ស្អាត ញ៉ិកញ៉ក់ មើល​ទៅ​គួរ​ឲ្យ​ក្នាញ់ គួរ​ឲ្យ​ស្រឡាញ់ ស្រី​នាថ ឆក់​បាន​បេះដូង​អ្នក​ស្ដាប់​ជា​ច្រើន

  • 2019-04-26 04:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​និយម​ស្ដាប់​ចម្រៀង​មរតក​ដើម​នៅ​លើ​យូធូប ប្រាកដ​ជា​ធ្លាប់​ប្រទះ​តារា​ចម្រៀង​និយម​ច្រៀង Cover បទ​មរតក​ដើម​ម្នាក់ ដែល​ឆក់​បាន​ការ​គាំទ្រ​ជា​ច្រើន​តាម​រយៈ​កាយ​វិការ​ក្និកក្នក់​គួរ​ឲ្យ​ក្នាញ់​របស់​នាង។

កញ្ញា​មាន​ឈ្មោះ​ថា ចាន់ ស្រី​នាថ គឺ​ជា​តារា​ចម្រៀង​អាជីព​មួយ​រូប ដែល​បាន​ប្រឡូក​សិល្បៈ​ប្រមាណ​ជា ៧​ឆ្នាំ​មក​ហើយ​ក្នុង​នាម​ជា​តារា​ចម្រៀង និង​សម្ដែង​ផង។ អំឡុង​ពេល​នោះ ស្រី​នាថ បាន​ចេញ​ច្រៀង​កម្មវិធី​តូច​ធំ​ជា​ច្រើន​រួច​មក​ហើយ។ កញ្ញា ចាប់​ផ្ដើម​មាន​គេ​ស្គាល់​ក្រោយ​ចេញ​បទ​ផ្ទាល់​ខ្លួន "មនុស្ស​ប្រុស​គ្មាន​នរណា​ស្មោះ​ទេ" កាល​ពី​ឆ្នាំ ២០១៧។

យ៉ាង​នេះ​ក្ដី សាមី​ខ្លួន បញ្ជាក់​ទៀត​ថា នាង​កញ្ឆក់​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង ក្រោយ​បាន​ចេញ​មុខ​ច្រៀង Cover បទ​មរតក​ដើម​នៅ​លើ​យូធូប​ទៅ​វិញ ក្នុង​រង្វង់​២​ឆ្នាំ​ចុង​ក្រោយ​នេះ រហូត​ដល់​អ្នក​ឧបត្ថម្ភ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ទាក់​ទង​នាង​យក​ទៅ​ច្រៀង​ផង។បទចម្រៀង Cover ដែល​ធ្វើ​ឲ្យ ស្រី​នាថ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​នោះ មាន​ដូច​ជា៖ "ក្រមុំ​ខ្ញុំ​អ្នក​ណា​សង?" "អូន​សន្យា​ឲ្យ​បង​ចាំ" និង​បទ "មេឃ​រលំ" ជា​ដើម។

តាំង​ពី​ចេញ Cover បទ​ទាំង​អស់​នេះ​មក តារា​ស្រី​បញ្ជាក់​ថា នាង​ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង និង​មាន​អ្នក​ស្គាល់​កាន់​តែ​ច្រើន​រហូត​មក ក្នុង​នោះ កាយវិការ​ក្និកក្នក់​មើល​ទៅ​គួរ​ស្រឡាញ់ គឺ​ជា​ចំណុច​ទាក់​ទាញ​ខ្លាំង​តែ​ម្ដង។ “នេះ​តាម​អ្នក​គាំទ្រ​គេ​និយាយ​ទេ​ណា​បទ គឺ​ខ្លះ​គេ​ថា ចូល​ចិត្ត​សំឡេង​ខ្ញុំ តែ​ភាគ​ច្រើន​គេ​ថា​ខ្ញុំ​ពូកែ​ញ៉ិកញ៉ក់ ពូកែ​លេង​ទឹក​មុខ​អីចឹង​ណា​បង!...និយាយ​ទៅ កាយ​វិការ​ក្រមិចក្រមើម ញ៉ិកញ៉ក់​ហ្នឹង ទាញ​ការ​គាំទ្រ​ពី​បង​ៗ​ច្រើន គឺ​ច្រើន​ជាង​សំឡេង(សើច)”។

ចាន់ ស្រីនាថ មាន​ស្រុក​កំណើត នៅ​រាជធានី​ភ្នំពេញ​នេះ នាង​បាន​ចូល​សិល្បៈ​ដំបូង​អំឡុង​ឆ្នាំ ២០១១ ដោយ​ធ្វើ​ជា​តារា​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​មួយ​នៅ​ត្រើយ​ម្ខាង​តាម​ការ​ណែនាំ​របស់​ម្ដាយ​មីង​ម្នាក់។ បន្ទាប់​មក​ប្ដូរ​បន្ត​បន្ទាប់ មក​ធ្វើ​ជា​តារា​ចម្រៀង​នៅ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក់ និង​ចុង​ក្រោយ​បំផុត​នៅ ក្លឹប C2។ ស្រីនាថ មិន​មាន​ជ្រក​ក្រោម​ផលិតកម្ម​ណា​មួយ​ទេ ប៉ុន្តែ​នាង​បាន​សហការ​ជាមួយ​ក្រុម "មយូរ៉ា"។

ជាមួយ​ក្រុម​នេះ នាង​បាន​ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ជា​ច្រើន​រួច​មក​ហើយ ក្នុង​នោះ​ក្រៅ​ពី​បទ "មនុស្ស​ប្រុស​គ្មាន​នរណា​ស្មោះ​ទេ" ដែល​ជា​បទ​ដំបូង​របស់​នាង ស្រី​នាថ មាន​បទ​មួយ​ចំនួន​ទៀត ដូច​ជា៖ "ចង់​បាន​អ្នក​កំដរ" "ម្នាក់​ឯង​ជា​ថ្មី" "សុំ​ច្បាប់​ផឹក" និង​បទ "វា​សែន​ឈឺ"។ ស្រី​ស្អាត​វ័យ ២៦​ឆ្នាំ បញ្ជាក់​ថា ឆាប់​ៗ​ខាង​មុខ​នេះ នាង​នឹង​បញ្ចេញ​បទ Original Song ថ្មី​ទៀត។ ដោយ​ឡែក​ការ​ច្រៀង Cover បទ​មរតក​ដើម នៅ​តែ​បន្ត​ដូច​គ្នា៕

តារា Original Song កម្ពុជា ១០នាក់ ត្រូវ​អាមេរិក​អញ្ជើញ​!

នាយ តាក់ស៊ី ចង់​រត់​ទៅ​បួស​ សុខចិត្ត​ឲ្យ​ភរិយា​រក​អ្នក​ថ្មី​ចុះ

ផលិតកម្ម M ឆ្លើយ​តប​វិញ​ហើយ រឿង​បង្ហោះ​បទ​ចម្រៀង សូលីកា

អត្ថបទ៖ ទារិកា