មក​ស្គាល់​ដាយណូស័រ​ ៧ប្រភេទលេច​មុខក្នុង​រឿង "Jurassic World: Fallen Kingdom”

  • 2018-06-04 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ ប្រាកដ​ជា​ធ្លាប់​បាន​ទស្សនា​ខ្សែ​ភាពយន្ត​រឿង "Jurassic World” ភាគ​មុន​រួច​មក​ហើយ ដែល​បាន​បង្ហាញ​​ពី​​ប្រភេទ​សត្វ​ដាយ​ណូស័រ​​មួយ​ចំនួន​​ដែល​គ្រប់​គ្នា​មិន​សូវ​បាន​ស្គាល់​។ ជាមួយ​នឹង​ខ្សែ​ភាពយន្ត "Jurassic World” ភាគ​ថ្មី​នេះ​ដែរ នឹង​នាំ​មក​នៅ​ប្រភេទ​សត្វ​ដាយ​ណូ​ស័រ​កាន់​តែ​ច្រើន​ជាង​ភាគ​មុន​ទៅ​ទៀត។

ខាង​ក្រោម​នេះ ជា​សត្វ​ដាយ​ណូ​ស័រ​ចំនួន ៧ ប្រភេទ​ដែល​នឹង​មាន​​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត"Jurassic World: Fallen Kingdom”៖

១. ដាយ​ណូ​ស័រ​ប្រភេទ Carnotaurus

​Carnotaurus ជា​ប្រភេទ​ដាយ​ណូ​ស័រ​ដែល​កាច​សាហាវ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ វា​ជា​ប្រភេទ​មួយ​ដែល​ជា​សត្រូវ​ដ៏​ខ្លាំង​ក្លា​របស់​ដាយ​ណូ​ស័រ​ប្រភេទ T-Rex។ រូប​រាង​របស់​ដាយ​ណូ​ស័រ​ប្រភេទ​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ប្រភេទ T-Rex គ្រាន់​តែ​ខុស​គ្នា​ត្រង់ Carnotaurus មាន​ដុះ​ស្នែង​២​នៅ​លើ​ក្បាល។ ចំណែក​ទំហំ​វិញ ក៏​មាន​លក្ខណៈ​រាង​តូច​ជាង​ដាយ​ណូ​ស័រ​ប្រភេទ T-Rex ដែរ។

២. ដាយ​ណូ​ស័រ​ប្រភេទ Tyrannosaurus (T-Rex)

ដាយ​ណូ​ស័រ​ប្រភេទ​នេះ ជាប់​ឈ្មោះ​ជា​ស្ដេច​នៃ​ពពួកដាយ​ណូ​ស័រ​ទាំង​ពួង។ T-Rex ជា​ប្រភេទ​ដាយ​ណូ​ស័រ​ដែល​ស៊ី​សាច់​ជា​អាហារ និង​មាន​កម្ពស់​ជាង ១២ ម៉ែត្រ។ ដាយ​ណូ​ស័រ​​ដ៏​កាច​សាហាវ​នេះ​ បង្ហាញ​រូបរាង​ច្រើន​ជាង​គេ​​ក្នុង​វី​ដេអូ​ឃ្លិប​រឿង "Jurassic World: Fallen Kingdom”។

៣. ដាយ​ណូ​ស័រ​ប្រភេទ Baryonyx (ដាយ​ណូ​ស័រ​ច្រមុះ​វែង)

ដាយ​ណូ​ស័រ​ប្រភេទ​នេះ ក៏​នឹង​មាន​រូបរាង​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​មួយ​នេះ​ផង​ដែរ។ Baryonyx បាន​ទំហំ​តូច​ជាង Carnotaurus ប៉ុន្តែ​មាន​ថ្គាម​វែង​ដូច​ជា​សត្វ​ក្រពើ។ ធ្មេញ​របស់​ពួក​វា​មាន​លក្ខណៈ​ពិសេស គឺរាង​កោង និង​​មុត​ប្រៀបដូច​កាំបិត។ បើ​តាម​អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​ថា ដាយ​ណូ​ស័រ​ប្រភេទ​នេះ​ស៊ី​ត្រី និង​ដាយ​ណូ​ស័រ​តូច​ៗ​ជា​អាហារ។

៤. ដាយ​ណូ​ស័រ​ប្រភេទ Sinoceratops

ដាយ​ណូ​ស័រ​ប្រភេទ​នេះ ជា​​ប្រភេទ​សត្វ​ចតុប្បាទ​ធំ​ជាង​គេ​បង្អស់​ដែល​រក​ឃើញ​ក្នុង​ពិភព​លោក​នេះ ដែល​ស៊ី​ស្មៅ និង​រុក្ខជាតិ​ជា​អាហារ។ ច្រមុះ​របស់​វា នៅ​ក្រោម​ស្នែង ហើយ​សត្វ​ប្រភេទ​នេះ​ក៏​មាន​ដុំ​ពក​ៗ​នៅ​លើ​ក្បាល​ផង​ដែរ។

៥. ដាយ​ណូ​ស័រ​ប្រភេទ Allosaurus

ដាយ​ណូ​ស័រ​ប្រភេទ T-Rex និង Carnosaurus មាន​កម្លាំង​ខ្លាំង ចូលចិត្ត​ទៅ​ណា​មក​ណា​​តែ​ឯង ឬ​មាន​គ្នា​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែ​ដាយ​ណូ​ស័រ​ប្រភេទ Allosaurusវិញតែង​តែ​ធ្វើ​ដំណើរ​ជាហ្វូង។ ជាមួយ​នឹង​​សមត្ថភាព​រត់​លឿន និង​មាន​ធ្មេញ​មុត​ស្រួច ពួក​វា​អាច​ការពារ​ខ្លួន​ពី​សត្រូវ​ដែល​មាន​ទំមាឌធំ​ជាង​ខ្លួន​បាន​ដោយ​​ការ​វាយ​ប្រហារ និង​ខាំ​សត្រូវ​នៅ​ពេល​ជួប​គ្រោះថ្នាក់។

៦. ដាយ​ណូ​ស័រ​ប្រភេទ Indoraptor (I-Rex)

Indoraptor ក៏​ចាត់​ចូល​ជា​ប្រភេទ​ដែល​គ្រោះថ្នាក់​បំផុត​លើ​ភព​ផែន​ដី​នេះ​ដែរ។ ដាយ​ណូ​ស័រ​ប្រភេទ​នេះ មាន​ភាព​វ័យ​ឆ្លាត​អាច​បន្លំ​ខ្លួន​ជាមួយ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​វា​បាន។ លក្ខណៈ​ពិសេស​មួយ​ទៀត​គឺ ពួក​វា​​មាន​សមត្ថភាព​ចេះ​បញ្ឆោត​គូ​សត្រូវ ឧទាហរណ៍​ដូច​ជា ចេះ​បន្លំ​ស្នាម​ដាន​ជើង ដើម្បី​បញ្ឆោត​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជា​ដើម។

៧. ដាយ​ណូ​ស័រ​ប្រភេទMosasaurus

ដាយ​ណូ​ស័រ​ប្រភេទ​នេះ អាច​ហៅ​ម៉្យាង​ទៀត​បាន​ថា ជា​ដាយ​ណូ​ស័រ T-Rex ក្រោម​បាត​សមុទ្រ។ នៅ​ក្រោម​បាត​សមុទ្រ​ ពួក​វា​មាន​កម្លាំង​ខ្លាំង​ក្លា​ណាស់។ ដូច​ដែល​បាន​បង្ហាញ​រូបរាង​ម្ដង​រួច​មក​ហើយ នៅ​ក្នុង​ភាគ​មុន​នៃ​ខ្សែ​ភាពយន្ត​មួយ​នេះ ប្រិយមិត្ត​ប្រាកដ​ជា​បាន​ឃើញ​រូបរាង​សត្វ​ដាយ​ណូ​ស័រ​ប្រភេទ​នេះ​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​អាង​ទឹក​​នៃ​សួន​របស់​គេ ប៉ុន្តែ​ក្នុង​ភាគ​ថ្មី​នេះ Mosasaurus ដូច​ជា​ត្រូវ​បាន​រត់​គេច​ចូល​ទៅ​ក្នុង​សមុទ្រ។

គួរ​បញ្ជាក់​ដែរ​ថា ខ្សែ​ភាពយន្ត​រឿង "Jurassic World: Fallen Kingdom” នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ០៧ ខែ​មិថុនា​នេះ។ បើ​ចង់​ឃើញ​ប្រភេទ​ដាយ​ណូ​ស័រ​ទាំង​អស់​នេះ​ កុំ​ភ្លេច​ទៅ​រង់ចាំទស្សនា​ទាំង​អស់​គ្នា៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា