មក​ស្គាល់ CEO ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល ៩ រូប មាន​ដើម​កំណើត​​ពី​ឥណ្ឌា

  • 2018-06-05 01:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គល​ជោគជ័យ​លើ​វិស័យ​បច្ចេកវិទ្យា​ភាគច្រើន ត្រូវ​បាន​គេ​និយម​ឃើញ​មាន​នៅ​ប៉ែក​អឺរ៉ុប ប៉ុន្តែ​ដើម​កំណើត​នៃ​អ្នក​ដឹកនាំ​ក្រុមហ៊ុន​ធំៗ មិន​សុទ្ធ​តែ​ចេញ​ពី​សហរដ្ឋអាមេរិក​នោះ​ឡើយ មួយ​ភាគ​ធំ​ក៏​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ឥណ្ឌា។

១.Dinesh Paliwal:

ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Harman International គ្រប់គ្រង​លើ​ស្លាកយីហោ​ឧបករណ៍​សំឡេង​ដូច​ជា JBL, Becker, dbx និង​ច្រើន​ទៀត។ កើត​ក្នុង​ទីក្រុង Agra រដ្ឋ Uttar Pradesh ហើយ​បាន​ទទួល​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​នៅ​សកលវិទ្យាល័យ IIT Roorkee ក៏​ដូច​ជា​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​និង​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​សកលវិទ្យាល័យ Miami។

២.Sundar Pichai:

ឡើង​កាន់​តំណែង​ជា CEO នៃ​ក្រុមហ៊ុន Google ចាប់​តាំង​ពី​ថ្ងៃ​ទី ១០ សីហា ឆ្នាំ ២០១៥ លោក Sundar Pichai ជា​បុរស​មាន​ដើម​កំណើត​ក្នុង​ទីក្រុង Chennai រដ្ឋី Tamil Nadu ដែល​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​បច្ចេកវិទ្យា​នៅ​សកលវិទ្យាល័យ ITT Kharagpur អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នៅ​សកលវិទ្យាល័យ Stanford និង​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ Wharton។

៣.Satya Nadella:

ក្រោយ​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន Microsoft អស់​រយៈ​ពេល ២២ ឆ្នាំ លោក Nadella បាន​តាំងតែង​ជា​នាយកប្រតិបត្តិ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៤។ កន្លង​ទៅ​ក៏​ធ្លាប់​កាន់​តំណែង​ជា​អនុប្រធាន​ប្រតិបត្តិ​ផ្នែក Microsoft's Cloud និង Enterprise Group។

៤.Rajeev Suri:

ចូលរួម​ជាមួយ Nokia ក្នុង​ឆ្នាំ ១៩៩៥ លោក​បាន​ឆ្លង​កាត់​តំណែង​ជា​ច្រើន មុន​ឡើង​ជា CEO នៅ​ខែ​មេសា ឆ្នាំ ២០១៤។ ធ្វើ​ឡើង​ក្រោយ​ពេល​ក្រុមហ៊ុន Microsoft ទិញ​យក​អាជីវកម្ម​ទូរសព្ទ Nokia ហើយ​លោក​ក៏​ធ្លាប់​បម្រើ​ការ​ជា​ប្រធាន​ផ្នែក​សេវាកម្ម​នៃ Nokia Siemens Networks អំឡុង​ឆ្នាំ ២០០៧-២០០៩។

៥.Shantanu Narayen:

កើត​ក្នុង​ទីក្រុង Hyderabad លោក Narayen បាន​ចូល​បម្រើការ​ឲ្យ​ក្រុមហ៊ុន Adobe នា​ឆ្នាំ ១៩៩៨ ក្នុង​តំណែង​ជា​អនុ​ប្រធាន​ជាន់​ខ្ពស់​នៃ​ការ​ស្រាវជ្រាវ​ផលិតផល មុន​ឡើង​ជា COO ឆ្នាំ ២០០៥ និង CEO ឆ្នាំ ២០០៧។

៦.Sanjay Jha:

ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Global Foundries ជា​ក្រុមហ៊ុន​ផលិត​ឈីប​ធំ​បំផុត​មួយ​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​កំពូល​ដូច​ជា AMD, Broadcom, Qualcomm និង STMicroelectronics ក្នុង​ខែ​មករា ឆ្នាំ ២០១៤ មុន​ពេល​លោក​ឡើង​តំណែង​ជា CEO នៃ​ Motorola Mobility និង COO នៃ​ Qualcomm។

៧.George Kurian:

ក្លាយ​ជា​នាយកប្រតិបត្តិ​និង​ជា​ប្រធាន​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ទិន្នន័យ NetApp នៅ​ខែ​មិថុនា ឆ្នាំ ២០១៥ ក្រោយ​ពី​បាន​បម្រើការ​ជា​អនុប្រធាន​ប្រតិបត្តិ​អស់​រយៈ​ពេល​ជិត ២ ឆ្នាំ។ មុន​មក​ដល់ NetApp លោក George ជា​អនុ​ប្រធាន​ផ្នែក Application Networking និង Switching Tecnology Groupនៃ​ក្រុមហ៊ុន Cisco System។

៨.Francisco D'Souza:

ក្នុង​ចំណោម CEO វ័យ​ក្មេង​បំផុត លោក D'Souza ត្រូវ​បាន​រាប់​ចូល​ជា​បុគ្គល​ជោគជ័យ​មួយ​រូប មាន​នាម​ជា CEO ឲ្យ​ក្រុមហ៊ុន Cognizant តាំង​ពី​ឆ្នាំ ២០០៧។ អំឡុង​កាន់​តំណែង ក្រុមហ៊ុន​មាន​ការ​កើន​ឡើង​បុគ្គលិក​ពី ៥៥ ០០០ នាក់ ដល់​ទៅ​ជាង ២៣០ ០០០ នាក់​ទូទាំង​សកលលោក។

៩.Ashok Vemuri:

ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Conduent Inc, ដែល​ឡើង​កាន់​តំណែង​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៦។ ដំបូង​ឡើយ​ជា​អតីត​ជើង​ចាស់​នៅ​ក្រុមហ៊ុន Infosys ប៉ុន្តែ​ឡើង​ជា​នាយក​ផ្នែក​អាជីវកម្ម​ឲ្យ Xerox មុន​ពេល​ក្រុមហ៊ុន​ត្រូវ​បែក​ចេញ​ជា​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​ផ្តោត​លើ​ឯកសារ​បច្ចេកវិទ្យា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gadgetsnow   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី