កុនខ្នាតខ្លី ស្នាដៃផលិតករវ័យក្មេងកម្ពុជា៦រឿង ត្រូវបានជ្រើសរើសប្រកួតក្នុងមហោស្រពភាពយន្តអាស៊ី

  • 2018-07-03 05:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្លីជាង ២៨០ ចំណងផ្ញើទៅកម្មវិធីមហោស្រពភាពយន្តខ្លីអាស៊ី ឬ SeaShorts Film Festival ត្រូវបានជ្រើសរើសតែចំនួន ២០ រឿងប៉ុណ្ណោះដើម្បីប្រកួតដណ្តើមយកពានរង្វាន់តម្លៃជាង ២ ០០០ ដុល្លារ។

ក្រៅពីនោះក៏មានភាពយន្តខ្នាតខ្លី ផលិតដោយផលិតករវ័យក្មេងកម្ពុជា ចំនួន៦រឿង ត្រូវបានជ្រើសដើម្បីបង្ហាញពីស្នាដៃក្នុងមហោស្រពភាពយន្តខ្លីខ្នាតអាស៊ានមួយនេះ ក្នុងគោលបំណងផ្សព្វផ្សាយពីស្នាដៃភាពយន្តខ្លីរបស់យុវវ័យជំនាន់ក្រោយ ក៏ដូចជាការបង្ហាញពីប្រពៃណី វប្បធម៌ របស់បណ្តាលប្រទេសអាស៊ី មាន កម្ពុជា ថៃ ឡាវ វៀតណាម និងប្រទេសម៉ាឡេស៊ីជាដើម។

ភាពយន្តខ្លីទាំង ៦ ចំណងជើងពីកម្ពុជា នឹងចាប់ផ្តើមបង្ហាញពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែសីហា នៅទីក្រុង George Town ប្រទេសម៉ាឡេស៊ី រួមមាន៖

១.«ខេមា» ដឹកនាំផលិតដោយ យុវជន ហង្ស សុខារ៉ូ ក្នុងឆ្នាំ ២០១៧។ ភាពយន្តខ្លីនេះ និយាយរៀបរាប់ពីសិល្បៈរបាំ និងរឿងរ៉ាវពីក្រោយរបស់ក្មេងស្រីឈ្មោះខេមា។

រូបភាព ពីរឿង ខេមា
**២.«មេត្រពាំង»** ដឹកនាំផលិតដោយ យុវជន ជឺន ជឺ ហេង ក្នុងឆ្នាំ ២០១៧ ជាភាពយន្តខ្នាតខ្លីបែបវាយប្រហារ ក្បាច់គុនល្បុក្តតោខ្មែរ។ ភាពយន្តខ្លីនេះ បង្ហាញពីភាពក្លាហានរបស់ស្រ្តីខ្មែរ ពិសេសនាងហ៊ានស្វែងរកយុត្តិធម៌ក្នុងសង្គម ដោយប្រើប្រាស់ទេពកោសល្យក្បាច់គុនរបស់ខ្លួន។
រូបភាពពីរឿង មេត្រពាំង

៣.«Mélancolie» ដែលមានន័យថា «ស្រងេះស្រងោច» ដឹកនាំសម្តែងដោយ លោក ឆាង សៀងហៃ ក្នុងឆ្នាំ ២០១៧។ ភាពយន្តបែបសិល្បៈនេះបង្ហាញពីការស្វែងយល់ពីខ្លួនឯង និងការប្រឆាំងទប់ទល់នឹងការ​បុរេវិនិច្ឆ័យរបស់អ្នកជិតខាង និងមនុស្សអគិតមួយចំនួន។

រូបភាពពីរឿង Mélancolie

៤.«លុយ» ផលិតក្នុងចុងឆ្នាំ ២០១៦ ដោយយុវជនវ័យក្មេង លីម ហេង ដែលមានជំនាញ​លើការបង្កើតរូបភាព Graphic និង វីដេអូ Special Effect សម្រាប់ភាពយន្តខ្នាតធំមួយចំនួនផងដែរក្នុងប្រទេសកម្ពុជា។ ភាពយន្ត «លុយ» នេះក៏បង្កើតឡើងជាឈុតឆាកប្រឌិតជាច្រើន ដែលគេនិយមថា Sci-fi ជាមួយនឹងសាច់រឿងរៀបរាប់ពីវិបត្តិសង្គមមួយក្នុងអនាគតរបស់ទីក្រុងភ្នំពេញ។

រូបភាពពីរឿង លុយ

៥.«ហ្គង់ក្រហម» ផលិតក្នុងឆ្នាំ ២០១៧ ដោយយុវជន គីម៉ាន់ សុផាស័ក ដែលជាភាពយន្តខ្លីមួយគួរឱ្យចាប់អារម្មណ៍ ទាក់ទងនឹងកីឡាប្រដាល់គុនខ្មែរ។ ភាពយន្តនេះនឹងរៀបរាប់ពី ញើសឈាម ទឹកភ្នែកកីឡាករប្រដាល់របស់ខ្មែរម្នាក់ដែលមានរឿងរ៉ាវជាប់ទាក់ទងនឹងជីវិតរបស់គាត់។

រូបភាពពីរឿង ហ្គង់ក្រហម

៦.«វាលស្រែវាលស្រូវ» ដឹកនាំផលិតដោយ អ្នកនាង គង់ សិវណ្ណស្រីឈូក ដែលជាផលិតករ និងអ្នកដឹកនាំរឿងស្រ្តីវ័យក្មេង មានស្នាដៃផលិតវីដេអូបទចម្រៀង និងជាកវីនិពន្ធ​បទចម្រៀង និងភាពយន្ត។ រឿង «វាលស្រែវាលស្រូវ» ធ្លាប់បានជាប់ក្នុងកម្មវិធីមហោស្រពភាពយន្តខ្លីថ្នាក់ជាតិ ហើយបន្តបង្ហាញទៅដល់មហោស្រពក្រៅប្រទេសមួយចំនួនទៀតដែរ។ ភាពយន្តនេះ ជាក់ស្តែងរៀបរាប់ពីមង្គលការដោយការបង្ខំ និងស្នេហាក្នុងសម័យខ្មែរក្រហម ដែលប្រជាជនខ្មែរទូទៅដឹងថាជាសម័យខ្មៅងងឹត ម្តេចនឹងមានរឿងស្នេហាកើតឡើង។

រូបភាពពីរឿង វាលស្រែវាលស្រូវ

អត្ថបទ៖ Sunny