូវ​នារី​ៗ​៨​នាក់​ប្ដឹង​លោក​ថា​បាន​ប៉ះពាល់​និង​ថើប​ពួក​គេ​ទាំង​បង្ខំ គឺ​មិន​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ករណី​របស់​ផលិតករ Weinstein នោះ​ឡើយ​ ព្រោះ​វា​មាន​តាំង​ពី​ការ​បៀត​បៀន​និង​ចាប់​រំលោភ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​តារា​ស្រីៗ​ប៉ុន្មាន​អ្នក​បាន​និយាយ​ទាក់​ទង​និង​បញ្ហា​នេះ​ផង​ដែរ ដោយ​ចោទ​ប្រកាន់​ Matt Damon គួរ​តែ​ឈប់​និយាយ​ពី​បញ្ហា​នេះ​ រាប់​បញ្ចូល​ទាំង​អតីត​សង្សារ​លោក​ អ្នក​នាង​ Alyssa Milano ជា​ដើម។

Damon ក៏​បាន​និយាយ​មួយ​ឃ្លា​ចុង​ក្រោយ​ប្រាប់ Bussiness Insider ថា​លោក​មិន​ប្រកាន់​ទេ​ បើ​សិន​ជា​ត្រូវ​ធ្វើ​ការ​ជាមួយ​មនុស្ស​ប្រុស​ដែល​ធ្លាប់​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ធ្លាប់​បៀតបៀន​ផ្លូវ​ភេទ​នោះ៕

អាន​អត្ថបទ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ធារ៉ូ