ម៉ាស៊ីន​ត្រជាក់​​​មាន​​ច្រើន​ប្រភេទ​ខុសៗ​គ្នា​ មួ​យ​ណា​គួរ​​ទិញ​ប្រើ​នៅ​ផ្ទះ​?

  • 2018-06-05 03:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជ្រើស​រើស​ម៉ាស៊ីន​ត្រជាក់ រមែង​មាន​កត្តា​ច្រើន​មក​ជួយ​គ្នា​ជា​បច្ច័យ​ដូច​ជា ​ការ​ជ្រើស​រើស​កម្លាំង​សេះ​របស់​វា​អ៊ីចឹង។ យ៉ាងណាមិញ ការ​ជ្រើស​រើស​ប្រភេទ​ម៉ាស៊ីន​ត្រជាក់ ក៏​ជា​រឿង​សំខាន់​មួយ​ផង​ដែរ ត្បិត​អី​វា​ពាក់​ព័ន្ធ​ទៅ​នឹង​ទីតាំង​ដែល​អ្នក​ប្រុង​នឹង​ដាក់​ម៉ាស៊ីន​ត្រជាក់ បូក​រួម​ទៅ​នឹង​បញ្ហា​បច្ចេកទេស​នានា​ផង​ដែរ។

ខាង​ក្រោម​នេះ ជា​ប្រភេទ​ម៉ាស៊ីន​ត្រជាក់​ដែល​ពេញ​និយម​សម្រាប់​ស្រុក​ខ្មែរ និង​លក្ខខ័ណ្ឌ​ក្នុង​ការ​ជ្រើស​យក​វា​មក​ប្រើប្រាស់៖

១. ម៉ាស៊ីន​ត្រជាក់​ចាប់​ជាប់​ជញ្ជាំង

ម៉ាស៊ីន​ត្រជាក់​ប្រភេទ​ចាប់​ជាប់​ជញ្ជាំង ភាគ​ច្រើន​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ។ វា​មាន​ពីរ​ផ្នែក​សំខាន់ ដែល​ផ្នែក​តួ​ម៉ាស៊ីន​ត្រូវ​ដាក់​នៅ​ខាង​ក្នុង​កន្លែង​ ដែល​ចង់​ឲ្យ​ត្រជាក់ និង​ផ្នែក​កុំប្រែសស័រ (កង្ហារ) ត្រូវ​ដាក់​នៅ​ខាង​ក្រៅ​ផ្ទះ ដោយ​វា​ត​ភ្ជាប់​គ្នា​ដោយ​ទុយយោ​ស្ពាន់។ វា​មាន​ស្លាប​បិទ​បើក​ដែល​អាច​បញ្ចេញ​ខ្យល់​បាន​មួយ​ទិស។ ម៉ាស៊ីន​ត្រជាក់​នេះ​សាក​សម​បំផុត សម្រាប់​ផ្ទះ​ ដែល​មាន​កន្លែង​ទំនេរ នៅ​លើ​ជញ្ជាំង ហើយ​លក្ខខ័ណ្ឌ​ល្អ​បំផុត​នោះ គឺ​ជញ្ជាំង​នោះ​គួរ​តែ​មាន​កម្ពស់​ត្រឹម ៣ ម៉ែត្រ ដោយ​ម៉ាស៊ីន​ត្រជាក់​ត្រូវ​ដាក់​ត្រឹម​កម្ពស់ ២ ទៅ ២,៥ ម៉ែត្រ ដើម្បី​ទុក​ចន្លោះ​ផ្នែក​ខាង​លើ​ម៉ាស៊ីន​ត្រជាក់ ឲ្យ​វា​បឺត​ខ្យល់​ក្នុង​បន្ទប់​ចូល។

២. ម៉ាស៊ីន​ត្រជាក់​ចាប់​លើ​ពិតាន

​ម៉ាស៊ីន​ត្រជាក់​ប្រភេទ​ចាប់​លើ​ពិតាន ជា​ប្រភេទ​ម៉ាស៊ីន​ត្រជាក់​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​សាល​ ដែល​មាន​ទំហំ​ធំ។ ម៉ាស៊ីន​ត្រជាក់​ប្រភេទ​នេះ ក៏​មាន​ផ្នែក ២ សំខាន់​ដូច​ម៉ាស៊ីន​ត្រជាក់​ចាប់​លើ​ជញ្ជាំង​អ៊ីចឹង តែ​វា​ខុស​គ្នា​ត្រង់​ថា ម៉ាស៊ីន​ត្រជាក់​ចាប់​លើ​ពិតាន វា​បង្កប់​តួ​ខាង​ក្រោយ​ចូល​ទៅ​ក្នុង​ពិតាន​ខាង​លើ​ហើយ ដូច​នេះ​វា​មិន​មាន​រាង​លយ​ចេញ​មក​ក្រៅ​ទេ។ វា​មាន​ស្លាប ៤ ដែល​អាច​ជះ​ខ្យល់​ត្រជាក់​បាន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ ៤ ផ្សេង​គ្នា​ធ្វើ​ឲ្យ​ទីតាំង ដែល​មាន​ទំហំ​ធំ​ត្រជាក់​បាន​លឿន។ និយាយ​ពី​កម្ពស់​ពិតាន​វិញ ម៉ាស៊ីន​ត្រជាក់​ចាប់​លើ​ពិតាន​នេះ​ត្រូវ​ការ​ពិតាន​ ដែល​មាន​កម្ពស់​យ៉ាង​ទាប ៣ ម៉ែត្រ​ឡើង​ទៅ។ ដូច្នេះ វា​មិន​អាច​ប្រើប្រាស់​នៅ​ក្នុង​ប្រភេទ​បន្ទប់​ដែល​មាន​ពិតាន​ទាប​បាន​ទេ។

៣. ម៉ាស៊ីន​ត្រជាក់​ប្រភេទ​បញ្ឈរ

ម៉ាស៊ីន​ត្រជាក់​ប្រភេទ​បញ្ឈរ ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ទី​កន្លែង​ធំៗ និង​បន្ទប់​នានា ដែល​គេ​មិន​ចង់​ឲ្យ​មាន​ការ​ចោះ​ជញ្ជាំង។ ម៉ាស៊ីន​ត្រជាក់​ប្រភេទ​នេះ ភាគ​ច្រើន​មាន​កម្លាំង​ខ្លាំង ចាប់​ពី​ ១,៥ សេះ​ឡើង​ទៅ បាញ់​ខ្យល់​ចេញ​មួយ​ទិស និង​ចុះ​ត្រជាក់​លឿន​បំផុត។ ចំណុច​ពិសេស​មួយ​ទៀត គឺ​ម៉ាស៊ីន​ត្រជាក់​ប្រភេទ​បញ្ឈរ​អាច​ចល័ត​បាន​ងាយ ឧទាហរណ៍​អ្នក​រៀប​ចំ​កម្មវិធី អាច​ដឹក​ម៉ាស៊ីន​ត្រជាក់​នេះ​ទៅ​មក​ដើម្បី​ដាក់​ក្នុង​ពិធី​បាន។ ផ្ទុយពី​ម៉ាស៊ីន​ត្រជាក់ ២ ប្រភេទ​ខាង​លើ ម៉ាស៊ីន​ត្រជាក់​ប្រភេទ​បញ្ឈរ មិន​ត្រូវការ​ជញ្ជាំង​ឬ​ពិតាន ដែល​មាន​កម្ពស់​ខ្ពស់​ទេ តែ​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​ដាក់​វា​នៅ​ក្នុង​បន្ទប់ ឬ​ទីតាំង​ដែល​មាន​ទំហំ​ធំ ព្រោះ​ម៉ាស៊ីន​ត្រជាក់​នេះ​វា​មាន​កម្លាំង​ខ្លាំង មិន​អាច​ដាក់​ជិត​មនុស្ស​ពេក​ឡើយ។

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ