ខេត្តស្ទឹង​ត្រែង​ មាន​ទីតាំង​ផលិត​ទឹក​ត្រី​ធំមួយកន្លែង រសជាតិឆ្ងាញ់ មិន​ចាញ់​ទឹកត្រី​នាំចូល​

  • 2018-01-16 03:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍​មួយ​បាន​ប្រមូល​ផ្ដុំ​ស្រ្តី ដើម្បី​ផលិត​ទឹក​ត្រី​មានរសជាតិ​ឆ្ងាញ់ ហើយ​កំពុង​ល្បីល្បាញ​ខ្លាំង​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។ ទឹកត្រីសញ្ញាត្រីប៉ាស៊ីអ៊ី មាន​តែ​មួយ​កន្លែង​ និង​ធំ​ជាង​គេ​នៅ​ក្នុង​ខេត្ត​ កំពុង​ប្រកួត​ប្រជែង​ជាមួយ​ទឹក​ត្រី​បរទេស។

1.     អ្នក​ស្រី ញ៉ុន វណ្ណា​រ៉ា អាយុ ៥៤ ឆ្នាំ​ជា​ប្រធាន​ស្តីទី​នៃ សហគ្រាស​សហគមន៍​ស្ត្រី​ផលិត​ទឹក​ត្រី​កោះ​ព្រះ សញ្ញា​ត្រី​ប៉ាស៊ី​អ៊ី។ អ្នកស្រី បាន​បង្កើត​សហគមន៍​ផលិត​ទឹក​ត្រី នៅ​ឆ្នាំ ២០១២ ដោយ​គៀង​គរ​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ ពិសេស​ស្ត្រី​ឱ្យ​មក​ចូល​រួម។  

2.     អ្នក​ស្រី ញ៉ុន វណ្ណារ៉ា និង​ក្រុម​ការងារ​ កំពុង​ឈរ​នៅ​ពី​ខាង​មុខ​សហ​គ្រាស​របស់​អ្នក​ស្រី។ សហ​គ្រាស​ផលិត​ទឹកត្រី​ដែល​មាន​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​នេះ មាន​ទី​តាំង​នៅ​ក្នុង​ភូមិ/ឃុំ កោះ​ព្រះ ស្រុក​សៀម​បូក។ បច្ចុប្បន្ន​សហ​គ្រាស​នេះ មាន​បុគ្គលិក​ចំនួន ១១​នាក់។

3.       បើ​ទោះ​ជា​ស្លាក​សញ្ញា​សរ​សេរ​ថា​ ទឹក​ត្រី​សញ្ញា​ត្រី​ប៉ា​ស៊ីអ៊ី​ក៏​ពិត​មែន ក៏​ប៉ុន្តែ ទឹក​ត្រី​នេះ​មិន​មែន​ផលិត​ពី​ត្រី​ប៉ា​ស៊ីអី​នោះ​ទេ ។ ត្រី​ល្អិតៗ​ គឺ​ជា​វត្ថុ​ធាតុ​ដើម​ចាំ​បាច់ សម្រាប់​ផលិត​ទឹក​ត្រី​នៅ​ឃុំ​កោះ​ព្រះ​នេះ​។  ត្រី​ទាំង​នោះ​ត្រូវ​គេ​យក​មក​ប្រឡាក់​អំបិល ហើយ​ផ្អាប់​ទុក​ដើម្បី​ផលិត​ជា​ទឹក​ត្រី​។

4.     អ្នក​ស្រី ញ៉ុន វណ្ណារ៉ា កំពុង​ដួស​កំណក​ពពុះ ចេញ​ពី​ខ្ទះ​ស្ងោរ​ទឹក​ត្រី។ ការ​ស្ងោរ​រម្ងាស់​ទឹក​ត្រី​នេះ ធ្វើ​ឡើង​ដោយ​ការ​ផ្សំ​គ្នា​រវាង ទឹក​ត្រី​ផ្អាប់ ៦​គីឡូ​ក្រាម អំបិល​១៨​គីឡូ​ក្រាម និង​ទឹក​មួយ​ខ្ទះ​ត្នោត​។ ពេល​រម្ងាស់​រួច​ហើយ គេ​យក​ទឹក​ត្រី​ យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​ស្អាត​មួយ ក្នុង​រយៈ​ពេល​ពី១​អាទិត្យ ទៅ​១​ខែ ដើម្បី​រង់​ចាំ​ការ​ច្រក​ដប និង វេច​ខ្ចប់។ 

5.     អ្នក​ស្រី ញ៉ុន វណ្ណារ៉ា និង​បុគ្គលិក កំពុង​បង្ហូរ​ទឹក​ត្រី​ពី​ធុង​រក្សា​ទុក ដាក់​ក្នុង​ដប។ បន្ទាប់​មក​បុគ្គលិក​ឯ​ទៀត បិទ​ស្លាក​សញ្ញា  វេច​ខ្ចប់​និង​បញ្ជូន​ទៅ​កាន់​ទី​ផ្សារ​។ បរិមាណ​នៃ​ការ​ច្រក​ដប គឺ​អាស្រ័យ​លើ​ការ​បញ្ជា​ទិញ​។

6.     ទឹក​ត្រី​សញ្ញា​ត្រី​ប៉ាស៊ី​អ៊ី មាន​ទី​ផ្សារ​ច្រើន​ជាង​គេ​តែ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​ប៉ុណ្ណោះ។ ទឹក​ត្រី​នេះ មាន​រស​ជាតិ​ឆ្ងាញ់ មិន​ចាញ់​ទឹក​ត្រី​នាំ​ចូល ឬ​ទឹក​ត្រី​ដែល​ធ្វើ​ដោយ​សិប្ប​កម្ម ឬ សហ​គ្រាស​ធំៗ​នោះ​ទេ។ ទឹក​ត្រី​នេះ មិន​មាន​បន្ថែម​សារ​ធាតុ​គីមី​ ដែល​អាច​ឱ្យ​រក្សា​ទុក​បាន​យូរ​នោះ​ឡើយ​។

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម
អត្ថបទថ្មី