កម្ពុជា ត្រូវ​រួម​គ្នា​រុញ​បន្ថែម​ចំពោះ​ដំណើរ​អនុវត្ត​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល

  • 2019-04-13 02:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាប់​សិទ្ធិ​និពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋសភា​ឲ្យ​ប្រើ​ប្រាស់​តាំង​ពី​ឆ្នាំ ២០០៣។ ច្បាប់​នេះ មាន​គោល​បំណង​ធានា​ការ​គោរព​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល រួម​ទាំង​ការពារ​នូវ​ផលិតផល​វប្បធម៌ ស្នាដៃ​និពន្ធ អ្នក​សម្ដែង ផលិតករ និង​អង្គភាព​ពាក់​ព័ន្ធ​នានា​ទៀត។ យ៉ាង​ណា​ក៏​ដោយ ការ​អនុវត្តន៍​សិទ្ធិ​នេះ ហាក់​នៅ​មាន​កម្រិត ស្រប​ពេល​ម្ចាស់​ស្នាដៃ លើក​ឡើង​ថា កម្ពុជា​គួរ​ជំរុញ​ដំណើរ​ការ​ការ​អនុវត្តន៍​ច្បាប់​នេះ​កាន់​តែ​លឿន​ជាង​នេះ។

លោក សួន ពិសិដ្ឋ អ្នកនិពន្ធ​មួយ​ល្បី​ឈ្មោះ​មួយ​រូប បាន​លើក​ឡើង​ថា វា​គួរ​តែ​ដល់​ពេល​ហើយ​ដែល កម្ពុជា​គួរ​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល​ឲ្យ​បាន​ពេញ​លេញ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស។ ថ្លែង​បែប​នេះ ក្រោយ​ពី​លោក​បាន​មើល​ឃើញ​ថា កម្ពុជា​នៅ​មិន​ទាន់​ទាញ​ប្រយោជន៍​បាន​ទូលំទូលាយ​ពី​ច្បាប់​នេះ​នៅ​ឡើយ។

លោក​លើក​ឡើង​ទៀត​ថា ការ​អនុវត្តន៍​ច្បាប់​គាំពារ​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល​ពេញ​លេញ នឹង​ធានា​ដល់​កម្រិត​ល្អ​ប្រសើរ​នៃ​ជីវភាព​អ្នក​និពន្ធ និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ រួម​ទាំង​កិត្តិយស សេចក្ដី​ថ្លៃ​ថ្នូរ និង​ធានា​ដល់​ការ​រីក​ចម្រើន​ក្នុង​វិស័យ​សិល្បៈ​ជាតិ​ទាំង​មូល​ទៀត​ផង។

មិន​ខុស​គ្នា​ដែរ លោក ខេមរៈ ភារុណ អតីត​អ្នកនិពន្ធ​នៅ​សាន់ដេ បច្ចុប្បន្ន​បាន​ផ្លាស់​មក​ហង្សមាស បាន​បញ្ចេញ​ទស្សនៈ​លើ​បញ្ហា​នេះ​ដែរ​ថា លោក​បាន​ដឹង​ថា ច្បាប់​ស្ដី​ពី​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល​មាន​ហើយ​នៅ​កម្ពុជា ប៉ុន្តែ​ការ​អនុវត្តន៍​សិទ្ធិ ហាក់​នៅ​មិន​ទាន់​ផុលផុស​ខ្លាំង។ យ៉ាង​ណា​លោក​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា សកម្មភាព​រំលោភ​ស្នាដៃ​សិល្បៈ​កម្ពុជា​ថយ​ចុះ ទើប​ធ្វើ​ឲ្យ​ស្ងប់ស្ងាត់​ការ​បង្ក្រាប​ដែរ ឬ​យ៉ាង​ណា។

ក្នុង​ទស្សនៈ​ផ្ទាល់​ខ្លួន បើ​ទោះ​ជា​កត់​សម្គាល់​មួយ​ផ្នែក​ឃើញ​ថា ការ​ថត​ចម្លង​ថាស​ចម្រៀង​ដាក់​លក់​លើ​ទីផ្សារ ហាក់​មិន​មាន​សកម្មភាព​ខ្លាំង​ដូច​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែ​លោក​ហ៊ាន​និយាយ​ថា ការ​រំលោភ​លើ​ស្នាដៃ​របស់​អ្នក​និពន្ធ​នៅ​តែ​មាន តាម​រូបភាព​ជា​ច្រើន​ទៀត។

ដូច្នេះ លោក​លើក​ឡើង​ថា ពិត​ជា​រឿង​ល្អ ដែល​កម្ពុជា​គួរ​ជំរុញ​ការ​អនុវត្តន៍​ច្បាប់​ដែល​មាន​ស្រាប់​នេះ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។ លោក ភារុណ បាន​លើក​ជា​ឧទាហរណ៍​ពី​ប្រទេស​កូរ៉េ ជប៉ុន ថៃ ជា​ដើម វិស័យ​សិល្បៈ​​របស់​គេ ថ្កុំថ្កើង សិល្បករ​គេ​រស់​ក្នុង​ជីវិត​ល្អ​ប្រសើរ ក៏​ព្រោះ​តែ​ប្រទេស​ទាំង​នោះ គ្រប់​គ្រង​បាន​ល្អ​លើ​ការ​ការពារ​ស្នាដៃ​នេះ​ឯង។ លោក​ចង់​ឲ្យ​ច្បាប់​នេះ អនុវត្ត​ទូលំទូលាយ ព្រោះ​កន្លង​មក អ្នកនិពន្ធ​ដើរ​ជា​អ្នក​បង្កើត​ស្នាដៃ​ផង ជា​អ្នក​បង្ក្រាប​ផង។

ឯកឧត្ដម ខៀវ កុសល អតីត​ជា​អ្នកនិពន្ធ បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​អ្នក​និពន្ធ នៅ​ក្នុង​បទ​សន្ទនា​នៅ​កម្មវិធី​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​កន្លង​ទៅ បាន​មាន​ប្រសាសន៍​ដូច​គ្នា​ដែរ​ថា ការ​ទាញ​យក​បាន​លាភការ​ពី​ស្នាដៃ​របស់​ខ្លួន ក្រោម​ការ​គាំទ្រ​ពី​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់ ធានា​ដល់​ផល​ប្រយោជន៍​របស់​អ្នកនិពន្ធ រហូត​ដល់​ចាស់​បាន។

ការ​អនុវត្តន៍​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល មិន​មែន​ជា​រឿង​របស់​កម្ពុជា​តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​ជា​ចរន្ត​របស់​សកលលោក។ មក​ទល់​បច្ចុប្បន្ន តាម​របាយការណ៍ មាន​ប្រទេស​ជាង​១០០​ហើយ​នៅ​លើ​ពិភព​លោក បាន និង​កំពុង​ដំណើរ​ការ​អនុវត្ត​សិទ្ធិ​ខាង​លើ តាម​រយៈ​ស្ថាប័ន​កណ្ដាល​មួយ ហៅ​ថា Collective Management Organization(CMO) ដែល​មាន​ទម្រង់​ខុស​គ្នា ខ្លះ​ជា​ក្រុមហ៊ុន ខ្លះ​ជា​ស្ថាប័ន។ ប៉ុន្តែ​នៅ​កម្ពុជា ត្រូវ​បាន​ហៅ​ឈ្មោះ​ថា "អង្គភាព​គ្រប់​គ្រង​សិទ្ធិ​រួម"។

តាម​លោក ចម្រើន ចម្រុង ប្រធាន​ការិយាល័យ នៃ​អង្គភាព​គ្រប់​គ្រង​សិទ្ធិ​រួម បាន​ឲ្យ​ដឹង​ថា អង្គភាព​នេះ​មាន​កាតព្វកិច្ច​អន្តរាគមន៍​រាល់​ការ​ប្រើ​ប្រាស់​ស្នាដៃ​ដោយ​គ្មាន​ការ​អនុញ្ញាត សំដៅ​ប្រមូល​លាភការ​ជូន​ម្ចាស់​សិទ្ធិ។ មក​ទល់​បច្ចុប្បន្ន នៅ​លើ​ពិភព​លោក មាន​ជាង​១០០ប្រទេស​ហើយដែល​មាន​អង្គភាព CMO នេះ។

ដោយ​ឡែក​នៅ​តំបន់​អាស៊ាន មាន​តែ​កម្ពុជា និង​ភូមា ប៉ុណ្ណោះ ដែល​មិន​ទាន់​មាន ខណៈ​ប្រទេស​ឡាវ ទើប​បង្កើត​បាន​ថ្មី​ៗ ហើយ ថៃ ដែល​ហាក់​ឈាន​មុខ​គេ​លើ​កិច្ចការ​នេះ​ក្នុង​តំបន់ មាន CMO ដល់​ជាង​២៧អង្គភាព​ឯណោះ។

ក្រសួង​វប្បធម៌​បាន​រៀប​ចំ​សេចក្ដី​ព្រាង​អនុក្រឹត្យ​បង្កើត​អង្គភាព​នេះ តាំង​ពី​ឆ្នាំ ២០១៤ តាម​មាត្រា​៥៦ វាក្យ​ខណ្ឌ​ទី១ ក្នុង​ច្បាប់​អ្នក​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល។ មាត្រា​នេះ បាន​ចែងថា អ្នកនិពន្ធ និង​ម្ចាស់​សិទ្ធិ​ប្រហាក់​ប្រហែល អាច​ចូល​រួម​បង្កើត​អង្គភាព​នេះ​បាន។

យ៉ាង​នេះ​ក្ដី មក​ទល់​បច្ចុប្បន្ន អង្គភាព ដែល​ត្រូវ​បាន​រៀប​ចំ និង​គ្រោង​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៧ និង​យូរ​បំផុត​ត្រឹម​ដើម​ឆ្នាំ ២០១៨ នេះ ជំរុញ​ដោយ​ក្រសួង​វប្បធម៌​នោះ នៅ​តែ​មិន​ទាន់​ចេញ​ជា​រូបរាង​ពេញលេញ​នៅ​ឡើយ។ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ទទួល​បន្ទុក​ផ្នែក​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល បាន​ឲ្យ​ដឹង​ថា បញ្ហា​ស្នូល​បំផុត ជុំ​វិញ​បញ្ហា​នេះ អាច​មក​ពី​កង្វះ​ការ​ចាប់​អារម្មណ៍ និង​យល់​ពី​អត្ថប្រយោជន៍ ជា​ហេតុ​ធ្វើឲ្យ​​ខ្វះ​ការ​ចូល​រួម។

ឯកឧត្ដម ថ្លែង​ថា "ឥឡូវ​ខ្ញុំ​និយាយ​អីចេះ ពេល​ប្រជុំ​ប៉ុន្មាន​លើក ប្អូន​មាន​បាន​ចូល​រួម​ទេ ហើយ​ឃើញ​ថា មាន​អ្នក​និពន្ធ ឬ​ម្ចាស់​សិទ្ធិ​ប៉ុន្មាន​នាក់​មក​ចូល​រួម? ឃើញ​ទេ?...កម្មវិធី​ហ្នឹង​ធ្វើ​ដើម្បី​ម្ចាស់​សិទ្ធិ​ហ្នឹង ហើយ​អង្គភាព​គ្រប់​គ្រង​សិទ្ធិ​រួម ក៏​ដើម្បី​ម្ចាស់​សិទ្ធិ​ដូច​គ្នា បើ​គាត់​ចេះ​តែ​និយាយ​ៗ មិន​មូល​គ្នា​មក​ចូល​រួម​អីចឹង អង្គភាព​ហ្នឹង​វា​អត់​ដើរ​ទេ"។

ឯកឧត្ដម បន្ត​ថា ច្បាប់​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ដែល​មាន​ហើយ នៅ​តែ​អាច​អនុវត្ត​បាន ប៉ុន្តែ​វា​នៅ​តែ​ត្រូវ​ការ​ចូល​រួម​ពី​ម្ចាស់​សិទ្ធិ​ដដែល។ មាន​ប្រសាសន៍​ក្នុង​ករណី​មិន​មាន​អង្គភាព​គ្រប់​គ្រង​សិទ្ធិ​រួម ឯកឧត្ដម បញ្ជាក់​ថា ម្ចាស់​សិទ្ធិ ឬ​ម្ចាស់​ស្នាដៃ​ គឺ​ជា​អ្នក​ចេញ​មុខ​ប្ដឹង​ដោយ​ផ្ទាល់ ទៅ​តុលាការ​ដោយ​ផ្នែក​លើ​ច្បាប់​ខាង​លើ បើ​រក​ឃើញ​ថា ស្នាដៃ​របស់​គាត់​ត្រូវ​គេ​រំលោភ។

យ៉ាង​ណា​ក៏​ដោយ ឯកឧត្ដម ថា នោះ​ជា​សំឡេង​ម្ចាស់​សិទ្ធិ​តែ​មួយ ដែល​ពេល​ខ្លះ​នៅ​មាន​ការ​ពិបាក​ក្នុង​ការ​ត​ទល់​ជាមួយ​អ្នក​ប្រើ​ប្រាស់​ស្នាដៃ។ ករណី​មាន​អង្គភាព​គ្រប់​គ្រង​សិទ្ធិ​រួម​វិញ នោះ​ជា​ចង្កឹះ​មួយ​បាច់​ធំ ដែល​អាច​មាន​ប្រសិទ្ធភាព​ជាង ព្រោះ​អង្គភាព​នេះ​ទទួល​ស្គាល់​ដោយ​រដ្ឋ និង​មាន​រចនា​សម្ព័ន្ធ​ច្រើន។ "អង្គភាព​នេះ នឹង​ធ្វើ​ការ​ទាំង​នោះ​ជំនួស​គាត់ ក្នុង​ការ​រក​លាភការ​ជូន​គាត់ និង​អាច​មាន​ប្រសិទ្ធភាព​ជាង ព្រោះ​វា​មិន​មែន​ជា​សំឡេង​តែ​មួយ គឺ​ចង្កឹះ​មួយ​បាត់។ អីចឹង​អ្វី​គេ​ធ្វើ​ឲ្យ​ទាំង​អស់ គាត់​ចាំ​តែ​គិត​រឿង​បង្កើត​ស្នាដៃ​ថ្មី​ៗ ល្អ​ៗ​ទៅ​បាន​ហើយ!”។ ឯកឧត្ដម បន្ថែម។

ដូច្នេះ​ជុំ​វិញ​បញ្ហា​នេះ ឯកឧត្ដម បាន​បន្ត​ដោយ​ស្នើ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ចូល​រួម​បង្កើត​បង្កើត CMO ឲ្យ​បាន ពិសេស​ម្ចាស់​សិទ្ធិ ឬ​ម្ចាស់​ស្នាដៃ ព្រោះ​សម្លឹង​ទៅ​សកល​លោក មិន​មាន​ប្រទេស​ណា​ដែល​មិន​មាន CMO ក្នុង​ការ​អនុវត្តន៍​សិទ្ធិ​អ្នក​និពន្ធ ដើម្បី​ស្វែង​រក​លាភការ​ពី​ស្នាដៃ​នោះ​ទេ។

តាម​និយមន័យ CMO គឺ​ជា​អង្គភាព​ចំណុះ​ក្រោម​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ មាន​នាទី​ការពារ​ផល​ប្រយោជន៍​របស់​ម្ចាស់​សិទ្ធិ ឬ​ម្ចាស់​ស្នាដៃ ដែល​នឹង​ដើរ​តួ​ជា​អ្នក​ប្រមូល​លាភការ​ពី​ការ​ប្រើ​ប្រាស់​ស្នាដៃ ពី​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ មក​ជូន​ម្ចាស់​សិទ្ធិ។ អ្នក​ប្រើ​ប្រាស់​ទាំង​នោះ មាន​ដូច​ជា ស្ថានីយ វិទ្យុ ទូរទស្សន៍ ភោជនីយដ្ឋាន បារ ខារ៉ាអូខេ ជាដើម ខណៈ​ការ​ប្រើ​ប្រាស់​នា​ពេល​កន្លង ភាគ​ច្រើន ម្ចាស់​ស្នាដៃ ឬ​ម្ចាស់​សិទ្ធិ មិន​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​ប្រើ​ប្រាស់​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ។

តាម​ផែន​ការ CMO ឬ អង្គភាព​គ្រប់​គ្រង​សិទ្ធិ​រួម​នេះ អាច​នឹង​បង្កើត​ច្រើន​ជាង​មួយ ដោយ​ចែក​ជា​ផ្នែក​ៗ ដូច​ជា​ទី១ CMO ដូរ​តន្ត្រី(ផលិតករ​តន្ត្រី ឬ​អ្នក​លេង​ភ្លេង​ទោល​ជា​ដើម) ទី២ CMO សម្រាប់​អ្នក​សរសេរ​ភ្លេង ឬ​ចម្រៀង។ ទី៣ CMO សម្រាប់​អ្នក​ផលិត​ភាពយន្ត និង​ CMO សម្រាប់​អ្នក​សរសេរ​សៀវភៅ​ជា​ដើម។ នេះ​បើ​តាម​លោក​មេធាវី ពេជ្រ អង្គ ដែល​ជា​សមាជិក​គណៈ​កម្មការ​បង្កើត CMO។

យ៉ាង​នេះ​ក្ដី CMO ទី​១ នៅ​ជាប់​គាំង​នៅ​ឡើយ ស្រប​ពេល ​លោក​មេធាវី បញ្ជាក់​ថា ម្ចាស់​សិទ្ធិ​ធំ​ៗ មាន​ដូច​ជា ហង្ស​មាស ថោន សាន់ដេ ជា​ដើម​នៅ​មិន​ទាន់​បាន​ចូល​រួម។ បញ្ហា​នេះ លោក​មេធាវី មើល​ឃើញ​ថា កម្ពុជា​ខាត​បង់​ច្រើន លើ​អ្វី​ដែល​យើង​មាន​ស្រាប់​ហើយ។

"ខ្ញុំ​លើក​ឧទាហរណ៍​ពី​ប្រទេស​កូរ៉េ ដែល​គេ​អនុវត្តន៍​ច្បាប់​នេះ​បាន​ល្អ​ហើយ ហើយ​គេ​មក​ធ្វើ​បទ​បង្ហាញ​ឲ្យ​យើង​ស្ដាប់ គឺ​គេ​ប្រមូល​បាន​លាភការ​ពី​ការ​ប្រើ​ប្រាស់​ស្នាដៃ​នេះ​បាន​រាប់​រយ​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ ដល់​យើង​អត់ ទី​មួយ​ខាត​ម្ចាស់​សិទ្ធិ ម្ចាស់​ស្នាដៃ​ខ្លួន​ឯង ទី​២​ក៏​មិន​បាន​ពន្ធ​ចូល​រដ្ឋ និង​ទី​៣ គេ​មើល​មក​សង្គម​យើង ដូច​មិន​ថ្លៃ​ថ្នូរ ដូច​ប្អូន​ធ្លាប់​ដឹង​ហើយ ប្រទេស​គេ​ធ្លាប់​ថា​ឲ្យ​យើង​ម៉េច​ខ្លះ?”។

ជុំវិញ​បញ្ហា​នេះ​ដែរ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​កន្លង​មក ធ្លាប់​បាន​ជំរុញ​ឲ្យ​បន្ត​ការ​ពង្រឹង​ច្បាប់ សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល ដើម្បី​ចៀស​វាង​ការ​លួច​ចម្លង​ទាំង​ដុល​របស់​ម្ចាស់​សិទ្ធិ និង​ជំរុញ​ការ​បង្កើត​ស្នាដៃ​ថ្មីៗ។ បន្ថែម​ពី​លើ​នេះ សម្ដេច​សង្កត់​ធ្ងន់​ថា ការ​ពង្រឹង ក៏​ដូច​ជា​ជំរុញ​ការ​អនុវត្តន៍​ច្បាប់​ខាង​លើ គឺជា​ការ​អនុវត្តន៍ ដើម្បី​ផ្ដល់​វិនិយោគិន​នូវ​ទំនុក​ចិត្ត ក្នុង​ការ​ហក់​ចូល​មក​វិនិយោគ​ក្នុង​ឧស្សាហកម្ម​វប្បធម៌​របស់​ជាតិ​នា​ពេល​ខាង​មុខ។

ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​អោយ​ប្រើ​ប្រាស់​តាំង​ពី​ថ្ងៃ​ទី ៣១ មករា ២០០៣។ ច្បាប់​នេះ មាន​គោល​បំណង​ធានា​ការ​គោរព​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល និង​ការពារ​នូវ​ផលិតផល​វប្បធម៌ ជា​ស្នាដៃ​និពន្ធ អ្នក​សម្ដែង ផលិតករ​ហ្វូណូ​ក្រាម និង​អង្គភាព​ទូរ​ផ្សាយ​ជា​ដើម សំដៅ​ធានា​ការ​ធ្វើ​អាជីវកម្ម​មួយ​ត្រឹម​ត្រូវ ស្រប​ច្បាប់​លើ​ផលិតផល​វប្បធម៌​ទាំង​នោះ ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​វប្បធម៌។

សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធ​ប្រហាក់​ប្រហែល មាន​បែង​ចែក​ជា​២​ផ្នែក​ធំ​ៗ ទី​១សិទ្ធិ​បេតិកភណ្ឌ និង​សិទ្ធិ​សីលធម៌។

១.សិទ្ធិ​បេតិកភណ្ឌ ឬ​សិទ្ធិ​សេដ្ឋកិច្ច គឺ​រាល់​អ្នក​ប្រើ​ប្រាស់​ស្នាដៃ យក​ស្នាដៃ​ណា​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម ត្រូវ​បែក​ចែក​លាភការ​ទៅ​អ្នក​និពន្ធ ឬ​ម្ចាស់​សិទ្ធិ​ជា​ដើម តាម​លក្ខខណ្ឌ​នៅ​ក្នុង​អំឡុង​ពេល​​ចរចា​រវាង​ភាគី​ទាំង​ពីរ(ម្ចាស់​សិទ្ធិ និង​អ្នក​ប្រើ​ប្រាស់)ទិញ​សិទ្ធិ​ស្នាដៃ​នីមួយ​ៗ​ទៅ​ប្រើ។   "សិទ្ធិ​នេះ នឹង​ត្រូវ​​ផ្ដល់​ជូន​ទៅ​អ្នក​និពន្ធ ម្ចាស់​សិទ្ធិ ឬ​ម្ចាស់​សិទ្ធិ​ប្រហាក់​ប្រហែល​ដល់​អាយុកាល​៥០ឆ្នាំ​បន្ទាប់​ពី​អ្នក​ទាំង​នោះ ធ្វើ​មរណកាល មាន​ន័យ​ថា ១​ជីវិត​របស់​អ្នក​និពន្ធ បូក​បន្ថែម ៥០​ឆ្នាំ​ទៀត ក្រោយ​ពី​អ្នក​និពន្ធ​ធ្វើ​មរណកាល។

២.សិទ្ធិ​សីលធម៌​៖ គឺ​ជា​សិទ្ធិ​ដែល​ទាម​ទារ​ការ​ទទួល​ស្គាល់​របស់​ម្ចាស់​សិទ្ធិ ឬ​អ្នក​​និពន្ធ មាន​ន័យ​ថា អ្នក​ប្រើ​ប្រាស់​ស្នាដៃ​នឹង​ត្រូវ​តម្រូវ​ឲ្យ​​ដាក់​ឈ្មោះ​អ្នក​និពន្ធ ឬ​ម្ចាស់​សិទ្ធិ​ជា​ដើម។ ខុស​ពី​សិទ្ធិ​បេតិកភណ្ឌ សិទ្ធិ​ប្រភេទ​នេះ មិន​មាន​អាយុកាល​នោះ​ទេ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី