ឡុង​ រ៉ាមី៖ មិន​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​ទេ​ បែប​មិន​អាច​ឈ្នះ​ដូចនេះ​ឡើង​ទៅ​ជុំ​ទី២​ទេ​

  • 2018-07-02 04:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ស្រករ​ក្រោយ​ ឡុង​ រ៉ាមី​ ថា​ បើ​រូប​គេ​មិន​បាន​យុទ្ធសាស្ត្រ​ថ្មី​ ហើយ​នៅ​ឈរ​វ៉ៃ​ទល់មុខ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ប្រហែល​មិន​អាច​ឈ្នះ​ដៃគូ​បាន​ឡើង​ទៅ​ជុំ​ទី២​នៃ​ពាន​រង្វាន់​ TV5​ ទម្ងន់​៦០​គីឡូក្រាម​នោះ​ទេ។​

កីឡាករ ឡុង រ៉ាមី

ឡុង​ រ៉ាមី​ បាន​ឲ្យ​ដឹង​ក្រោយ​ប្រកួត​ថា​ ទម្រាំ​អាច​ឈាន​ទៅ​វគ្គ​ទី២​បន្ត​ទៀត​បាន​ ក៏​ពិបាក​បន្តិច​ដែរ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ដោយ​សារ​តែ​ប៉ះ​ចំ​ដៃគូ​ គេ​មាឌ​ធំ​ជាង​ និង​បទ​ពិសោធ​ប្រកួត​ក៏​ច្រើន​ជាង​ទៀត​ផង។​ ដោយ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ និង​ប្ដេជ្ញា​មុន​ការ​ប្រកួត​ថា​ ត្រូវ​តែ​ឈ្នះ​ប្រកួត​នេះ​ជា​ដាច់ខាត​ ទើប​តស៊ូ​ខំប្រឹង​រហូត​ទទួល​បាន​ជ័យជម្នះ។​

ឡុង រ៉ាមី(ក្រហម)

អ្នក​ប្រដាល់​វ័យក្មេង​ខាង​លើ​លើក​ឡើង​ទៀត​ថា​ នៅ​ចុង​ទឹក​ទី១ ​ឈរ​វ៉ៃ​មួយ​ទៅ​មួយ​មក​ទល់​មុខ​គ្នា​ ប៉ុន្តែ​ដោយ​ដឹង​ថា​ដៃគូ​ផ្លែ​ធ្ងន់​ជាង​ ទាត់​កាត់​ល្អ​ទៀត​ ដូច្នេះ​ក៏​ប្ដូរ​វិធី​វ៉ៃ​ថ្មី​ ព្រោះ​បើ​ធ្វើ​បែប​នេះ​ទៀត​ចាញ់​គេ​វិញ​ហើយ។​ ចូល​ទឹក​បន្ទាប់​កីឡាករ​វ័យ​ឆ្លាត​ម្នាក់​នេះ​ ក៏​ចាប់​ផ្ដើម​វ៉ៃ​មួយ​ៗ​ និង​ឆាក​ចេញ​ជា​និច្ច​ ដែល​ដើម្បី​សន្សំ​ពិន្ទុ​ ហើយ​ក៏​ធ្វើ​ឲ្យ​ដៃគូ​ពិបាក​វ៉ៃ​ផង។​

ឡុង រ៉ាមី(ក្រហម)

សម្រាប់​ការ​ប្រកួត​ចាញ់​ធ្លាក់​នេះ​ដែរ​ រ៉ាមី​ យល់​ថា​ខ្លួនឯង​ក៏​នៅ​ធ្វើ​មិន​ទាន់​ល្អ​ទាំង​ស្រុង​ដែរ​ ព្រោះ​អី​ដៃ​នៅ​យឺត​ ខណៈ​ពេល​ដែល​ញ៉ាក​ដៃ​បាន​ហើយ​ ប៉ុន្តែ​បោះ​ជង្គង់​មិន​សូវ​ចេញ​ បើ​ចេញ​ក៏​មិន​សូវ​មាន​ទម្ងន់​ទៀត​ផង។​

ឡុង រ៉ាមី(ក្រហម)

ឡុង​ រ៉ាមី​ ជា​កូន​សិស្ស​មក​ពី​ក្លឹប​ប្រដាល់​ខ្លារខិន​ គេ​ជា​បេក្ខភាព​ម្នាក់​ឡើង​ទៅ​ជុំ​ទី២​ ដែល​មាន​កីឡាករ​១៦​នាក់​ ចុងក្រោយ។​ ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៣០​ ខែ​មិថុនា​ ២០១៨​ កន្លង​ទៅ​នេះ​ឈ្នះ​ពិន្ទុ​កីឡាករ​ លី​ តឿន​ នៅ​សង្វៀន​ TV5៕​

អត្ថបទ៖ នួន ស៊ីណា​