ឆ្មាមុខក្រញូវល្បីឈ្មោះ ឈ្នះក្តីមួយបានលុយជាង ៧សែនដុល្លារ
- 2018-01-25 02:48:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្មាមុខក្រញូវល្បីឈ្មោះ ឈ្នះក្តីមួយបានលុយជាង ៧សែនដុល្លារ
ចន្លោះមិនឃើញ
សត្វឆ្មាមួយក្បាលមានរហស្សនាមថា Grumpy Cat ដែលបានល្បីល្បាញនៅលើបណ្តាញអ៊ីនធឺណិត ដោយសារតែមុខក្រញូវជាប់ បានឈ្នះក្តីក្នុងករណី សិទ្ធិបញ្ញា និងទទួលបានលុយ ចំនួន ៧១០ ០០០ ដុល្លារ។
ឆ្មាមុខក្រញូវដែលមានក្រុមហ៊ុនឈ្មោះថា Grumpy Cat Limited បានប្តឹងម្ចាស់ក្រុមហ៊ុនកាហ្វេអាមេរិកមួយឈ្មោះថា Grenade Beverage ពីបទបំពានលើកិច្ចព្រមព្រៀងលើរូបភាពរបស់ឆ្មានេះ។ ក្រុមហ៊ុននោះមានសិទ្ធិប្រើប្រាស់រូបឆ្មាមុខក្រញូវ ដើម្បីលក់ភេសជ្ជៈកំប៉ុង Grumppuccino ប៉ុន្តែក្រុមហ៊ុនបែរជាបំពានលើកិច្ចសន្យា ប្រើប្រាស់រូបនោះលើផលិតផលផ្សេងទៀតទៅវិញ។
គួររំលឹកឲ្យដឹងថា សត្វឆ្មាដែលមានឈ្មោះពិតថា Tardar Sauce បានល្បីយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០១២ បន្ទាប់រូបថតរបស់វាត្រូវបានគេបង្ហោះ និងចែកចាយពាសពេញបណ្តាញសង្គម។ រូបថតដើមត្រូវបានបង្ហោះនៅលើគេហទំព័រ Reddit ដោយបងប្រុសរបស់ម្ចាស់ឆ្មា ឈ្មោះ Tabatha Bundesen ហើយក្រោយមកក៏ត្រូវអ្នកលេងបណ្តាញសង្គម យករូបនោះទៅកាត់តធ្វើជារូបត្លុក (Meme) ដោយភ្ជាប់ជាមួយអក្សរបែបកំប្លុកកំប្លែងផងដែរ។
នៅក្នុងឆ្នាំ២០១៣ ក្រុមហ៊ុន Grenade Beverage ដែលជាកម្មសិទ្ធិរបស់ឪពុកកូនឈ្មោះ Nick និង Paul Sandford បានធ្វើកិច្ចសន្យាតម្លៃ ១៥០ ០០០ដុល្លារ ដើម្បីលក់ភេសជ្ជៈកាហ្វេ ដែលមានរូបឆ្មា Grumpy Cat នៅលើផលិតផលរបស់ខ្លួន។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន Grumpy Cat Limited ក៏បានប្តឹងពួកគេពីបទបំពានលើកិច្ចសន្យាតែម្តង។
យ៉ាងណាមិញ តុលាការបានអះអាងថា ពួកគេបានល្មើសលើកិច្ចព្រមព្រៀង ដោយលក់កាហ្វេលីង និងអាវយឺត Grumppucino ដែលមានរូបឆ្មា Grumpy Cat នោះ៕
ចុចអាន៖