សម្តេច​តេជោ​ ហ៊ុន​ សែន​ ​សរសើរ​ម្ចាស់​មេដាយ​មាស​អាស៊ី​អ្នក​បង្កើត​ប្រវត្តិ​សាស្ត្រ​កម្ពុជា​

  • 2018-09-03 13:34:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​កោត​សរសើរ​ចំពោះ​កីឡា​ការិនី​ ខាន់ ចេសា និង​កីឡាករ​ សាលី អ៊ូមើត​ ព្រម​ទាំង​គ្រូ​បង្វឹក​ និង​គណៈប្រតិភូ​កីឡា​កម្ពុជា​ដែល​ទទួល​បាន​​​ជោគជ័យ​ពី​​ការ​ប្រកួត​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​ដល់​ប្រទេស​កម្ពុជា។

សម្តេច​តេជោ ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​ លទ្ធផល​​ដែល​ទទួល​បាន​​នេះ​ មិន​មែន​ជា​បញ្ហា​ផ្ទាល់​ខ្លួន​សម្រាប់​អ្នក​ទាំង​ពីរ​ទេ​ ប៉ុន្តែ​នេះ​ជា​កិត្តិយស​របស់​ជាតិ​ទាំង​មូល​ ដូច្នេះ​ហើយ​បាន​ជា​​ត្រូវ​បាន​អម​ដំណើរ​ដង្ហែ​ដោយ​ម៉ូតូ​ធំ។ ម្ចាស់​មេដាយ​មាស​ទាំង​ពីរ​​គឺ​ជា​អ្នក​បង្កើត​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា​ និង​ត្រូវ​បាន​​​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ និង​ពិភព​លោក​ចារ​ទុក​ជា​ប្រវត្តិ​សាស្ត្រ។

សម្តេច​តេជោ​បញ្ជាក់​ថា​ ​ការ​ទទួល​បាន​ប្រាក់​​រង្វាន់​មិន​មែន​ជា​បញ្ហា​សំខាន់​នោះ​ទេ​ ប៉ុន្តែ​ការ​ទទួល​បាន​មេដាយ​​គឺ​ជា​ការ​លើក​កម្ពស់​កិត្តិយស​ និង​មុខ​មាត់​ប្រទេស​ជាតិ​ទៅ​លើ​ឆាក​អន្តរជាតិ​ទើប​ជា​សំខាន់​បំផុត។

ក្នុង​ពិធី​ជួប​ស្វាគមន៍​ដល់​ជយលាភី​នេះ​ សម្តេច​ ហ៊ុន សែន​ បាន​បំពាក់​គ្រឿង​ឥស្សរិយ​យស​ និង​​ដល់​​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត។ ​កីឡា​ការិនី​ ខាន់ ចេសា ​ទទួល​បាន​ប្រាក់​រង្វាន់​តាម​អនុក្រឹត្យ​​​ពី​រាជ​រដ្ឋាភិបាល​៨០​លាន​រៀល​សម្រាប់​​មេដាយ​១​គ្រឿង​ និង​​ប្រាក់​​​ផ្ទាល់​​ខ្លួន​របស់​សម្តេច​​តេជោ ហ៊ុន សែន​ ១​ម៉ឺន​ដុល្លារ​អាមេរិក។

ចំពោះ​កីឡាករ​ សាលី អ៊ូមើត​​ដែល​ឈ្នះ​មេដាយ​មាស​១​ និង​សំរឹទ្ធ​១​ទទួល​បាន​ប្រាក់​រង្វាន់​តាម​អនុក្រឹត្យ​ចំនួន​១០៤​លាន​រៀល និង​ប្រាក់​ផ្ទាល់​របស់​សម្តេច​ចំនួន​១៣០០០​ដុល្លារ​អាមេរិក។ ចំណែក​គ្រូ​បង្វឹក​របស់​ម្ចាស់​មេដាយ​មាស​ទាំង​ពីរ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ៨០​លាន​រៀល​ និង​ប្រាក់​ផ្ទាល់​ពី​សម្តេច​​១​ម៉ឺន​ដុល្លារ​អាមេរិក​ដូច​គ្នា៕

អត្ថបទ៖ ជាន ចាន់រ៉ា