មាន៥ចំណុចនេះ ពេលរៀននៅសាកលវិទ្យាល័យ គឺលេចធ្លោខ្លាំងបំផុត

  • 2018-02-19 10:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ អាច​និយាយ​បាន​ថា ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​កសាង​ខ្លួន​ឯង​ឆ្ពោះ​ទៅ​រក​អនាគត​ដ៏​ត្រចះត្រចង់​នា​ពេល​ខាង​មុខ។ ទន្ទឹម​នឹង​នោះ​ដែរ ការ​កសាង​កេរ្តិ៍ឈ្មោះ​ និង​ភាព​លេចធ្លោ​អំឡុង​ពេល​រៀន ក៏​សំខាន់​ណាស់​ដែរ​សម្រាប់​និស្សិត​គ្រប់​រូប។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​ៗ ៥​យ៉ាង​គួរ​តែ​មាន​ពេល​រៀន​នៅ​សាកលវិទ្យាល័យ៖

១. ការ​ស្លៀក​ពាក់​សក្ដិសម​ជា​អ្នក​រៀន​សូត្រ​ពិតៗ

ឈាន​ជើង​ចូល​ដល់​បរិវេណ​សាលា រឿង​សំខាន់​បំផុត គឺ​ការ​ចេះ​រៀបចំ​ខ្លួន​ឲ្យ​សក្ដិសម​ជា​អ្នក​សិក្សា និង​ថ្លៃថ្នូរ។ ចំណុច​នេះ អាច​មាន​និស្សិត​ខ្លះ​ធ្វេស​ប្រហែស ជា​ពិសេស​សាកលវិទ្យាល័យ​ណា​ដែល​មិន​មាន​កំណត់​ឯកសណ្ឋាន គឺ​ស្លៀកពាក់​ឲ្យ​តែ​បានៗ តែ​វា​ជា​ភាព​លេច​ធ្លោ​មួយ​បើ​ការ​រៀបចំ​ខ្លួន​របស់​យើង​តែង​ពិសេស​ជាង​និស្សិត​ដទៃ។

២. មាន​ភាព​ក្លាហាន​ក្នុង​ការ​ទាក់ទង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន

ការ​មិន​ចេះ​មាត់ក​រក​អ្នក​ណា ចូលចិត្ត​សម្ងំ​ម្នាក់​ឯង​តែ​ក្នុង​ថ្នាក់ គឺ​មិន​ល្អ​ឡើយ​សម្រាប់​ជីវិត​ជា​និស្សិត។ ការ​ប្រាស្រ័យ​ទាក់ទង គឺ​សំខាន់​ណាស់ ដើម្បី​បង្កើត​ចំណង​មិត្តភាព និង​ទទួល​បាន​ព័ត៌មាន​ល្អៗ ពិសេស​អ្នក​ដែល​មាន​ក្រេឌីត​ខ្ពស់​ក្នុង​ថ្នាក់។ ដូច្នេះ​ហើយ មិន​ចាំ​បាច់​ត្រូវ​ខ្លាច​អ្នក​ណា​ឡើយ ត្រូវ​គិត​ថា យើង​បង់​លុយ​សាលា​ដូច​តែ​គ្នា​ទេ។

៣. ទោះ​បី​មិន​មែន​ជា​សិស្ស​ឆ្នើម​តែ​កុំ​ឲ្យ​ចាញ់​គេ​ឆ្ងាយ​ពេក

ភាព​លេច​ធ្លោ​របស់​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ មិន​ប្រាកដ​ថា លុះ​ត្រា​តែ​ជា​និស្សិត​ឆ្នើម​នោះ​ទេ ប៉ុន្តែ​ការ​មក​រៀន​ជាប់​លាប់ មាន​ភាព​ក្លាហាន​ក្នុង​ថ្នាក់ ក៏​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​គេ​ចាប់​អារម្មណ៍​ដែរ។ ចំណែក​ការ​រៀន​សូត្រ ក៏​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព ទោះ​មិន​ឈាន​ដល់​និស្សិត​ឆ្នើម តែ​យ៉ាង​ណា​កុំ​ឲ្យ​នៅ​បាត​តារាង​ពេក។

៤. ការ​ចូលរួម​កម្មវិធី​ប្រឡង​ប្រជែង​នានា

មាន​សមត្ថភាព តែ​ខ្វះភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញ​ជា​សាធារណៈ ក៏​ហាក់​មិន​សូវ​លេច​ធ្លោ​ដែរ។ ដូច្នេះ​ហើយ​ប្រសិន​បើ ក្នុង​សាកលវិទ្យាល័យ មាន​រៀបចំ​ការ​ប្រឡង​ប្រជែង​នានា គួរ​តែ​សាកល្បង ទោះ​ជោគជ័យ ឬ​បរាជ័យ តែ​យ៉ាង​ហោច​ណាស់​ក៏​មាន​គេ​ស្គាល់​ ចង់​រាប់​អាន​ដែរ។

៥. ការ​ចុះ​តាម​សហគមន៍ និង​ចូលរួម​កម្មវិធី​សង្គម​ឲ្យ​បាន​ច្រើន

មនុស្ស​ម្នាក់​ៗ​មិន​អាច ខ្លាំង​គ្រប់​យ៉ាង​នោះ​ទេ ការ​ចូលរួម​ក្នុង​សហគមន៍ និង​កម្មវិធី​សង្គម​នានា គឺ​ធ្វើ​ឲ្យ​យើង​ស្វែង​យល់​ពី​ខ្លួន​ឯង​បាន​ច្រើន សិក្សា​ពី​សង្គម​កាន់​តែ​ស៊ី​ជម្រៅ។ ជា​ពិសេស​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ល្អៗ​ជា​ច្រើន ដើម្បី​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត ចំណេះដឹង បទ​ពិសោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ល៕ ​​

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ