មកមើលប្រវត្តិរៀនសិល្បៈ កូន អម របស់ យុគ ចិន្តា បានដឹងថា សិល្បករជំនាន់ថ្មីពិបាករកដូច
- 2018-06-12 03:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលប្រវត្តិរៀនសិល្បៈ កូន អម របស់ យុគ ចិន្តា បានដឹងថា សិល្បករជំនាន់ថ្មីពិបាករកដូច
ចន្លោះមិនឃើញ
យុគ ដាពេជ្រ ហៅ អម កូនស្រីតែមួយគត់របស់ យុគ ចិន្តា បានវិវត្តមកជាយុវតីព្រមជាមួយសមត្ថភាពសិល្បៈច្រើនយ៉ាង ដែលទេពកោសល្យ ក៏ដូចសមត្ថភាពទាំងនោះ សុទ្ធតែឆ្លងកាត់បណ្ដុះបណ្ដាលត្រឹមត្រូវ និងច្រើនឆ្នាំថែមទៀត។ នេះបើតាមអ្នកនាង យុគ ចិន្តា ជាម្ដាយ។
មកដល់បច្ចុប្បន្ន អម ឬ យុគ ដាពេជ្រ មានសមត្ថភាពសិល្បៈជាច្រើនដូចជា រាំ ច្រៀង និងតន្ត្រី។ សមត្ថភាពទាំងនោះ គឺសុទ្ធតែដុះចេញពីការហាត់រៀនទាំងអស់។ បរិយាយពីការសិក្សាជំនាញសិល្បៈមួយ អ្នកយុគ ចិន្តា ឲ្យដឹងថា គ្រាន់តែគេរៀនលេងប៉្យាណូនៅសាលាតន្ត្រី "ស្រណោះ" កូនស្រីខ្លួនហាត់រៀនអស់រយៈពេល ៦ឆ្នាំ
ក្រៅពីនេះ នាងចំណាយហាត់ច្រៀងនៅសាលាតន្ត្រីខាងលើដែររយៈ ៣ឆ្នាំ បូករួមនឹងការរៀនរបាំបូរាណ ៦ឆ្នាំ និងរបាំបាឡេ ៣ឆ្នាំបន្ថែមទៀត។ ទាំងនេះ ជាអ្វីដែលដែលអាណាព្យាបាលរូបនេះ អះអាងថា ចង់ឲ្យកូនស្រី មានជំនាញពិតប្រាកដ ជាជាងមានត្រឹមតែទេពកោសល្យ។
“ខ្ញុំឃើញគាត់ស្រឡាញ់ចូលសិល្បៈ អីចឹងខ្ញុំប្រាប់គាត់ បើកូនស្រឡាញ់សិល្បៈ កូនចង់ចេះសិល្បៈ កូនត្រូវចូលរៀនសាលាឲ្យបានត្រឹមត្រូវ កុំអោយចេញមកគេថា កូនចូលសិល្បៈអត់មានចេះអីសោះ"។ យុគ ចិន្តា បន្ថែម។
អម ធ្លាប់បានសាងការចាប់អារម្មណ៍ តាំងពីនៅជាកុមារី តាមរយៈការបង្ហាញមុខរាំរបាំបាឡេ នៅក្នុងកម្មវិធីផ្សេងៗចាក់ផ្សាយនៅលើទូរទស្សន៍ ជាពិសេសក្នុងថ្ងៃមង្គលការមីងរបស់ខ្លួននៅចេនឡា កាលពីប៉ុន្មានឆ្នាំមុន។ មកដល់បច្ចុប្បន្ន ក្រោយហាត់រាំច្រើនឆ្នាំ អម ប្រាប់ថា នាងអាចរាំ និងច្រៀងបានល្អថែមទៀត ដែលកន្លងមកធ្លាប់ចេញទៅច្រៀងនៅបរទេសម្ដងពីរដងរួចមកហើយ។
យ៉ាងនេះក្ដី នោះមិនមែនជាកម្មវិធី រកប្រាក់តាមសមត្ថភាពសិល្បៈនោះទេ គឺនាងទៅច្រៀងតាមរយៈសាលានៅក្នុងវគ្គបំប៉ននានាដែលផ្ដួចផ្ដើមដោយសាលាប៉ុណ្ណោះ។ វិលមករឿងប្រឡូកសិល្បៈវិញ អ្នកនាង យុគ ចិន្តា បញ្ជាក់ថា មិនទាន់ចង់ឲ្យកូនស្រីប្រឡូកនៅពេលនេះទេ ព្រោះអ្នកនាងមានផែនការច្រើនទៀតដើម្បីអនាគតកូន។
“អឹម គាត់ចង់ចូលខ្លាំង គាត់ជឿជាក់លើខ្លួនគាត់ ថា អាចធ្វើបាន គាត់ចង់បញ្ចេញសមត្ថភាព របស់គាត់ ប៉ុន្តែខ្ញុំព្យាយាមទប់ ព្រោះចង់ឲ្យរៀនចំសិន ហើយក្រោយពីរៀនចប់ហើយ ខ្ញុំនឹងឲ្យគាត់ទៅរៀននៅក្រៅប្រទេសទៀត នៅពេលដែលរៀនចប់ហើយ អាហ្នឹងចាំគិតទៀត ឥឡូវត្រឹមតែឲ្យគេស្គាល់ៗអីចឹងសិនទៅ"។
ក្រៅពីការបណ្ដុះបណ្ដាលជំនាញសិល្បៈ បច្ចុប្បន្ន អម កំពុងសិក្សាថ្នាក់ចំណេះទូទៅថ្នាក់ទី៨ នៅសាលាឯកជនមួយនារាជធានីភ្នំពេញនេះ៕