ពិតជាល្អបំផុត! កម្ពុជានឹងមានរោងចក្រកែច្នៃសំរាម២ប្រភេទ មានប្រយោជន៍មិនធម្មតា

  • 2018-02-14 02:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មិន​មាន​ការ​ប្រែប្រួល​ទេ ឆាប់​ៗ​ខាង​មុខ​នេះ​កម្ពុជា​នឹង​មាន​រោង​ចក្រ​កែច្នៃ​សំរាម​២​ប្រភេទ ដើម្បី​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ជាតិ ក៏​ដូចជា​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស​បាន​យ៉ាង​ល្អ​ប្រសើរ។ ខាង​ក្រោម​នេះ គឺ​ជា​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​សំរាម​នៅ​កម្ពុជា៖

១. រោងចក្រ​ប្រមូល​សំរាម​ផលិត​ថាមពល​វារីអគ្គិសនី

​ ​ថ្នាក់​ដឹកនាំ​នៃ​ក្រុមហ៊ុន​ដ៏ធំមួយ​នៅប្រទេសចិន​ ​បាន​បង្ហើប​ពីបំណង​ចង់​វិនិយោគ​រោងចក្រ​ប្រមូល​សំរាម​ ​ផលិត​ជា​អគ្គិសនី​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា​។ ​ដំណឹង​នេះបាន​លេច​ឡើង​ ​បន្ទាប់​ពី​​ជំនួប​រវាង​គណៈ​ប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម​ និងប​​ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គិសនី​ ZDWT នា​ពេល​កន្លង​ទៅ។

(រោងចក្រផលិត​ថាមពល​អគ្គិសនី​ ZDWT នៅប្រទេសចិន)

លោក Chen Zefeng ប្រធានក្រុមហ៊ុនខាងលើ ​បាន​ថ្លែង​ចំពោះ​មុខ​មន្ត្រី​ជាន់​ខ្ពស់​របស់កម្ពុជា​ថា លោក​មាន​បំណងទៅ​វិនិយោគ​គម្រោង​ផលិត​ថាមពល​អគ្គិសនី​ចេញពី​ការ​ដុតសំរាម​នេះ​នៅ​ប្រទេស​កម្ពុជា។ ស្របគ្នានោះ ក្រុមហ៊ុន​ចិន​ក៏​បាន​ស្នើសុំ​បើក​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ ​នៅទីក្រុង​ប៉េកាំង ដោយ​សន្យា​ផ្តល់​នៅ​ទីតាំង​សម្រាប់​ការបង្កើត​មជ្ឈមណ្ឌល​ផងដែរ។

ប្រភពពីក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ដ៏ធំ​មួយនេះ​ប្រវត្តិ​ដំណើរ​ការ​ក្នុងវិស័យ​នេះជាង ​២០មក​ហើយ​។ ​​បច្ចុប្បន្ន​​បាន​ពង្រីករោង​ចក្រ​ផលិត​អគ្គិសនី​ចេញពី​ការដុត​សំរាម​ ​មាន​ទាំង​ខ្នាតតូច​ និងធំ ​នៅតាម​ខេត្ត​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​ ព្រមទាំង​មានដៃគូ​សហការ​ជាមួយ​ប្រទេស​ជាច្រើន​ ​ដូចជា​៖ ប្រទេស​ជប៉ុន​ ឥណ្ឌា ​អាមេរិក ​អាឡឺម៉ង់​។ល។

២. រោងចក្រ​កែច្នៃ​សំរាម​ចេញ​ជា​សម្ភារៈ​ប្រើប្រាស់

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នឹង​បង្កើត​ទីលាន​ចាក់​សំរាម​ថ្មី​មួយ ស្ថិត​ក្នុង​ឃុំ​មៀន ​ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់ចាម ដែល​មាន​ទីកន្លែង​សម្រាប់​កែច្នៃ​សំរាម​ជា​កាក​សំណល់​ទាំង​អស់ ចេញ​ជា​សម្ភារៈ ឬ ឧបករណ៍​ដែល​អាច​ប្រើប្រាស់​បាន​។

កន្លែង​ចាក់សំរាម​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​បាន​ចុះ​មក​កំណត់​ទីតាំង​រួចរាល់​នោះ​ មាន​ផ្ទៃដី​ជាង​១០​ហិកតា​ ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៧​ ស្ពាន​ស្ទឹង​ប្រយោល​ប្រហែល​ជាង​១​គីឡូម៉ែត្រ និង​មាន​ចម្ងាយ​ពី​ក្រុង​កំពង់ចាម​ប្រមាណ​ជា ២០​គីឡូម៉ែត្រ​។​ សព្វថ្ងៃ​ខាង​មន្ត្រី​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​កំពុង​សហការ​ជាមួយ​ខាង​អាជ្ញាធរ​សិក្សា​លើ​គម្រោង​កន្លែង​ចាក់សំរាម​មួយ​នេះ​។​ នេះ​បើ​តាម​លោក ​ជាង​ហួ​ មេឃុំ​មៀន​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ​នេះ។

បន្ថែម​លើ​ពី​នេះ​ទៀត​ លោក ជា ​ក្រូច មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាខេត្ត​កំពង់ចាម​ បាន​ឲ្យដឹង​ថា អាជ្ញាធរ​ខេត្ត​ពិតជា​មាន​គម្រោង​បង្កើត​ទីលាន​ចាក់​សំរាម​នេះ​​មែន។ ប៉ុន្តែ​លោក​មិន​ទាន់​បង្ហើប​ប្រាប់​ពី​ចំនួន​ទឹកប្រាក់​ដើម្បី​ចំណាយ​លើ​គម្រោង​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ក្នុង​មួយ​ថ្ងៃ​ក្រុង​កំពង់ចាម មាន​សំរាម​កើនឡើង​ប្រមាណ​ជា ៥​តោន ដែល​ត្រូវ​បាន​ធ្វើការ​ប្រមូល​ដោយ​ក្រុមហ៊ុន​ស៊ិនទ្រី​៕

អត្ថបទ៖ វឌ្ឍនៈ