ទម្លាប់ឡើងមកភ្នំពេញ ទិញត្រីធ្វើប្រហុក ដែលពលរដ្ឋខ្មែរមិនបោះបង់ចោល
- 2017-12-25 09:05:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ឡើងមកភ្នំពេញ ទិញត្រីធ្វើប្រហុក ដែលពលរដ្ឋខ្មែរមិនបោះបង់ចោល
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋខ្មែរមួយចំនួននៅមិនទាន់បោះបង់ចោលទម្លាប់ក្នុងការឡើងមកកាន់ទីក្រុងភ្នំពេញដើម្បីប្រមូលទិញត្រីល្អិតៗសម្រាប់ធ្វើត្រីប្រហុកនោះទេ បើទោះបីសម័យកាលមានការវិវត្តយ៉ាងណាក៏ដោយ។
នៅតាមបណ្តោយមាត់ទន្លេម្តុំគីឡូម៉ែត្រលេខប្រាំ៩ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តបានរៀបចំកន្លែងស្នាក់នៅក្រោមដំបូលតង់ជាប់នឹងមាត់ទន្លេតែម្តង។ នៅជាប់នឹងមាត់ទន្លេ គឺដោយសារងាយស្រួលក្នុងការចុះពិនិត្យ និងទិញត្រីដែលដឹកតាមទូកមកចតនៅក្បែរនោះ។
អ្នកស្រី ម៉ៅ ហ៊ាន វ័យ ៥៧ឆ្នាំ មកពីខេត្តតាកែវឲ្យដឹងថាអ្នកស្រីបានមកភ្នំពេញបានពីរថ្ងៃហើយ ដើម្បិរង់ចាំទិញត្រីសម្រាប់ធ្វើប្រហុក។ បើនិយាយពីការមកទិញត្រីសម្រាប់ធ្វើប្រហុកនេះ អ្នកស្រីថា អ្នកស្រីបានធ្វើបែបបេះតាំងពីអ្នកស្រីមានអាយុ១៦ឆ្នាំ មកម្លេះ។ អ្នកស្រីបន្តថាថា ជារៀងរាល់ឆ្នាំអ្នកស្រីតែមកទីក្រុងភ្នំពេញដើម្បីទិញត្រីសម្រាប់ធ្វើប្រហុកនៅពេលរដូវត្រីត្រូវម្តងៗ។
កំពុងតែឈរពិនិត្យមើលការលាងសម្អាតត្រីដោយម៉ាស៊ីន ដែល អ្នកស្រីទើបទិញបាន អ្នកស្រីរៀបរាប់ទៀតថាការឡើងមកទិញត្រីនេះជាទម្លាប់របស់អ្នកស្រី និងអ្នកភូមិទៅហើយ ដោយថាពួកអ្នកស្រីមិនទម្លាប់ទិញប្រហុកគេទទួលទាននោះទេ ពោលគឺមកទិញត្រី និងផលិតខ្លួនឯងដើម្បីទុកទទួលទានពេញមួយឆ្នាំ ឬអាចលក់បានតិចតួចក៏មាន។
ដើម្បីទិញត្រីបានអ្នកស្រី ម៉ៅ ហ៊ាន ត្រូវប្រជ្រៀតជាមួយនឹងអ្នកផ្សេងទៀតដើម្បីបានពិនិត្យរកត្រីដែលនៅស្រស់ៗ ដោយថាត្រីស្រស់មិនសូវខាតគីឡូពេលលាងសម្អាតដោយម៉ាស៊ីនរួច។ យ៉ាងណាមិញអ្នកស្រីត្អួញត្អែរដែរថា ត្រីឆ្នាំនេះមានតម្លៃថ្លៃជាងឆ្នាំមុន ដោយថាឆ្នាំមុនត្រីស្រស់មួយគីឡូក្រាមតម្លៃពី១ ៧០០រៀល ទៅ២ ០០០រៀល តែថាឆ្នាំនេះមានតម្លៃពី២ ០០០ ទៅ២ ៥០០រៀល។
ចំណែកលោក លោក សួន ស៊ង កំពុងអង្គុយរើសត្រីដែលទើបលាងសម្អាតរួចមានប្រសាសន៍ថាត្រីឆ្នាំនេះហាក់ឡើងថ្លៃជាងឆ្នាំមុនបន្តិច ដែលជាហេតុធ្វើឲ្យលោកប្រមូលទិញបានតិច។ លោកបន្ថែមថារាល់ឆ្នាំ លោកទិញត្រីបានប្រហែលជា៣០០គីឡូក្រាមតែឆ្នាំនេះលោកទំនងជាទិញបានប្រហែលជា២០០គីឡូក្រាមប៉ុណ្ណោះ។
បុរសវ័យ៧០ឆ្នាំ មកពីខេត្តតាកែវរូបនេះបន្តថា លោកមិនយល់ទេថាហេតុអ្វីបានជាត្រីឆ្នាំនេះឡើងថ្លៃបែបនេះ។ លោករៀបរាប់ថាៈ «តម្លៃស្រេចតែឈ្មួញ នៅលើមាត់(គេ)»។
ប្រជាពលរដ្ឋផ្សេងទៀតដែលកំពុងអង្គុយរើសត្រីដែលសម្អាតរួចនៅក្រោមដំបូលតង់ជាប់មាត់ទន្លេនោះ អះអាងថាពួកគាត់មិនហ៊ានទទួលទានប្រហុកទិញនៅផ្សារនោះទេ ដោយថាបារម្ភពីសារាធាតុគីមី និងម្យ៉ាងទៀតថាប្រហុកនៅលើទីផ្សារសព្វថ្ងៃក៏មានតម្លៃថ្លៃមិនទាបជាង១ម៉ឺនរៀលក្នុងមួយគីឡូក្រាមនោះដែរ។ អ្នកទាំងនោះលើកឡើងប្រហាក់ប្រហែលគ្នាថា ប្រជាពលរដ្ឋទទួលទានប្រហុកជាទម្លាប់ទៅហើយ ដែលទម្លាប់នេះមិនអាចបង់បោះបានទេ ដោយថាម្ហូបអាហារប្រចាំថ្ងៃជាច្រើនមុខត្រូវការប្រហុក។
ប្រជាពលរដ្ឋដែលមកទិញត្រីបានអង្គុយរង់ចាំទូកដឹកត្រីចូលមកគៀកច្រាំង ម្នាក់ៗពិនិត្យ និងទទួលទិញទៅតាមលទ្ធភាព។ ប្រជាពលរដ្ឋទាំងនោះមិនលាងសម្អាត និងកាត់ក្បាលត្រីដោយខ្លួនឯងនោះទេ ពោលគឺបន្ទាប់ពីទិញហើយ ពួកគាត់ជួលងម៉ាស៊ីនដែលនៅក្បែរនោះដើម្បីលាងសម្អាត ដោយ១០០គីឡូក្រាមត្រីស្រស់ចំណាយថ្លៃឈ្នួលចន្លោះពី២០ ០០០រៀល ទៅ២៥ ០០០រៀល។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ឲ្យដឹងថាពីថ្ងៃទី២២ដល់២៧ ខែធ្នូ ឆ្នាំ ២០១៧ និងពីថ្ងៃទី២១ ដល់២៦ ខែមករា ឆ្នាំ២០១៨ ជាពេលដែលអាចនេសាទត្រីបានច្រើន បើសិនជាមេឃស្រឡះគ្មានភ្លៀង។ សម្រាប់រយៈពេលនេះ រដ្ឋបាលជលផលថាប្រជាពលរដ្ឋដែលចង់ធ្វើត្រីប្រហុកអាចឡើងមកទិញទុកធ្វើប្រហុក ផ្អកបាន៕