មេដាយមាសអាស៊ី២ជាប្រវត្តិសាស្ត្រដំបូងមកដល់កម្ពុជាល្ងាចនេះ
- 2018-09-03 02:11:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដាយមាសអាស៊ី២ជាប្រវត្តិសាស្ត្រដំបូងមកដល់កម្ពុជាល្ងាចនេះ
ចន្លោះមិនឃើញ
គណៈប្រតិភូកីឡាកម្ពុជានឹងវិលត្រឡប់មកដល់កម្ពុជាល្ងាចនេះ និងបន្តជួបសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីទទួលបានលទ្ធផលដ៏ល្អក្នុងការចូលរួមប្រកួតកីឡាទ្វីបអាស៊ី ឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ី។
ក្រុមកីឡាកម្ពុជាបានចំណាយពេល ២២ថ្ងៃនៅលើទឹកដីនៃប្រទេសឥណ្ឌូណេស៊ីដើម្បីស្វែងមេដាយសម្រាប់ពលរដ្ឋកម្ពុជា។ ជាលទ្ធផល កម្ពុជាបានសម្រេចគោលដៅតាមផែនការដែលបានកំណត់ទុក។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាននិយាយមុនធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ីថា កម្ពុជាសង្ឃឹមទទួលបានមេដាយមាស២គ្រឿងតាមផែនការកំណត់។ ទីបំផុតកម្ពុជាបានសម្រេចគោលដៅនេះដោយឈ្នះមេដាយមាស២គ្រឿង។
ឆ្នាំ២០១៨នេះ កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា ឈ្នះមេដាយមាស១ និងកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស១ និងប្រាក់១។
មិនត្រឹមតែសម្រេចគោលដៅមេដាយមាស២ប៉ុណ្ណោះទេ ប៉ុន្តែជាប្រវត្តិសាស្ត្រលើកដំបូងដែលកម្ពុជាឈ្នះមេដាយមាស២ បន្ទាប់ពីចូលរួមប្រកួតដំបូងតាំងពីឆ្នាំ១៩៥៤។ កំណត់ត្រាមេដាយមាសលើកទី១ធ្វើបានដោយកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី កាលពីឆ្នាំ២០១៤។
គណៈប្រតិភូកីឡាកម្ពុជា និងមេដាយទាំង៣គ្រឿងនឹងមកដល់ប្រទេសកម្ពុជាវេលាម៉ោង៥:៣៥នាទីល្ងាចថ្ងៃ ចន្ទ ទី៣ ខែកញ្ញានេះ។ បន្ទាប់មកម៉ូតូធំ៦គ្រឿង និងរថយន្តតុបតែងល្អអមដំណើរពួកគាត់ ឆ្ពោះទៅវិមានសន្តិភាព ដើម្បីចូលជួបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រាក់រង្វាន់តាមអនុក្រឹត្យ
មេដាយមាស ៨០ លានរៀល
មេដាយប្រាក់ ៤០ លានរៀល
មេដាយសំរឹទ្ធ ២៤ លានរៀល