៥ ស្នៀតរបស់អ្នកលក់កាបូប ខោអាវ តាមហ្វេសប៊ុក ឡើងត្រជាក់ល្អូក តែចំណេញកប់ក្ដោង

  • 2018-08-30 10:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ទំនិញ​ជា​ច្រើន​មុខ​​មាន​លក់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក សំលៀក​បំពាក់ និង​កាបូប ហាក់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង គ្រប់​ពេល​មាន​អ្នក​ Live លក់​ម្ដង​ៗ​មាន​មនុស្ស​មិន​តិច​អ្នក​ទេ​ស្ម័គ្រ​ចិត្ត​ទម្លាក់​លេខ បញ្ជា​ទិញ​ព្រូសៗ​គ្មាន​គិត​ច្រើន​ឡើយ។ តែ​អ្នក​ទាំង​អស់​គ្នា​មិន​ដែល​ដឹង​ទេ​ថា តើ​អ្នក​លក់​មាន​ល្បិច​ស្នៀត​អ្វី​ខ្លះ ដើម្បី​លក់​ឲ្យ​ដាច់ ហើយ​ថែម​ទាំង​ចំណេញ​ក្ដោង​ទៀតផង។ ត​ទៅ​នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ពូកែ​សង្កេត​ពី​ក្បួន​តម្រា​របស់​អ្នក​លក់​តាម​អនឡាន តែង​អនុវត្ត​រាល់​ថ្ងៃ តែ​នៅ​តែ​មាន​អ្នក​ជឿ​ស៊ុប​។

រូបតំណាង

**១. តែង​និយាយ​ថា​រួសរាន់​ឡើង​ជិតដល់​ថ្ងៃ​ផុត Promotion ហើយ ​តែ​ដោយ​សារ​មាន​ការ​គាំ​ទ្រ​ទើប​បន្ត​Promotion ទៀត**

តាម​ការ​លើក​ឡើង​របស់​កញ្ញា សុនា ដែល​យល់​ច្បាស់​ពី​ជម្រៅ​ចិត្ត​របស់​អ្នក​លក់​តែម្ដង និយាយ​ថា តាម​ពិត​ Promotion របស់​អ្នក​លក់​តាម​អនឡាញ គ្មាន​ក្បួន​ខ្នាត កំណត់​ថ្ងៃ​ច្បាស់​លាស់​ដូច​ក្រុម​ហ៊ុន​នោះ​ទេ គឺ​កំណត់​ខ្លួន​ឯង បង្កើត Promotion ខ្លួន​ឯង។ ជួន​កាល​ក៏​គ្មាន​ការ​គាំ​ទ្រ​អី​ណាស់​ណា​ដែរ តែ​ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​ក៏​ចេះ​តែ​ថា​ទៅ ដើម្បី​ឲ្យ​មាន​អ្នក​ចូលមើល។ ម្យ៉ាង​វិញ​ទៀត​តម្លៃ​ដែល​ដាក់​លក់ និង​ការ​បញ្ចុះ​តម្លៃ ក៏​គ្មាន​អ្វី​មក​វាស់វែង​ច្បាស់​លាស់​ដែរ ស្ទាប​សាច់​ក្រណាត់ហើយ ​កំណត់​យកៗ តម្លៃ​ស្ថិត​លើ​មាត់​អ្នក​លក់។

ចំណុច​នេះ​គ្មាន​អី​ពិបាក​ឡើយ​សម្រាប់​អ្នក​លក់ គ្រាន់​តែ​និយាយ​ថា៖ «តម្លៃ​វា​ពេញ​ដល់​ទៅ​៥០​ដុល្លារ តែ​ថ្ងៃ​នេះ មាន​ Promotion ចេះ​តែ​លក់​ឲ្យ​តែ​អស់​ៗ​ពី​ឃ្លាំង​ទៅ ឥឡូវ​មាន​អ្នក​ណា​ស្រលាញ់​ទម្លាក់​លេខ​មក​ខ្ញុំ​លក់​ឲ្យ​តែ​៣០​ដុល្លារ​ទេ គ្មាន​ចំណេញ​សោះ​និយាយ​មែន។»

២. ទិញ​អស់​ចាប់​ពី​៥០​ដុល្លារ​ឡើង​ទៅ​ទទួល​បាន​កាត​សមាជិក​បញ្ចុះ​តម្លៃ​៥​ដុល្លារ​ ពេល​ទិញ​លើក​ក្រោយ

ដោយ​ឡែក​យុវតី​វ័យ​ធីតា មាន​ជាប់​សែ​ស្រឡាយ​អ្នក​លក់​តាម​អនឡាញ​ដែរ​នេះ លើក​ឡើង​ថា វិធីសាស្ត្រ​នេះ គឺ​អាច​ញុះញង់​អ្នក​ទិញ​ឲ្យ​ទិញ​កាន់​តែ​ច្រើន តែ​តាម​ពិត​ទៅ​ក្នុង​ទំនិញ​មួយ​ អ្នក​លក់​​ចំណេញ​ជាង​ពាក់​កណ្ដាល​បាត់​ទៅ​ហើយ។ អ្នក​ទិញ​ចង់​បាន​កាត​បញ្ចុះ​តម្លៃ​ចេះ​តែ​ខំ​ទិញ​តាម តែ​តាម​ពិត​តម្លៃ​បញ្ចុះ​៥​ដុល្លារ​នោះ គឺ​បូក​បញ្ចូល​ជាមួយ​តម្លៃ​ដែល​ត្រូវ​លក់​ចេញ​រួច​ជា​ស្រេច​ទៅ​ហើយ។

៣. ទិញ​អស់​ចាប់​ពី​ប៉ុន​នេះ​ប៉ុននោះនឹង​ Free ការ​ដឹក​ជញ្ជូន

នេះ​ជា​ល្បិច​ដ៏​សាមញ្ញ​បំផុត ដើម្បី​ឲ្យ​អ្នក​ទិញ ហ៊ាន​ជះ​លុយ​ទិញ​ទំនិញ​កាន់​តែ​ច្រើន ព្រោះ​ចង់​ចំណេញ​ការ​ដឹក​ជញ្ជូន។ ដូច្នេះ​ទិញ​កាន់​តែ​ច្រើន អ្នក​លក់​ចំណេញ​កាន់​តែ​ច្រើន រីឯ​ពាក្យ​ថា​ Free ការ​ដឹក​ជញ្ជូន​មិន​បាន​ប៉ុន​ក្រចក​នៃ​ប្រាក់​ចំណេញ​ដែល​លក់​បាន​នោះ​ផង។ ចំណែក​ឯ​ថ្លៃ​ដឹក​ជញ្ជូន​នោះ ក៏​ជា​ប្រាក់​ចំណេញ​មួយ​តង់​ទៀត​ដែរ ព្រោះ​ជាក់ស្ដែង​ទៅ​ទោះ​បី​មិន​យក​ថ្លៃ​ដឹក​ជញ្ជូន ក៏​ចំណេញ​ក្នុង​តម្លៃ​ទំនិញ​នោះ​បាត់​ទៅ​ហើយ។

រូបតំណាង

៤. ទិញ​មួយ​ថែម​មួយ​ខ្ជិល​ឲ្យ​សល់​ក្នុង​ស្តុក​ចេះ​តែ​លក់​ៗ​ឲ្យ​តែ​អស់​ៗ​ទៅ

អ្នក​លក់​ខ្លះ​រៀបរាប់​មក​ដូច​កម្សត់​ខ្លាំង ចេះ​តែ​លក់​ៗ ផលិតផល​ជិត​អស់​ពី​ស្តុក តែ​តាម​ពិត​ផលិត​ផល​នៅ​ឡើង​ណែន​ស្តុក។ តាម​ការ​លើកឡើង​ពី​ធីតា ប្រាប់​ថា កាល​មិន​ទាន់​ free តម្លៃ​មួយ ១៥​ដុល្លារ តែ​ពេល​ថែម​មួយ​ទៀត តម្លៃ​ដែល​ធ្លាប់​តែ​១៥​ដុល្លារ​នោះ គឺ​ទៅ​ជា​៣០​ដុល្លារ។ ដូច្នេះ​មានន័យ​ថា​ទិញ​ម្ដង២ មិន​មែន​ទិញ​១​បាន​២​ឡើយ។

៥. ផលិតផល​យក​ពី​ប្រទេស​នេះ​ប្រទេស​នោះ តែ​តាម​ពិត​ជជុះ​ក្បាល​គីប​ក៏​មាន

ចំណែក​លីកា វិញ​ដែល​ធ្លាប់​ជួប​បទ​ពិសោធន៍​ផ្ទាល់​តែ​ម្ដង​និយាយ​ថា ធ្លាប់​ទិញ​តាម​អនឡាញ គេ​ថា​ផលិតផល Top Grade នាំ​ចូល​ពី​បារាំង អាល្លឺម៉ង់ តែ​ពេល​យក​មក​ដល់​ផ្ទះ​ស្រាប់​តែ​ត្រូវ​បាន​អ្នក​លក់​ខោអាវ​ក្នុង​ហាង​ម្នាក់​ថា Top Grade ក្បាល​គីប​នៅ​អូឡាំពិក​ទម្លាក់​ចេញ​ពី​បាវ​ថ្មីៗ​ទៅ​វិញ៕

ចុះ​ចំណែក​ប្រិយមិត្ត​វិញ យល់​ឃើញ​យ៉ាង​ណា​ដែរ អាច​ចូលរួម​ទាំង​អស់​គ្នាណា!!

​​​

​​​​

អត្ថបទ៖ វឌ្ឍនៈ