សរុបព្រឹត្តិការណ៍ព័ត៌មានតារាកូរ៉េសំខាន់ៗ ផ្ទុះកក្រើកក្នុងឆ្នាំ ២០១៧
- 2017-12-27 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរុបព្រឹត្តិការណ៍ព័ត៌មានតារាកូរ៉េសំខាន់ៗ ផ្ទុះកក្រើកក្នុងឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ក្នុងឆ្នាំ ២០១៧ មានរឿងរ៉ាវជាច្រើនបានផ្ទុះឡើងជាបន្តបន្ទាប់ ជុំវិញសិល្បៈក្នុងប្រទេសកូរ៉េ ដែលបានទាក់ទាញចំណាប់អារម្មណ៍មហាជនគ្រប់មជ្ឈដ្ឋាន ផ្ដោតការតាមដានគ្រប់គ្នា។ ក្នុងនោះមានទាំងដំណឹងមង្គល ក្រៀមក្រំ និងរឿងរ៉ាវអាស្រូវក្ដីក្ដាំជាច្រើន ដែលចេញពីសកម្មភាពមួយចំនួនរបស់តារាៗកូរ៉េ។ តើមានតារារូបណាខ្លះដែលជួបប្រទះរឿងរ់ាវទាំងនោះ និងបង្កឲ្យមានការភ្ញាក់ផ្អើលពេញពិភពលោកក្នុងឆ្នាំនេះ?
ខែមករា៖
កាលពីថ្ងៃទី ១៨ ខែមករា មានព័ត៌មានផ្ទុះឡើងថា តួប្រុសក្នុងរឿង "នំប៉័ងបញ្ចាំស្នេហ៍” Joo Won និង BoA តារាចម្រៀងស្រីប្រចាំផលិតកម្ម SM បានភ្ជាប់ទំនាក់ទំនងស្នេហ៍នឹងគ្នា។ យ៉ាងណាមិញ បើតាមព័ត៌មានដដែលបានបញ្ជាក់ថា តារាទាំង ២បានស្រឡាញ់គ្នាតាំងពីចុងឆ្នាំ ២០១៦ មកម៉្លេះ។
ថ្ងៃទី ១៩ ខែមករា កំពូល Super Star របស់ប្រទេសកូរ៉េខាងត្បូង ២ដួង គឺ Rain និង Kim Tae Hee បានរៀបអាពាហ៍ពិពាហ៍នឹងគ្នាជាស្ថាពរ។ អាពាហ៍ពិពាហ៍ដ៏មានន័យក្នុងជីវិតរបស់ គូស្នេហ៍នេះ ប្រាព្ធឡើងជាលក្ខណៈឯកជន និងស្ងប់ស្ងាត់ និងតូចបំផុត។ ចំណែកអ្នកចូលរួមមានតែ សាច់ញាតិទាំងសងខាង និងវត្តមានមិត្តជិតស្និទ្ធប៉ុន្មាននាក់ប៉ុណ្ណោះ។ ដោយឡែក មានរឿងមួយទៀត បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលគួរសមដែរនោះ គឺសម្រាប់ចំណាយក្នុងពិធីមង្គលការទាំងមូលរបស់តារាប្រុសស្រី ២រូបនេះ អស់ត្រឹមជិត ២ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ។
ថ្ងៃទី ២០ ខែមករា បទចម្រៀងចុងក្រោយបង្អស់របស់ក្រុមចម្រៀង 2NE1 បានចេញជាជាផ្លូវការ។ បទនោះមានចំណងជើងថា "Googbye” ជាបទចុងក្រោយរបស់ 2NE1 មុនរំសាយក្រុមជាផ្លូវការ។
ថ្ងៃទី ២៦ ខែមករាក្រុមចម្រៀងនារីរបស់ផលិតកម្ម JYP គឺ Wonder Girls ក៏បានសម្រេចរំសាយក្រុមដូចគ្នា ក្រោយប្រឡូកក្នុងវិស័យសិល្បៈរយៈពេល ១០ឆ្នាំ។
ថ្ងៃទី ២២ ខែមករា គូស្នេហ៍ខុសវ័យគ្នា ១១ឆ្នាំ Ki Ha និង IU បានបែកគ្នា បន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍នឹងគ្នាអស់រយៈពេល ជិត ២ឆ្នាំ។
រឿងរ៉ាវបែកបាក់គ្នាដដែលបានផ្ទុះឡើងជាថ្មី ប៉ុន្តែចំពោះតារាសម្ដែង Lee Sang Yoon និង Uee។ អ្នកទាំង២ បានប្រកាសឲ្យដឹងពីចំណងស្នេហ៍ពួកគេកាលពីខែឧសភា ឆ្នាំ ២០១៦ ប៉ុន្តែមិនបាន១ឆ្នាំផង ស្នេហានេះក៏ត្រូវបញ្ចប់។
ខែកុម្ភៈ៖
ថ្ងៃទី ២៥ ខែកុម្ភៈ មានព័ត៌មានមកថា តារាសម្ដែង Nam Goong Min និងតារាម៉ូដែល Jin Ah Reum មានទំនាក់ទំនងស្នេហានឹងគ្នា។
ខែមីនា
ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៧ រឿងរ៉ាវថ្មីមួយទៀតក៏បានផ្ទុះឡើង ខណៈតារាចម្រៀង Kevin Woo បានសម្រេចចាកចេញពីក្រុម U-KISS ក្រោយរួមដំណើរជាមួយក្រុមរយៈពេល ៩ឆ្នាំ។ ការចាកចេញរបស់ Kevin គឺដើម្បីបំពេញក្ដីស្រមៃរបស់លោកផ្សេងទៀត។
ថ្ងៃទី ២១ ខែមីនា តារាសម្ដែងប្រុសស្រី Shin Ha Kyun និង Kim Go Eun បានបែកគ្នាហើយ ក្រោយស្រឡាញ់គ្នាបានជាង ១ឆ្នាំ។
ថ្ងៃទី ៣០ ខែមីនា ឆ្នាំនេះ ជាពេលវេលាដ៏អស្ចារ្យ និងមិនអាចបំភ្លេចបាន ខណៈតារាប្រុសល្បីរបស់កូរ៉េ Rain បានមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី SMART Mega Concert។ នេះជាលើកទី ១ហើយក្នុងប្រវត្តិសាស្ត្រសម្រាប់តារាប្រុសដែលប្រជាជនខ្មែរតែងហៅថា ជា "លីយ៉ុងចេ" រូបនេះ បានមកសម្ដែងប្រទេសកម្ពុជាតាំងពីចូលសិល្បៈមក។
ខែមេសា
ចូលដល់ខែមេសា តារាចម្រៀងទោល IU បានរងនូវអំពើយាយីផ្លូវភេទ ពីបុរសម្នាក់ដែលជាតារា YouTube។ ប៉ុន្តែកាលពីថ្ងៃទី ១១ ខែមេសា មានព័ត៌មានបានផ្សាយថា IU បានចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់បុរសម្នាក់នោះហើយ បន្ទាប់ពីនាងរងនូវសម្ដីមិនសមរម្យ និងការតាមព្យាបទពី តារា YouTube រូបនោះ។
ខែឧសភា
ថ្ងៃទី១២ ខែឧសភាឆ្នាំនេះ តារាចម្រៀង Lee Min Ho បានចូលបំពេញកាតព្វកិច្ចជូនជាតិជាផ្លូវការ។ លោកត្រូវឃ្លាតឆ្ងាយពីរង្វង់សិល្បៈរយៈពេល ២ឆ្នាំ ហើយឆ្នាំ ២០១៩ ទើប Min Ho បញ្ចប់ការងារនេះ។
ថ្ងៃទី ២២ ខែឧសភា មានព័ត៌មានគួរឲ្យសោកស្ដាយមួយបានផ្ទុះឡើង នោះគឺ Sistar សម្រេចបំបែកក្រុម។ ប៉ុន្តែមុនឈានដល់ការរំសាយក្រុមជាផ្លូវការ Sistar ក៏បានចេញបទចម្រៀង១បទជាចំណងដៃមានចំណងជើងថា "Lonely” ចេញថ្ងៃទី ២៩ ខែឧសភា។
ថ្ងៃទី ៣១ ខែឧសភា គូស្នេហ៍រួម ផលិតកម្ម SM គឺ Kai និង Krystal សម្រេចលែងដៃ ដើរផ្លូវរៀងខ្លួន ក្រោយស្រឡាញ់គ្នាអស់រយៈពេល ១ឆ្នាំ។
ខែមិថុនា
ថ្ងៃ ០១ ខែមិថុនា ព័ត៌មានមួយ ល្បីឡើងពេញអ៊ីនធឺណិត គឺទាក់ទងនឹងតារាចម្រៀង T.O.P ត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងករណីជក់កញ្ឆា ដែលជាអំពើខុសច្បាប់។ ដោយសារហេតុផលនេះ លោកក៏ត្រូវគេបណ្ដេញចេញពីយោធាទៀតផង។
ឈានចូលដល់ថ្ងៃទី ០៦ ខែមិថុនា មានដំណឹងថា T.O.P បានដួលសន្លប់បាត់បង់ស្មារតី និងត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។
ថ្ងៃទី ០៩ ខែមិថុនា Hoya តារាចម្រៀងមានប្រជាប្រិយម្នាក់ក្នុងក្រុមចម្រៀងប្រុសកូរ៉េ INFINITE បានចាកចេញពីក្រុមហើយ ខណៈកុងត្រារបស់ខ្លួនជាមួយផលិតកម្មត្រូវបញ្ចប់ជាស្ថាពរ។
ថ្ងៃទី ២៦ ខែមិថុនា មេក្រុម Super Junior គឺតារាចម្រៀង Lee Teuk បានជួបប្រទះហេតុការណ៍អាក្រក់ ដោយត្រូវចោរប្លន់ អំឡុងពេលលោកទៅថតកម្មវិធីកម្សាន្តមួយនៅប្រទេសស្វីស។ ឡានរបស់តារាប្រុសវ័យ ៣៣ឆ្នាំរូបនេះ រងនូវការខូចខាតជាដំណំ ហើយអ្វីៗក្នុងឡាន ក៏ត្រូវចោរលួចយកអស់ដែរ ដូចជា៖ ទូរសព្ទ លិខិតឆ្លងដែនរបស់លោក និងជំនួយការ។
ថ្ងៃទី ២៦ដដែល អ្នកតំណាងក្រុមហ៊ុនរបស់ Jun Ji Hyun បានប្រកាសឲ្យដឹងថា តារាស្រីពោរពេញទៅដោយទេពកោសល្យសម្ដែងរូបនេះ ពរពោះកូនទី ២ហើយ ក្រោយបញ្ចប់ការងារថតរឿងភាគដ៏ល្បី "Legend Of The Blue Sea”។ កូនទី ២នេះ នឹងប្រសូតនៅឆ្នាំ ២០១៨។
ខែកក្កដា
ថ្ងៃទី ០៤ ខែកក្កដា គូស្នេហ៍ Song Joong Ki និង Song Hye Kyo បានប្រកាសពីដំណឹងរៀបការ ដែលនាំឲ្យគ្រប់គ្នាដែលជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។
ថ្ងៃទី ០៦ ខែកក្កដាឆ្នាំ ២០១៧ តារាស្រីសិចស៊ី Gain និងតួប្រុសក្នុងរឿង "ក្រមុំឡិកឡក់កំលោះទុយមុយ” បានបែកផ្លូវគ្នាហើយ។ ក្រោយទាក់ទងគ្នាអស់រយៈពេល ៣ឆ្នាំ។ មូលហេតុនៃការបែកបាក់ស្នេហានេះ បើតាមព័ត៌មានបានឲ្យដឹង ដោយសារ Gain បាននិយាយថា Joo Ji Hoon ជាមនុស្សញៀនថ្នាំ។
ឈានចូលដល់ថ្ងៃទី ១០ ខែកក្កដា ព័ត៌មានបែកបាក់មួយទៀតក៏បានផ្ទុះឡើងនោះ គឺ Sulli និងគូស្នេហ៍ឈ្មោះ Kim Min Jun បានប្រេះឆានឹងគ្នា ក្រោយស្រឡាញ់គ្នាមិនបានកន្លះឆ្នាំផង។
ថ្ងៃទី ១២ ខែកក្កដា Eunhyuk សមាជិកក្រុម Super Junior បានចេញពីជួរយោធា បញ្ចប់កាតព្វកិច្ចជាយោធា ជាផ្លូវការ។
ព្រឹកថ្ងៃទី ១២ ដដែលក៏មានរឿងរ៉ាវមួយទៀតទាក់ទងនឹងតារាចម្រៀងផលិតកម្ម SM ដែរ គឺ Onew មេក្រុម SHINee ត្រូវនាំខ្លួនទៅប៉ុស្តិប៉ូលិស ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីបៀតបៀនផ្លូវភេទចំពោះនារីម្នាក់ក្នុងក្លឹបកម្សាន្តមួយក្នុងក្រុងសេអ៊ូល។
ថ្ងៃទី ១៤ ខែកក្កដា ពោលគឺក្រោយ Eunhyuk ២ថ្ងៃ Donghae តារាចម្រៀងក្រុម Super Junior ដដែលក៏បានបញ្ចប់កាតព្វកិច្ចដ៏សំខាន់ជូនជាតិដោយជោគជ័យបំផុតដែរ។
ខែសីហា
ដោយឡែកឈានចូលថ្ងៃទី ១៤ ខែសីហា តារាសម្ដែងញញឹមស្រស់ Ji Chang Wook ក៏ត្រូវដល់ថ្ងៃកំណត់ចូលបម្រើក្នុងជួរទាហាន។
ថ្ងៃទី ១៨ ខែសីហា រឿងរ៉ាវប្រេះឆា បានកើតឡើងជាថ្មីទៀតកក្រើកពិភពសិល្បៈកូរ៉េ នោះគឺគូស្នេហ៍វ័យក្មេង Nam Joo Hyuk និង Lee Sung Kyung បានចែកផ្លូវគ្នាហើយ បន្ទាប់ពីទាក់ទងគ្នាចងសម្ព័ន្ធស្នេហានឹងគ្នាមិនដល់មួយឆ្នាំផង។
ថ្ងៃទី ១៨ ខែសីហាដដែល តារាប្រុសរូបសង្ហារបស់ផលិតកម្ម SM ២រូប Siwon និង Changmin បានបញ្ចប់ការងារបម្រើប្រទេសហើយ ក្រោយតស៊ូក្នុងវិស័យការពារជាតិអស់រយៈពេល ២១ខែ។
ថ្ងៃទី ២៥ ខែសីហា ស្នេហារបស់តារាសម្ដែងប្រុសកូរ៉េ Lee Jun Ki និងតារាស្រី Jeon Hye Bin ត្រូវព្រាត់ប្រាសគ្នា ក្រោយចាប់ផ្ដើមមិនបានប៉ុន្មានផង។
ខែកញ្ញា
តារាចម្រៀងលេចធ្លោម្នាក់របស់ផលិតកម្ម JYP Jo Kwon បានដើរចេញពីផលិតកម្មធំនេះហើយកាល ពីថ្ងៃទី២២ ខែកញ្ញា ក្រោយជ្រកក្រោមផលិតកម្មនេះអស់រយៈពេលជាង ១៦ឆ្នាំ។
ខែតុលា
កាលពីយប់ថ្ងៃទី ០៩ ខែតុលា អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង ពេលទទួលដំណឹងថា សមាជិក ៣រូបរបស់ Girls' Generation បានសម្រេចចិត្តដើរចេញពីក្រុមហើយ។ អ្នកទាំង ៣រួមមាន Tiffany, Sooyoung និង Seohyun។ មូលហេតុគឺពួកគេចង់សម្រេចក្ដីស្រមៃរបស់ខ្លួនម្នាក់ៗ លើអាជីពផ្សេងៗគ្នា។
ថ្ងៃទី ២៣ ខែតុលា តួប្រុសក្នុងរឿង "សង្សារខ្ញុំមនុស្សភពផ្កាយ” Kim Soo Hyun បានចូលបំពេញកាតព្វកិច្ចដ៏សំខាន់សម្រាប់ប្រទេសជាតិជាផ្លូវការ។
ថ្ងៃពុធ ទី ២៥ ខែតុលា ឆ្នាំ ២០១៧ ព័ត៌មានមង្គលបានផ្សព្វផ្សាយពេញបណ្ដាញអ៊ីនធឺណិត ខណៈកូនស្រីដំបូងរបស់ Rain និង Kim Tae Hee បានប្រសូត។
ថ្ងៃទី ៣០ ខែតុលា មានដំណឹងរន្ធត់មួយផ្ទុះឡើង គឺតារាសម្តែងរបស់ប្រទេសកូរ៉េលោក Kim Joo Hyuk បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ប៉ុន្មាននាទីក្រោយលោកបានជិះចេញពីផ្ទះ។ បើតាមការធ្វើកោសល្យវិច័យ បានឲ្យដឹងថា ការស្លាប់របស់លោក អាចបណ្ដាលមកពីអាការៈគាំងបេះដូង ហើយមិនអាចទប់លំនឹងបាន ក៏បានបើកឡានធ្លាក់ផ្លូវ និងនាំឲ្យស្លាប់តែម្ដង។
ថ្ងៃទី៣១ ខែតុលា មង្គលការរបស់កំពូលតារាប្រុសស្រីប្រចាំប្រទេសកូរ៉េ Song Joong Ki និង Song Hye Kyo ក៏បានប្រារព្ធឡើងតាមការគ្រោងទុក។ ព័ត៌មាននេះបានធ្វើឲ្យបណ្ដាញផ្សព្វផ្សាយជាច្រើននៅជុំវិញពិភពលោក ផ្ដោតការចាប់អារម្មណ៍ជាខ្លាំង។
ខែវិច្ឆិកា
ថ្ងៃទី ១៣ ខែវិច្ឆិកា ព័ត៌មានមួយបានល្បីសុសសាយភ្លាមៗ ពាក់ព័ន្ធនឹងរឿងរ៉ាវរវាងតារាស្រីប្រុសល្បីឈ្មោះប្រចាំប្រទេសកូរ៉េ BoA និង Joo Won បានបែកគ្នាក្រោយទាក់ទងគ្នាអស់រយៈពេល ១ឆ្នាំ។
កាន់តែកក្រើកសិល្បៈ នៅថ្ងៃទី ១៦ ខែវិច្ឆិកា បណ្ដាញព័ត៌មានគ្រប់ទិសទី បានផ្សាយថា ចំណងស្នេហ៍របស់កំពូលតារាប្រុសស្រីលំដាប់កំពូលប្រចាំប្រទេសកូរ៉េ Lee Min Ho និង Bae Suzy បានឈានដល់ផ្លូវបំបែកហើយ ក្រោយទាក់ទងគ្នាបាន ២ឆ្នាំ។
ថ្ងៃទី ១៧ ខែវិច្ឆិកា Kangin សមាជិកក្រុម Super Junior ត្រូវបានចាប់ខ្លួន ដោយសារជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រើអំពើហិង្សាលើមិត្តស្រី។
ថ្ងៃទី ២៦ ខែវិច្ឆិកា Taeyeon បានជួបប្រទះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែជាសំណាងល្អ នាងមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់អាយុជីវិតឡើយ។
ខែធ្នូ
ថ្ងៃទី ០១ ខែធ្នូ ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ដ៏ធំ MAMA ឆ្នាំ ២០១៧ បានប្រព្រឹត្តិឡើងយ៉ាងឱឡារិក ក្នុងទីក្រុងហុងកុង។ ឆ្នាំនេះ MAMA បានរៀបចំដល់ទៅ ៣ប្រទេស ពោលគឺខុសពីរាល់ឆ្នាំ។ មុនឈានដល់ថ្ងៃផ្ដាច់ព្រ័ត្រក្នុងទីក្រុងហុងកុង MAMA បានរៀបចំ២ថ្ងៃរួចមកហើយ គឺនៅប្រទេសវៀតណាម កាលពីថ្ងៃទី ២៦ និងប្រទេសជប៉ុន ថ្ងៃទី ២៩ ខែវិច្ឆិកា។ ត្បិតរៀបចំយ៉ាងពិសេសយ៉ាងណាក្ដីប៉ុន្តែ សម្រាប់ឆ្នាំនេះ MAMA បានរងនូវមតិរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកដែលតែងគាំទ្រកម្មវិធី ដោយសារជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវអយុត្តិធម៌ លើលទ្ធផលពានរង្វាន់។
ថ្ងៃទី ០៩ ខែធ្នូ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំមួយទៀតបានប្រព្រឹត្តិឡើងក្នុងប្រទេសកម្ពុជា ដែលមានការចូលរួមជាពិសេសពីសំណាក់ តារាចម្រៀងដ៏ល្បីឈ្មោះរបស់កូរ៉េ CL។ គ្រប់គ្នា ដែលជាអ្នកគាំទ្ររបស់តារាស្រីរូបនេះ ក៏ដូចជារបស់ក្រុម 2NE1 មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយទទួលបានដំណឹងថា CL មកសម្ដែងក្នុងប្រទេសកម្ពុជា ហើយថ្ងៃប្រគំតន្ត្រីនេះទៀតសោត ក៏មានអ្នកគាំទ្រជាច្រើនទៅទស្សនា ហើយពេលវេលាដ៏អស្ចារ្យនេះ ពិតជាស្ថិតក្នុងដូងចិត្តពួកគេទាំងអស់មិនអាចបំភ្លេចបានឡើយ។
ថ្ងៃទី ១៨ ខែធ្នូ ផលិតកម្ម YG បានប្រកាសពីគម្រោងរៀបការ របស់តារាចម្រៀង Taeyang និង Min Hyo Rin តាមសេចក្ដីរាយការណ៍បញ្ជាក់ថា អាពាហ៍ពិពាហ៍នេះ គ្រោងប្រារព្ធខៅខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ មុនពេលតារាចម្រៀងTaeyang ចូលទៅបម្រើទាហាន ។
ថ្ងៃទី ១៨ ដដែល ព័ត៌មានតក់ស្លុតមួយក៏បានកើតឡើង នោះគឺ Jonhyun សមាជិកក្រុម SHINee បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ក្រោយមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។ ដំណឹងនេះនាំឲ្យសាច់ញាតិ អ្នកគាំទ្រ ព្រមទាំងមិត្តភ័ក្ដិទាំងអស់ មានការសោកស្ដាយ និងក្ដុកក្ដួលចំពោះការបាត់បង់តារាប្រុសរូបនេះជាខ្លាំង។
ថ្ងៃទី ២៧ ខែធ្នូ ផលិតកម្ម JYP បានប្រកាសថា ក្រុមចម្រៀងនារីមួយទៀតរបស់ខ្លួនគឺ miss A បានរំសាយក្រុមជាស្ថាពរហើយ ក្រោយឈរជាក្រុមអស់រយៈពេលជាង ៧ឆ្នាំ៕