តិចអត់ដឹងថាបានសញ្ញាបត្រផ្លូវការ! អ្នកជាប់បាក់ឌុបទាំង៦ជំនាន់ អាចទៅដកបាន
- 2018-05-08 01:59:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹងថាបានសញ្ញាបត្រផ្លូវការ! អ្នកជាប់បាក់ឌុបទាំង៦ជំនាន់ អាចទៅដកបាន
ចន្លោះមិនឃើញ
គិតចាប់ពីឆ្នាំ២០១៧ រហូតមកដល់ខែឧសភា ឆ្នាំ២០១៨នេះ ក្រសួងអប់រំ យុវជន និងកីឡា បានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ និងអនុញ្ញាតឲ្យបេក្ខជនប្រឡងដកដើម្បីយកទៅប្រើប្រាស់ បានចំនួន៦លើកមកហើយ។ ដូច្នេះចង់ដឹងថា បេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំណាខ្លះអាចទៅដកសញ្ញាបត្រផ្លូវការបាន?
១. បេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំ២០០៨
កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ ក្រសួងអប់រំ បានចេញសេចក្ដីជូនដំណឹងដល់បេក្ខជនប្រឡងជាប់មធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៤ សីហា ២០០៨ អាចទៅដកសញ្ញាបត្រច្បាប់ដើមរបស់ខ្លួនបាននៅមន្ទីរអប់រំ យុវជន និងកីឡា សាមីខេត្តរៀងៗខ្លួន ដោយមិនគិតប្រាក់កម្រៃ។ ការចេញសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ពីមជ្ឈដ្ឋានអ្នកសិក្សាជាខ្លាំង ជាពិសេសអ្នកប្រឡងបាក់ឌុបក្នុងឆ្នាំ២០០៨ផ្ទាល់តែម្ដង។ ដោយហេតុថា អ្នកប្រឡងក្នុងឆ្នាំនោះត្រូវរង់ចាំរយៈពេល ៩ឆ្នាំទើបអាចដកសញ្ញាបត្រផ្លូវការបាន។
២. បេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំ២០០៩
កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្ដម ហង់ជួន ណារ៉ុន បានចេញសេចក្ដីជូនដំណឹងដល់ប្រធានមន្ទីរអប់រំរាជធានី-ខេត្ត ឲ្យដឹងថា ក្រសួងបានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ កក្កដា ២០០៩ រួចរាល់ហើយ។ រដ្ឋមន្រ្តីក្រសួងអប់រំ បានស្នើឲ្យប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ ចាត់តំណាងឲ្យមកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០០៩ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃជូនដំណឹងតទៅ ដើម្បីយកទៅចែកជូនបេក្ខជនដែលបានប្រឡងជាប់ ដោយឥតគិតថ្លៃ។
៣. បេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំ២០១០
តាមលិខិតរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួន ណារ៉ុន ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត បានស្នើឲ្យប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ចាត់តំណាងឲ្យមកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១០ នៅនាយកដ្ឋានកិច្ចការប្រឡងចាប់ពីពេលនេះទៅ ដើម្បីយកទៅចែកជូនបេក្ខជន ដែលបានប្រឡងជាប់ ដោយឥតគិតថ្លៃ។
៤. បេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំ២០១១
អ្នកដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ អាចដកសញ្ញាបត្របាន ដោយក្រសួងអប់រំ បានផលិតរួចរាល់អស់ហើយ។ នេះបើតាមការបញ្ជាក់តាមរយៈលិខិត១ របស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
៥. បេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំ២០១២
ក្រោយប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១២ រយៈពេល៦ឆ្នាំគត់ តែពេលនេះសិស្សទាំងអស់អាចទៅដកសញ្ញាបត្រផ្លូវការ ទុកក្នុងដៃបានហើយ។ នេះបើតាមការប្រកាសព័ត៌មានក្តៅៗពីទំព័រហេ្វសប៊ុកផ្លូវការក្រសួងអប់រំយុវជននិងកីទ្បា។ គួររំលឹកថាសិស្សប្រឡង មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១២បានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២។
៦. បេក្ខជនប្រឡងបាក់ឌុបក្នុងឆ្នាំ២០១៣
តាមទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាបើបេក្ខជនដែលបានប្រឡងក្នុងឆ្នាំ២០១៣ បានផលិតរួចរាល់ហើយ ។ ដូចនេះបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ សីហា ២០១៣ អាចទៅទទួលយកសញ្ញាបត្រ ពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត រៀងៗខ្លួន។ បន្ទាប់ពីមន្ទីរអប់រំ យុវជន និងកីឡា រាជធានី/ខេត្ត មកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅនាយកដ្ឋានកិច្ចការប្រឡង។
ចំពោះឯកសារតម្រូវ មានដូចជា៖ សញ្ញាបត្រទុតិយភូមិបណ្ដោះអាសន្នថតចម្លងជាពណ៌មួយច្បាប់ និងសំបុត្រកំណើតមួយច្បាប់។ ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ក្រសួងអប់រំយុវជននិងកីទ្បាតាមលេខ៖០២៣ ២១0 ១៨៧ ឬ ០២៣២១៧២៥៣៕