កញ្ញា តី លើករឿងស្មានមិនដល់នាំឱ្យល្បីក្នុងវិស័យសិល្បៈចម្រៀងមួយពព្រិចភ្នែក
- 2018-08-06 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កញ្ញា តី លើករឿងស្មានមិនដល់នាំឱ្យល្បីក្នុងវិស័យសិល្បៈចម្រៀងមួយពព្រិចភ្នែក
ចន្លោះមិនឃើញ
បទចម្រៀងរ៉េបដ៏ពេញនិយម ដែលគ្រប់គ្នាធ្លាប់បានឮ ច្រៀងលេងតាមយ៉ាងសប្បាយរីករាយ បទ "វាយម៉ាលុយ" ជាចម្រៀងនិពន្ធដោយយុវតី ឈ្មោះ តី វ័យ២២ឆ្នាំ ដែលជាអ្នករាំចង្វាក់ Hip Hop របស់តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា ហើយនាងក៏មានក្រុមរាំផងដែរ។
រឿងនឹកស្មានមិនដល់មួយ ដែលកើតឡើងក្នុងថ្ងៃនោះ គឺដោយសារតែបាច់លុយដុល្លារមួយដុំ ដូចផ្លិត ដែលអ្នកគាំទ្រជូនទៅ ដល់តារាចម្រៀង មាស សុខសោភា។
ពេលនោះដែរ កញ្ញា តី ប្រាប់ថា ដោយនាងចូលចិត្តលេងសប្បាយៗ ដែលជាចរិតពិតរបស់តារារូបនេះផង គ្រាន់តែឃើញដុំលុយនោះភ្លាម នាងក៏យកមកកាន់លេង ហើយផ្តើមច្រៀងលំនាំបទ រ៉េប យកឈ្មោះខ្លួនឯងមកច្រៀងលេង។
តី ក៏កាន់គ្រវីបាច់លុយនោះលេងបណ្ដើរ និងច្រៀងបណ្តើរ ដោយមានមិត្តភ័ក្តថតវីដេអូនោះ ហើយយកទៅបង្ហោះក្នុងកម្មវិធីទូរសព្ទមួយ។ មិនយូរប៉ុន្មានក៏មានអ្នករៀនត្រាប់តាម ច្រៀងលេងសប្បាយ ហើយក៏មានអ្នកស្នើមកស្រីស្អាត សម្តីមុតម្នាក់នេះជាច្រើនឱ្យផលិតចម្រៀងរ៉េប វាយម៉ាលុយ នេះបានសម្រេច។
កញ្ញា តី ឆ្លើយតបនឹងបទសម្ភាសជាមួយ Sabay ថា៖ "នេះជារឿងអភូតហេតុពិតមែន ខ្ញុំមិនដែលនឹកស្មានថាអាចមានការគាំទ្រ ហើយក្លាយជាតារាចម្រៀងនោះទេ"។ ក្រោយក្លាយជាអ្នកចម្រៀងដោយមានមហោជនគាំទ្រ តារាចម្រៀងដែលផ្តើមចេញពីអ្នករាំរូបនេះថា គ្រប់គ្នាក៏អាចមានឱកាសល្អបែបនេះដែរ គ្រាន់ថា អ្នកនឹងជ្រើសរើសយកវិធីបែបណា និងត្រូវធ្វើបែបណាបន្ត។
ក្រោយក្លាយជាតារាចម្រៀងពិតមែន ប៉ុន្តែបច្ចុប្បន្ន តីមិនបោះបង់អាជីពជាអ្នករាំនោះទេ នាងនៅតែហ្វឹកហាក់ផ្នែកនេះបន្តទៀត។ ពិសេសដើម្បីកំដរអារម្មណ៍អ្នកគាំទ្រ ពេលខាងមុននេះ កញ្ញា នឹងបញ្ចេញបទចម្រៀងថ្មីៗ ជាច្រើនបទទៀតដែលកំពុងរៀបចំផលិត។ "បទថ្មីក្រោយៗទៀត ក៏ធានាថា នឹងកាន់តែសប្បាយរីករាយ ខ្ញុំធានា..." តី អះអាងច្បាស់ៗ៕