យ៉េន ឌីណា បើវ៉ៃមិនស្រួល អាចហាលអាវដោយសារ ពុយ វណ្ណៈ ត្រឹមវគ្គនេះ...
- 2018-06-29 09:01:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉េន ឌីណា បើវ៉ៃមិនស្រួល អាចហាលអាវដោយសារ ពុយ វណ្ណៈ ត្រឹមវគ្គនេះ...
ចន្លោះមិនឃើញ
អ្នកប្រដាល់ទើបលេចមុខជាថ្មី យ៉េន ឌីណា អាចនឹងពិបាកឈ្នះកីឡាករកំពុងពេញកម្លាំង ពុយ វណ្ណៈ នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ទម្ងន់ ៦៣,៥គីឡូក្រាមនៅសង្វៀន CNC នាថ្ងៃសៅរ៍ស្អែកនេះ។
ការវិលចូលសង្វៀនជាថ្មីរបស់ យ៉េន ឌីណា ឬ ប៉ោ ភារិទ្ធ នេះ មើលឃើញថាសមត្ថភាពប្រកួតមិនជាខ្លាំងក្លាអ្វីប៉ុន្មានទេ ពោលគឺរក្សាទម្រង់ពីមុនដដែលវ៉ៃមួយៗ និងថយក្រោយ។ ស្នៀតរបស់ ឌីណា ដែលល្អនោះ គឺកែងបត់ ទាត់រហ័ស និងក្បាច់ធាក់ រួមនិងកណ្ដាប់ដៃស្រាលៗរបស់គេ ប៉ុន្តែកម្លាំងស៊ុហ្វមិនសូវប៉ុន្មានឡើយ។
ចំពោះការប្រកួតជាមួយអ្នកប្រដាល់ ពុយ វណ្ណៈ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ច្បាស់ណាស់ពិតជាពិបាក និងមានការតានតឹងបន្តិចហើយសម្រាប់ យ៉េន ឌីណា ព្រោះអីប៉ះដៃគូ ដែលមានកម្លាំងខ្លាំង និងកំពុងតែឡើងថែមទៀតផង។ វណ្ណៈ ជាអ្នកប្រដាល់ចូលចិត្តដើរបុក ឬដើរចូលមិនថយ ចំណែកផ្លែវិញក៏ធ្ងន់ទៀត មិនថាកណ្ដាប់ដៃ និងទម្ងន់ជើងនោះទេ ប៉ុន្តែហាក់នៅស្ទើរបទពិសោធបន្តិច បើប្រៀបធៀបនិង យ៉េន ឌីណា។
រំលឹកដែរថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ទម្ងន់ ៦៣,៥គីឡូក្រាមរបស់សង្វៀន CNC ស្អែកនេះគឺ យ៉េន ឌីណា ប៉ះ ពុយ វណ្ណៈ ចំណែកថៃប៉ះថៃ Phit Noy ប៉ះ Kwang Ngin ហើយរវាងអ្នកទាំង៤នាក់នេះ អ្នកណាឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅប្រកួតក្រោយ៕