ម្ចាស់​សិប្បកម្ម​កំប្លោក៖ «កំប្លោក​បាន​ជិះ​យន្ត​ហោះ​មុន​ម្ចាស់» (មានវីដេអូ)

  • 2018-02-04 03:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«មាន​តែ​កំប្លោក​ខ្ញុំ​ទេ ដឹក​តាម​យន្ត​ហោះ ជិះកប៉ាល់​ទឹក តែ​ខ្ញុំ​ជា​ម្ចាស់​អត់​ទាន់​បាន​ជិះ​ទេ មិន​ដឹង​ពេល​ណា​មាន​លុយ​ទៅ​លេង​ដូច​កំប្លោក​ខ្ញុំ​ទេ»។ នេះ​ការ​លើក​ឡើង​របស់  អ្នក​ស្រី សូរ សម្បត្តិ ប្រធាន​សមាគម​សិប្បកម្ម​កំប្លោក​ភ្នំ​ក្រោម ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប។

អ្នក​ស្រី សូរ សម្បត្តិ ប្រធាន​សមាគម​សិប្បកម្ម​កំប្លោក​ភ្នំ​ក្រោម ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប

កំប្លោក​ដែល​គេ​ស្ទើរ​តែ​បោះបង់​ ឬ មិន​ចាប់​អារម្មណ៍​សោះ ប៉ុន្តែ អ្នកស្រី សូរ សម្បត្តិ បាន​ច្នៃ​កំប្លោក​ទៅ​ជា​វត្ថុ​អនុស្សាវរីយ៍​ ជាពិសេស​កាបូប​ប្រើប្រាស់​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​កំប្លោក​មាន​តម្លៃ រហូត​មាន​ទីផ្សារ​ដល់​បរទេស​ដូចជា អេស្ប៉ាញ ឥណ្ឌូណេស៊ី ជាពិសេស​ ជប៉ុន និង កូរ៉េ មាន​ការ​បញ្ជា​ទិញ​ច្រើន​ជាង​គេ។

«ដំបូង​ប្ដី​ខ្ញុំ​អត់​គាំទ្រ​ទេ និង​អត់​ទៅ កាត់​កំប្លោក​ឲ្យ​ដែរ ពេល​ខ្ញុំ​ធ្វើ​ដំបូង​ប្រភេទ​អង្រឹង ធ្វើ​អត់​ស្អាត​ គាត់​យក​អង្រឹង​ខ្ញុំ​ទៅ​បោះចោល​នៅ​កន្លៀត​ជញ្ជាំង ខ្ញុំ​ឃើញ​រើស​យក​មកវិញ​ ក៏​យក​ទៅ​លាង​ទឹក​ទុក​មួយ​កន្លែង​ស្រាប់​តែ​ភ្ញៀវ​ឃើញ​គេ​ទិញ​យក​អស់​រលីង ឥលូវ​ប្ដី​ខ្ញុំ​ជឿជាក់​លើ​ខ្ញុំ»។ នេះ​បើ​តាម​ការ​រៀបរាប់​ពី​អ្នកស្រី​សម្បត្តិ នូវ​​ប្រវត្តិ​ នៃ​ការ​ចាប់​ផ្ដើម​ធ្វើ​ច្នៃ​កំប្លោក​ធ្វើ​កាបូប​ដំបូង។

សូមទស្សនាវីដេអូ

អ្នកស្រី​សម្បត្តិ ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩ ដល់ ឆ្នាំ ២០០០ គឺជា​ទាហាន​កង​ការពារ​ឃ្លាំង​នៅ​ភ្នំ​ក្រោម ដែល​ឆ្លង​កាត់​ការ​ហ្វឹកហាត់ និង ស៊ី​អត់​ស៊ី​ឃ្លាន​ នៅ​អំឡុង​ពេល​តស៊ូ។ ចាប់​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១០ អ្នក​ស្រី​ ជា​ទាហាន​ផង និង​ឆ្លៀត​ធ្វើ​ស្រែចម្ការ​ផង ប្រើប្រាស់​កម្លាំង​សុទ្ធសាធ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ទាំង ៥នាក់ ស្រី ៤ ប្រុស ១។

នៅ​អំឡុង​ឆ្នាំ​ ២០១០ អ្នក​ស្រី បាន​រៀន​សូត្រ ពី​គ្រូ​ជនជាតិ​ជប៉ុន ច្នៃ​កំប្លោក​ធ្វើ​ជា​កាបូប និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង ដោយ​អ្នក​ស្រី​ជា​មនុស្ស​មាន​ការ​ប្រឹងប្រែង និង​យក​ចិត្ត​ទុក​ផង បាន​ក្លាយ​ទៅ​ជា​អ្នក​ច្នៃ​កាបូប​ធ្វើ​ពី​កំប្លោក​បាន​ស្អាត​ជាង​គេ រហូត​ក្លាយ​ជា​សិប្បកម្ម​កំប្លោក​ល្បីល្បាញ​ជាង​គេ​នៅ​ភ្នំ​ក្រោម។

រឿង​ដែល​អ្នក​ស្រី​សម្បត្តិ​ស្ទើរ​តែ​មិន​ជឿ​នោះ​គឺ «មុខរបរ​កំប្លោក​ស្ទើរ​តែ​គេ​គ្រវាត់​ចោល​ ឥលូវ​ខ្ញុំ​ធ្វើ​ឲ្យ​កំប្លោក​អាច​ជិះ​យន្ត​ហោះ​បាន»៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក វគ្គ២

អត្ថបទពេញនិយម