ជំនឿ​ផ្សេងៗ​ទាំង ៧ ពី​បុណ្យ​សែន​ព្រះ​ខែ​របស់​ចិន ដែល​ជនជាតិ​អាស៊ី​មួយ​ចំនួន​ក៏​ធ្វើ​តាម

  • 2018-09-14 02:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុណ្យ​សែន​ព្រះខែ​​គឺ​ជា​ទំនៀម​ទម្លាប់​មួយ​របស់​ប្រទេស​ចិន និង​​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អាស៊ី។ បុណ្យ​នេះ​​ក៏​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​បុណ្យ​ពាក់​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ ដែល​ជា​ព្រឹត្តិ​ការណ៍​ធំ​​ទី​ ២ សម្រាប់​ប្រជាជន​ចិន​បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។​ ទាំង​នេះ​គឺ​ជា​ជំនឿ​ផ្សេងៗ​ទាក់​ទង​នឹង​ពិធី​បុណ្យ​នេះ​ដែល​ចិន​តែង​តែ​គោរព​តាម​ជានិច្ច៖

១.បុណ្យ​នេះ​ចំ​ពេល​ដែល​ព្រះ​ចន្ទ​ភ្លឺ​បំផុត៖ ជន​ជាតិ​ចិន​មាន​ជំនឿ​ថា​ នៅ​ថ្ងៃ​ទី១៥​ ខែ​៨​ រាប់​តាម​ប្រតិទិន​ចន្ទ​គតិ ​គឺ​ជា​ពេល​ដែល​ព្រះ​ចន្ទ​រះ​ភ្លឺ​ធំ​បំផុត និង​ស្រស់​ស្អាត​បំផុត​ប្រចាំ​ឆ្នាំ។​ ហេតុ​នេះ​ហើយ​ពួក​គេ​ត្រូវ​​ជួប​ជុំ​គ្នា​មើល​ទិដ្ឋភាព​ដ៏​ស្អាត​នេះ​ នឹង​ធ្វើ​ការ​បួងសួង​សុំ​ក្ដី​សុខ។

២.​​​​ជា​ពេល​ត្រូវ​មក​ជួប​ជុំ​គ្រួសារ៖ ​ប្រជាជន​ចិន​ត្រូវ​ត្រឡប់​ទៅ​លេង​នៅ​ស្រុក​កំណើត​វិញ​ មិន​ថា​​ពួក​គេ​នៅ​ឆ្ងាយ​យ៉ាង​ណា​នោះ​ទេ។

៣.​រសជាតិ​ផ្អែម​នៃ​នំ​សែន​ព្រះ​ខែ៖ វា​តំណាង​ឲ្យ​ភាព​ផ្អែម​ល្ហែម​ក្នុង​គ្រួសារ​ និង​ភាព​សប្បាយ​រីករាយ។

៤.​ប្រជាជន​ឲ្យ​តម្លៃ​ខ្លាំង​​លើ​នំ​សែន​ព្រះ​ខែ៖ តម្លៃ​របស់​នំ​សែន​ព្រះ​ខែ​អាច​លើស​ពី​ ១០០០​យ័ន ​(ប្រហែល​ ១៥០.១៣ ដុល្លារ)​ទៅ​ទៀត​ ហើយ​មាន​ពេល​ខ្លះ​តម្លៃ​ដល់​ទៅពាន់​ដុល្លារ​ឯ​ណោះ។ នេះ​​ដោយសារ​​ជនជាតិ​ចិន​មិន​ត្រឹម​តែ​ចង់​បាន​រស​ជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ចង់​បាន​ការ​តុប​តែង​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ។ នំ​សែន​ព្រះ​ខែ​ថ្លៃ​ៗទាំង​នោះ​អាច​ផ្សំ​ពី​គ្រឿង​​ពិសេស​ៗ​ដូច​ជា​ ព្រុយ​ត្រី​ឆ្លាម​ ខ្យង​សមុទ្រ​ យិន​សិន​ ឬ​ទឹក​មាត់​ត្រចៀក​កាំ​ជា​ដើម​ ហើយ​ថែម​ទាំង​មាន​​​ការ​តុប​តែង​ប្រអប់​ធ្វើ​ពី​មាស​ ឬ​ប្រាក់​ទៀត​ផង។​ ពួក​គេ​ក៏​ចូល​ចិត្ត​ទិញ​នំ​ជា​អំណោយ​ជូន​មិត្ត​ភក្ដិ​ ឬ​សមាជិក​គ្រួសារ​ដែរ។

៥.នំ​សែន​ព្រះ​ខែ​មាន​រាង​មូល៖ វា​ជា​តំណាង​នៃ​ការ​ជួប​ជុំ​របស់​​គ្រួសារ​​ ឬ​ជា​តំណាង​នៃ​ព្រះ​ខែ​ដែល​ពេញ​វង់​នៅ​លើ​មេឃ។

៦.​នំ​កាន់​តែ​ធំ​កាន់​តែ​ល្អ៖ ជន​ជាតិ​ចិន​ខ្លះ​មាន​ជំនឿ​ថា​ ​នំ​សែន​ព្រះ​ខែ​កាត់​តែ​ធំ​គឺ​ង៉ូវ​ហេង​ចូល​កាន់​តែ​ច្រើន។​ ហេតុ​នេះ​គេ​ទិញ ឬ​ធ្វើ​នំ​កាន់​តែ​ធំ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដែល​មាន​ពេល​ខ្លះ​វា​ធំ​ជា​គ្រែ​គេង​របស់​អ្នក​ទៅ​ទៀត។ វា​បង្ហាញ​ពី​ការ​សម្បូរ​សប្បាយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

៧.ព្រះ​ចន្ទ​កាន់​តែ​ស្រស់​ស្អាត​ពេល​មើល​នៅ​លើ​ភ្នំ​ ឬ​ទៅ​តំបន់​បឹង៖​ នៅ​ប្រទេស​ចិន ប្រជាជន​ចូលចិត្ត​រក​កន្លែង​ណា​ដែល​អាច​មើល​ឃើញ​ព្រះ​ចន្ទ​កាត់​តែ​ច្បាស់​ដូច​ជា​លើ​ដំបូល​ ឬ​លើ​កំពូល​ភ្នំ​ជា​ដើម។កន្លែង​ទាំង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កន្លែង​ដ៏​ពិសេស​ដើម្បី​រីករាយ​ពិធី​សែន​ព្រះ​ខែ។ ​​អ្នក​ខ្លះ​ទៀត​​ក៏​ទៅ​លំហែ​នៅ​តំបន់​បឹង​ជាមួយ​មិត្ត​ភក្ដិ​ផង​ដែរ។ ​

គេ​តែង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី១៥ ​ខែ​ទី ៨ រាប់​តាម​ប្រតិទិន​ចន្ទ​គតិ​ គឺ​ចំ​ពេល​ដែល​ព្រះចន្ទពេញបូរមី និង​ស្អាត​បំផុត។ បើ​គិត​តាម​ប្រតិទិន​សុរិយគតិ​វិញ​ នៅ​​ឆ្នាំ ​២០១៨ ​នេះ បុណ្យ​សែន​ព្រះ​ខែ​ត្រូវ​នឹង​ថ្ងៃ​ទី ២៤​ ខែ​កញ្ញា។ មាន​ព្រេង​និទាន​ជា​ច្រើន​ទាក់​ទង​នឹង​ពិធី​នេះ តែ​រឿង​មួយ​ដែល​ពេញ​និយម​ជាង​គេ​គឺ​ដំណើរ​រឿង​របស់​ប្ដី​ប្រពន្ធ ហូយី និង​ ឆាងអឺ។ បើ​ចង់​ដឹង ទស្សនា​វីដេអូ​ខាង​ក្រោម ដែល​មាន​ដំណើរ​រឿង​ដូច​តទៅ៖

អត្ថបទ៖ សុខណា

អត្ថបទថ្មី