ប្រមូល​គ្នា ទៅ​ស៊ើប​រឿង​អាប ស្រាប់​តែ​ត្រូវអាប​ដេញ រត់​ចង់​ដាច់​ខ្យល់!

  • 2018-03-26 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១​សបា្តហ៍​កន្លង​មក​ផុត ទំព័រ "នឹក​ឡើង​ហួស​ចិត្ត" បាន​វិល​មក​វិញ។ ជាមួយ​គ្នា​នេះ អ្នក​បាត់​ដំបូង​ម្នាក់ បាន​លាត​ត្រដាង​ប្រាប់​ថា លោក​ធ្លាប់​ជួប​បទ​ពិសោធន៍​មួយ​ដែរ​កាល​លោក​មិន​ទាន់​ចេញ​ពី​ភូមិ​កំណើត​មក​ រាជធានី។ បទ​ពិសោធន៍​នោះ កឺ​ថាជួប​រឿង​ “អាប​ដេញ”។ ដូច្នេះ​សូម​តាម​ដាន​ការ​អធិប្បាយ​របស់​លោក តារា ខាង​ក្រោម៖

រូប​តំណាង

ខ្ញុំ ​បាទ​ជា​អ្នក​ស្រុក​គាស់​ក្រឡ ខេត្ត​បាត់ដំបង...និយាយ​ឲ្យ​ពិត​ទៅ ខ្ញុំ​មិន​ជា​អ្នក​មាន​ជំនឿ​ជឿ​លើ​រឿង​អបិយ​ជំនឿ​អូមអាម​​អី​នោះ​ទាល់​តែ​ សោះ ប៉ុន្តែ​ដោយ​សារ​អា​រឿង​មិន​ជឿ​ហ្នឹង​ហើយ ទើប​កើត​ជា​រឿង ព្រោះ​តែ​ចង់​ឈ្នះ​គេ ចង់​ដឹង និង​ចង់​សាក ស្រប​ពេល​មាន​ល្បី​ថា មាន​អាប ចេញ​រក​ស៊ី​ពេល​យប់​កណ្តាល​អាធ្រាត្រ​ហើយ​មាន​គេ​ឃើញ​រឿយៗ។

រឿង​នោះ កន្លង​យូរ​មក​ហើយ ហើយ​ក៏​ចាំ​មិន​អស់​ដែរ តែ​អាច​ប្រាប់​ដោយ​សង្ខេប​ថា កាល​ណោះ អំឡុង​ឆ្នាំ ១៩៩៧-៩៨ នៅ​មុខ​ផ្ទះ​ខ្ញុំ​តាម​បណ្ដោយ​ផ្លូវ​ជិត​លេខ​៥ មាន​ការ​ដ្ឋាន​សំណង់​ផ្ទះ​ល្វែង​មួយ​កំពុង​សាង ​សង់ ដែល​មាន​កម្មករ ៥-៦នាក់​អ្នក​នៅ​ធ្វើ​ការ​ទី​នោះ។ ពួក​គាត់​ទាំង​អស់​ រាប់​អាន​គ្នា​ជាមួយ​ពុក​ខ្ញុំ​ណាស់។ ដូច្នេះ​ហើយ​ទើប​ស្ទើរ​រាល់​ថ្ងៃ ពួក​គាត់​តែង​ចេញ​ចូល​មក​អង្គុយ​ជជែក​លេង​ជា​មួយ​ពុក​ខ្ញុំ​ពី​នេះ​ពី​នោះ មិន​ដែល​ខាន។

ដូច​រាល់​ដង ថ្ងៃ​មួយ​ម៉ោង​ជិត​យប់​ទៅ​ហើយ ពូ​ត្រេន និង​ពូ​ថាន់ ដែល​ជា​កម្មករ​នៅ​ការដ្ឋាន​សំណង់​ខាង​លើ បាន​មក​ផ្ទះ​ខ្ញុំ ប្រាប់​ពុក​ខ្ញុំ​ថា គាត់​បាន​ជួប​អាប​យប់មិញ។ លឺ​អីចឹង ​ខ្ញុំ​បាន​និយាយ​ទៅ​គាត់ “មិន​ដែល​ទេ​ពូ… អា​អាប​អី​ហ្នឹង មាន​តែ​ក្នុង​រឿង​ថៃ​តើ…កុំ​ម៉ោ​បោក​ពូ!”។

ពូ ​ត្រេន តប​មក​ខ្ញុំ​វិញ “អញ​អត់​កុហក​ទេ​អា រ៉ា អញ​ឃើញ​វា​មែន វា​បាន​ទាំង​ដេញ​អញ​ទៀត…បើ​អ្ហែង​មិន​ជឿ​យប់​ហ្នឹង​មក​ដេក​ជាមួយ​អញ​មក!”។ “អ្ហើយ…ខ្ញុំ​នៅ​តែ​មិន​ជឿ​ដដែល​ហ្នឹង កុំ​មក​ប្រូ! ” ខ្ញុំ​តប​ទៅ​វិញ​ក្នុង​សភាព​ជា​ក្មេង​ចចេស។ “ទៅ…ទៅ​ណា​ឲ្យ​បាត់​ទៅ ទុក​អញ​ពិភាក្សា​ជាមួយ​ល្បង(ឪពុក​ខ្ញុំ)​បន្តិច!”។ ដឹង​ថា​ប្រកែក​មិន​ឈ្នះ​ក្មេង​ចចេស​ដូច​ខ្ញុំ គាត់​បាន​ដេញ​ខ្ញុំ​ចេញ។

រូប​តំណាង

ខ្ញុំ ​បាន​ដើរ​ចេញ...តែ​បើ​ទោះ​មុន​ហ្នឹង​ខ្ញុំ​ប្រកែក​ជាមួយ​គាត់ តែ​ខ្ញុំ​គ្រាន់​ប្រកែក​លេង​ៗ​ទេ តាម​ពិត​ក្នុង​ចិត្ត​ឯណេះ ក៏​ជឿ​ខ្លះ​ៗ​ដែរ ព្រោះ​មុន​ហ្នឹង ខ្ញុំ​ធ្លាប់​លឺ​បង​ជាតិ នៅ​មុខ​ផ្ទះ​ខ្ញុំ​ដែរ​ហ្នឹង បាន​ប្រាប់​ថា គាត់​បាន​ឃើញ​ភ្លើង​អាប​រាល់​តែ​យប់ គឺ​ឲ្យ​តែ​ចាប់​ពី​ម៉ោង​១២​រំលង​អាធ្រាត្រ​តទៅ គឺ​ឃើញ​ហើយ ដោយ​ភ្លើង​អាប​នោះ មិន​មែន​មាន​តែ​មួយ​ទៀត គឺ​មាន​ដល់​ទៅ​បួន​ឯណោះ មក​ពី​៤ទិស​ដែរ។

ដូច្នេះ​ខ្ញុំ​កើត​គំនិត​ចង់​រក​កា​ពិត​នៃ​រឿង​នេះ ប៉ុន្តែ​មិន​មែន​ថា​ខ្ញុំ​នេះ មិន​ខ្លាច​ទេ គឺ​កំពូល​អ្នក​ខ្លាច​ហើយ ប៉ុន្តែ​ក៏​ហ៊ាន​ណាស់​ដែរ រាល់​តែ​លើក​ឲ្យ​ចាស់​ៗ​ជុំ​គ្នា​និយាយ​រឿង​ខ្មោច​ព្រាយ​អី​ហ្នឹង ខ្ញុំ​ដឹង​តែ​ត្បុល​ទៅ​នៅ​កណ្តាល​វង់​ហើយ លុះ​ក្រោយ​ពី​ស្តាប់​ហើយ ម៉ែ​ប្រើ​ឲ្យ​ឡើង​ផ្ទះ​​តែ​ឯង​អត់​ហ៊ាន​ផង។

ដុះដាល គំនិត​ចង់​ដឹង​ការ​ពិត​ពី​ក្រោយ​រឿង​នេះ ខ្ញុំ​បាន​ទៅ​កៀ​គរ​មិត្ត​ភ័ក្តិ​៤-៥​នាក់​ទៀត ចូល​រួម​ធ្វើ​ជា​ភ្នាក់​ស៊ើប​អង្កេត​រឿង​អាប។ ពួក​យើង​បាន​ព្រម​ព្រៀង​គ្នា ហើយ​ម៉ោង​ប្រមាណ​ជា ៩យប់ ពួក​យើង​ប្រដាប់​ដោយ​ភ្លើង​កែវ​ម្នាក់​មួយ បាន​ចេញ​ទៅ​​វាល​ស្រែ​ដើម្បី​ឆ្លុះ​កង្កែប​បណ្តើរ​ៗ​សិន ព្រោះ​ភ្លៀង​ទើប​ធ្លាក់ ទម្រាំ​ដល់​ម៉ោង​១២​រំលង​អាធ្រាត្រ អាប​ចេញ។ ក្រៅ​ពី​នោះ ក៏​មាន​បន្លា​ពុទ្រា​ម្នាក់​មួយ​មែក​ដែរ ព្រោះ​ដឹង​ថា​អាប​ខ្លាច​របស់​នេះ។

នៅ​វាល​ស្រែ ពួក​យើង​បាន​ឃើញ​ភ្លើង​កែវ​ប្លុង​ៗ​ជា​ច្រើន​ ដែល​ជិត​បំផុត​ភ្លើង​ទាំង​នោះ ក៏​មាន​ចម្ងាយ​ប្រមាណ​ជាង​១​គីឡូ​ពី​ខ្ញុំ​ដែរ។ អាទ្រក មិត្ត​ភ័ក្តិ​ខ្ញុំ​និយាយ​ថា “ង៉ៃ​នេះ​អ្នក​ឆ្លុះ​កង្កែប​ច្រើន​ណាស់​វើយ បើ​អីចឹង​ អាប ឯណា​ហ៊ាន​ចេញ​ទៅ​ហ្អា!”។ ខ្ញុំ​តប​វិញ “ចុះ​វា​មាន​ចេញ​ឥឡូវ​ឯណា ម៉ោង ១ ម៉ោង ២​ឯណោះ បាន​វា​ចេញ ទម្រាំ​ដល់​ពេល​នោះ អ្នក​ឆ្លុះ​កង្កែប ទៅ​ដេក​អស់​បាត់​ហើយ”។ អាទ្រក លែង​មាត់ គិត​តែ​ប្រឹង​ឆ្លុះ​បន្ត​កង្កែប។

រូប​តំណាង

កំពុង​តែ​ជក់​នឹង​ការ​ ឆ្លុះ​កង្កែប ខ្ញុំ​ចាប់​អារម្មណ៍​ថា ភ្លើង​កែវ​មួយ​ចេះ​តែ​រំកិល​មក​ពួក​ខ្ញុំ។ ខ្ញុំ​ពោល “ចុម អា​ភ្លើង​កែវ​មួយ​នោះ មិញ​ដូច​នៅ​ឆ្ងាយ​យើង​ណាស់ ឥឡូវ​មក​ដល់​កៀកយើង​លឿន​ម៉េះ​ហ្អា!”។ អាឆិល ដែល​អត់​មាត់​យូរ​ហើយ​តប “គ្មាន​អី​ទេ ជួន​កាល មក​ពី​យើង​រវល់​តែ​ជក់​ឆ្លុះ ទើប​អត់​ចាប់​អារម្មណ៍”។ ខ្ញុំ​ក៏​លែង​មាត់ បន្ត​ឆ្លុះ​ទៀត ប៉ុន្តែ​ប្រមាណ​៥នាទី​ ភ្លើង​កែវ​នោះ​មក​កាន់​តែ​កៀក គឺ​ប្រមាណ​ជា​ជិត ១០០ម៉ែត្រ​ប៉ុណ្ណោះពី​ខ្ញុំ​ “ម្តង​នេះ  អញ​ច្បាស់​ណាស់ គឺ​ភ្លើង​ហ្នឹង​ដូច​ជា​ដើរ​លឿន​ណាស់ អាឆិល!”។

អាឆិល តប​មក​វិញ “ចុះ​ម៉េច អ្ហែង​គិត​ថា អាប អ្ហី មិន​ទាន់​ដល់​ម៉ោង​វា​ចេញ​ទេ!”។ ខ្ញុំ​លែង​តប​ ក៏​បញ្ចាំង​ភ្លើង​កែវ​ឡើង​ទៅ​លើ “វា​ម៉ោ​មុន​ម៉ោង​ហើយ អាឆិល...!” ខ្ញុំ​ស្រែកស្ទើរ​​ភ្លាត់​សំលៀង ព្រោះ​ពេល​នោះ អាប វា​បាន​ហោះ​មក​ចំ​ពី​មុខ​ភ្លើង​កែវ​ខ្ញុំ(វា​តាម​ភ្លើង)។ “អ្ហាក…អាប…អាប…” អាឆិល អាទ្រក អាតេង និង​អា ណាត ស្រែក​ព្រម​គ្នា។

ពួក​យើង​បាន​ចែក​ផ្លូវ​គ្នា​រត់​បាត​ជើង​ស​ព្រាត បាត់​អស់​ភាព​ជា​ភ្នាក់​ងារ​ស៊ើប​រឿង​អាប ព្រោះ​អ្វី​ៗ​បាន​កើត​ឡើង​អត់​បាន​ព្រាង ហើយ​លែង​នឹក​នា​ថា​មាន​បន្លា​ពុទ្រា​អី​ទៀត​ហើយ ពេល​នោះ​ប្រាស​អាយូស​រៀង​ខ្លួន សក់​អាណា​ក្បាល​អាហ្នឹង។

ខ្ញុំ​អត់​ដឹង​ថា អា​ពួក​ម៉ាក​ខ្ញុំ​រត់​ទៅ​ទិស​ណា​ខ្លះ​ទេ គឺ​ដឹង​ត្រឹម​តែ​ពួក​វា​រត់​ធ្លាក់​ប្រឡាយ ឯ​ខ្ញុំ​រត់​កាត់​វាល កាត់​ស្រែ ពីរ​បី រត់​ផង ស្រែក​ផង ងាក​ក្រោយ​វា​នៅ​តែ​ដេញ​ទៀត​អត់​ឈប់​សោះ គឺ​រត់​ទាល់​តែ​ដល់​ចុង​ភូមិ​ជិត​ផ្ទះ​ខ្ញុំ​កន្លែង​ការដ្ឋាន​សំណង់​ដែល​មាន ​ភ្លើង​អំពូល​ម៉ែត្រ​បំភ្លឺ ទើប​វា​លែង​ដេញ ប៉ុន្តែ​វា​នៅ​តែ​ហោះ​សំកាំង​នៅ​កន្លែង​ងងឹត​ផុត​ពន្លឺ​ដដែល រហូត​ទាល់​តែ ពូ​ត្រេន និង​ពូថាន់ រួម​ទាំង​កម្មករ​គ្នា​គាត់​បី​បួន​នាក់​ទៀត​ចេញ​មក​ដេញ​វា​វិញ បាន​នាង​អាប​ថ្លើម​ពាស​មេឃ​នោះ ព្រម​​បក​ក្រោយ។

ពូ​ត្រេន សួរ​បញ្ឈឺ​ខ្ញុំ “ម៉េច​ហើយ ជឿ​ចាស់​នៅ អា​ល្អិត?”។ ខ្ញុំ​នៅ​ស្ងៀម ព្រោះ​ហត់​ចង់​ដាច់​ខ្យល់​ស្លាប់​ទៅ​ហើយ។ ព្រឹក​ឡើង ជួប​ជាមួយ​អាពួក​ម៉ាក​ខ្ញុំ សួរ​ថា​ “ពួក​ឯង​រត់​ទៅ​ណា​បាន​​ជា​នាង អាប​នោះ មិ​ន​ដេញ មក​ដេញ​អី​តែ​អញ” ពួក​វា​ឆ្លើយ​ថា ហក់​ចូល​ប្រឡាយ​បិទ​ភ្លើង​កែវ ព្រោះ​វា​តាម​តែ​ភ្លើង​កែវ​ទេ។ ពួក​វា​និយាយ​អីចឹង​ទើប​នឹក​ឃើញ ភ្លើង​កែវ​លើ​ក្បាល​របស់​ខ្ញុំ ចឹង​បាន​វា​ចេះ​តែដេញ​មិន​ឈប់។

ផុត​ពី ​នោះ​មក​ពីរ​​បី​ថ្ងៃ ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ចាញ់​ច្រាប​វា លស់​ព្រលឹង រហូត​ទាល់​និមន្ត​ព្រះសង្ឃ​ស្រោច​ទឹក​ពីរ​បី​ដង ទើបជា​សះ​វិញ។ ក្រោយ​ពី​ជា​សះ​ពី​អាការ​ភ័យ​លស់​ព្រលឹង ខ្ញុំ​នៅ​តែ​មិន​អស់​ចិត្ត រឿង​វា​មក​មុន​ម៉ោង ព្រោះ​ខ្ញុំ​ចាំ​ច្បាស់​ណាស់​ថា បង​ជាតិ ប្រាប់​ថា វា​ចេញ​តែ​ម៉ោង​រំលង​អាធ្រាត្រ​ទេ ចុះ​ថ្ងៃ​ហ្នុង​ម៉េច​វា​មក​មុន​ម៉ោង រក​តែ​​ត្រៀម​ខ្លួន​មិន​ទាន់​អីចឹង។

ខ្ញុំ​ក៏​ទៅ​ជួប​បង​ជាតិ សួរ​ពីរ​រឿង​នេះ បង​ជាតិ​ឆ្លើយ​ថា “អា​ឆ្កួត​...វា​ចេញ​ម៉ោង​រំលង​អាធ្រាត្រ តែ​ពេល​ស្ថិត​ក្នុង​ខែ​ភ្លឺ​ទេ ព្រោះ​វា​ចាំ​ឲ្យ​លោក​ខែ​លិច​សិន ដោយ​ឡែក ​ខែ​ងងឹត​វិញ វា​មក​មិន​ទៀង​ទេ តាម​តែ​វា​នឹក​ឃើញ!”។ ពុទ្ធោ​ហួស​ចិត្ត…!!!

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ នឹក​ឡើង​ហួស​ចិត្ត ក៏​បាន!!!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម