វត្ត៥កន្លែង តម្កល់ព្រះពុទ្ធបន់ស្រន់ស័ក្ដិសិទ្ធិ ល្បីដល់ពលរដ្ឋក្នុងនិងក្រៅប្រទេស
- 2018-04-28 08:02:55
 - ចំនួនមតិ 0 | ចំនួនចែករំលែក 0
 
វត្ត៥កន្លែង តម្កល់ព្រះពុទ្ធបន់ស្រន់ស័ក្ដិសិទ្ធិ ល្បីដល់ពលរដ្ឋក្នុងនិងក្រៅប្រទេស
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋខ្មែរ ចាត់ទុកវត្តអារាមគឺជាទីសក្ការបូជាដ៏សំខាន់សម្រាប់ពុទ្ធសាសនិកជនខ្មែរ ដែលតែងគោរពបូជា ទៅតាមលំអាននៃព្រះពុទ្ធសាសនា។ ថ្ងៃស្អែកជាថ្ងៃបុណ្យវិសាខបូជាផងនោះ Sabay សូមនាំមិត្តអ្នកអានទៅស្គាល់វត្តអារាម ៥កន្លែងនៅតាមបណ្ដាខេត្តផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា មានបារមីព្រះអង្គពូកែស័ក្ដិសិទ្ធិបន់ស្រន់អ្វីក៏បានសម្រេចដូចបំណង និងល្បីដល់ពលរដ្ឋក្នុងនិងក្រៅប្រទេស។ 
១. ព្រះអង្គខ្មៅវត្តព្រៃអង្គរ
ព្រះអង្គខ្មៅ ជាព្រះពុទ្ធរូបតែមួយអង្គគត់ ដែលនៅសល់តាំងពីសម័យហ្លួងព្រះស្ដេចកន នៅចន្លោះសតវត្សទី១៥-១៦។ ព្រះអង្គខ្មៅ បច្ចុប្បន្នស្ថិតនៅវត្តព្រៃអង្គរក្នុង ភូមិបន្ទាយព្រៃនគរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺធ្វើឡើងពីមាសខ្មៅ លាយជាមួយសំរឹទ្ធិ និងព្រះនេត្រដាំពេជ្រ ហើយល្បីថាមានបារមីសក្ដិសិទ្ធិណាស់ ខណៈអ្នកធំៗមន្ត្រីរាជការ និងអ្នកនៅក្រៅប្រទេស ក៏តែងទៅបន់ស្រន់បានសម្រេចដូចបំណង។
ព្រះតេជគុណ កុសល មានសង្ឃដីកាថា«សម័យស្ដេចកន ព្រះអង្គខ្មៅមានបារមីឫទ្ធិខ្លាំងក្លាណាស់ នៅពេលដែលមេទ័ពចេញច្បាំងជាមួយសៀមតែងបន់ស្រន់ និងទទួលបានជ័យជម្នះ។ បច្ចុប្បន្នប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ខេត្តផ្សេងៗ ឬអ្នកក្រៅប្រទេសក៏តែងមកបន់ស្រន់សុំសេចក្ដីសុខ និងបួងសួងសុំឲ្យក្ដីប្រាថ្នាជាដើម ហើយពេលខ្លះមានអ្នកមកបន់ដល់ម៉ោង១២យប់ក៏មាន ព្រោះតែពួកគេនៅឆ្ងាយ។ ភាគច្រើនពួកគេតែងទទួលបានសម្រេច ហើយក៏មកថ្វាយព្រះពុទ្ធរូបនៅវត្តនេះ»។
២. ចេតិយព្រះនាងក្រពុំឈូកនៅវត្តសសរ១០០
ព្រះរាជចេតិយ ព្រះនាងវរភ័ក្ត្រ ឬ ព្រះនាងក្រពុំឈូក ដែលស្ថិតនៅក្នុងវត្តសសរ១០០ នាត្រើយខាងកើតទន្លេមេគង្គ ក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ល្បីល្បាញថា ពូកែស័ក្ដិសិទ្ធិណាស់ សូម្បីអតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ក៏ធ្លាប់យាងទៅបន់ស្រន់ទីនោះ សុំឲ្យកម្ពុជា ទទួលបានឯករាជ្យពីបារាំង បានសម្រេចនៅឆ្នាំ១៩៥៣ផងដែរ។
លោកតាអាចារ្យ អ៊ុយ គីមហូន នៅវត្តសសរ១០០ បានប្រាប់ក្រុមការងារ «ផ្លូវទៅស្រុក» របស់ Sabay ថា ក្នុងសម័យកាលអាណានិគមបារាំង ចន្លោះឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ សម្ដេចព្រះ នរោត្តម សីហនុ ធ្លាប់យាងទៅបន់ស្រន់នៅព្រះរាជចេតិយនេះ ដើម្បីសុំឲ្យប្រទេសកម្ពុជា រួចផុតពីអាណានិគមបារាំង ហើយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យរបស់ព្រះអង្គ ពិតជាទទួលបានជោគជ័យដ៏ធំធេង ជាប្រវត្តិសាស្ត្រមែន។ ក្រោយទទួលបានឯករាជ្យពីបារាំងហើយ សម្ដេចសីហនុ ក៏មិនភ្លេចមកលាបំណន់ចេតិយនេះដែរ។ ព្រះអង្គបានមកជួយស្ថាបនាចេតិយនេះជាថ្មី និងសម្ពោធនៅឆ្នាំ១៩៥៦។
ចេតិយព្រះនាងក្រពុំឈូក ត្រូវបានព្រះបាទអង្គចន្ទរាជា (បិតារបស់ព្រះនាង) កសាងឡើងនៅឆ្នាំ១៥២៩ ហើយព្រះរាជចេតិយនេះក្រោយមក ក៏មានបញ្ចុះព្រះរាជអដ្ឋិធាតុព្រះសត្ថាទី១ ព្រះជ័យជេដ្ឋាទី១ ព្រះរាជសំភារចៅពញាតូ ព្រះនាងព្រះម៉ែយួបុប្ផាវតី និងព្រះធាតុ ព្រះរាជវង្សានុវង្សជាច្រើនអង្គទៀត។
៣. ព្រះអង្គធំនៅវត្តប្រាសាទ
ស្ទើររៀងរាល់ថ្ងៃសីល និងថ្ងៃបុណ្យទានធំៗ គឺពុទ្ធបរិស័ទជាច្រើនបានទៅបន់ស្រន់ និងធ្វើពិធីស្រោចទឹក ចារយ័ន្តលើលុយ និងបន់ស្រន់ព្រះអង្គធំដើម្បីសុំសេចក្ដីសុខ រកស៊ីមានបាន ហើយខ្លះបន់សុំកូន ក៏សម្រេចបានដូចបំណងជាច្រើន ម៉្លោះហើយទើបមានអ្នកមកលាបំណន់ ដោយជាវរូបសំណាកពុទ្ធបដិមាជាហូរហែមកតម្កល់ទុកនៅវត្តប្រាសាទ។
វត្តប្រាសាទស្ថិតនៅក្នុងសង្កាត់ពញាពន់ គឺជាឃុំមួយក្នុងចំណោមឃុំដែលទើបកាត់ចេញពីស្រុកពញាឮ ចូលក្នុងខណ្ឌសែនសុខ កាលពីពេលថ្មីៗនេះ។
៤. វត្តភ្នំក្លែង
វត្តភ្នំខ្លែងជាវត្តបុរាណតាំងពីសតវត្សទី១៨ ដែលសង់នៅទីកំពូលភ្នំដែលពលរដ្ឋជាច្រើនជំនាន់ ល្បីថាមានបារមីពូកែស័ក្ដិសិទ្ធិ។
បារមីជាច្រើននៅគ្រងរក្សាទីសក្ការដ៏ចំណាស់នេះដូចជាបារមីព្រះអង្គបញ្ចគីចំនួន ២១ អង្គ សម្រាប់អ្នកដែលចង់បន់ស្រន់មុខរបររកស៊ីចម្រុងចម្រើន បារមីយាយរំដួលសម្រាប់អ្នកផ្សងរកគូស្នេហ៍ បារមីលោកតាដំបងដែក បារមីព្រះគោព្រះកែវ បារមីអណ្ដូងទឹកដែលមានកុមារពេជ្រ កុមារទេពថែរក្សា សម្រាប់អ្នកបន់ស្រន់សុំបុត្រ ប្រុស-ស្រី សមតាមបំណងប្រាថ្នា។
វត្តភ្នំខ្លែង មានទីតាំងស្ថិតនៅក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានចម្ងាយ ១០០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និងមានចម្ងាយជាង ១៥ គីឡូម៉ែត្រពីក្រុងដូនកែវខេត្តតាកែវ។
 ៥. វត្តពុទ្ធគិរី
ការតម្រៀបពុទ្ធបដិមាលើជម្រាលភ្នំ គឺតាមការគ្រោងទុក ៨៤ ០០០ អង្គ បានក្លាយទៅជាទីចាប់អារម្មណ៍ភ្ញៀវទេសចរ ជាពិសេសពុទ្ធបរិស័ទ ទៅធ្វើបុណ្យឥតដាច់ នៅវត្តពុទ្ធគិរីកម្ពុជា។ វត្តនេះស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ខេត្តតាកែវ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៣ មកដល់ផ្លូវបំបែក អង្គតាសោម បត់ស្ដាំប្រមាណជា ៤០ គីឡូទៀត នឹងទៅដល់វត្តនេះមិនខាន។
សព្វថ្ងៃនេះ វត្តពុទ្ធគិរីកម្ពុជា បានកសាងព្រះពុទ្ធរូបប្រមាណជា ២ម៉ឺនអង្គរួចហើយ ដោយមិនទាន់រាប់បញ្ចូលពុទ្ធបរិស័ទជិតឆ្ងាយជាវព្រះពុទ្ធរូបអង្គតូច-ធំ ជាហូរហែទៀត នៅឡើយ។ ក្នុងន័យកសាងព្រះពុទ្ធបដិមាចំនួន ៨៤ ០០០ អង្គនេះ គឺប្រតិស្ថានឡើងដើម្បីឧទ្ទិសចំពោះព្រះធម៌ដែលព្រះដ៏មានព្រះភាគជាម្ចាស់បានទ្រង់ត្រាស់សម្ដែងទុកក្នុងគម្ពីរព្រះត្រៃបិដកចំនួន ៨៤ ០០០ ព្រះធម្មក្ខន្ធ ដែលមានបិដកសរុប ១១០ ក្បាល បែងចែកជាបីផ្សេងគ្នា មានព្រះវិន័យ ព្រះសូត្រ និងព្រះអភិធម្ម សម្រាប់បូជាតំណាងឲ្យព្រះពុទ្ធរូបមួយព្រះអង្គសម្រាប់តំណាងឲ្យមួយព្រះធម្មក្ខន្ធផងដែរ៕