សៀមរាបធ្វើម្ចាស់ផ្ទះរដូវកាលនេះមានអ្នកមើលជាប់កំណត់ត្រាច្រើនបំផុត
- 2018-09-24 00:30:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀមរាបធ្វើម្ចាស់ផ្ទះរដូវកាលនេះមានអ្នកមើលជាប់កំណត់ត្រាច្រើនបំផុត
ចន្លោះមិនឃើញ
ការប្រកួតលីគលីគបាល់ទាត់កំពូលកម្ពុជារដូវកាលនេះកាន់តែខ្សត់អ្នកទស្សនា ជាពិសេសកីឡដ្ឋាននៅក្នុងរាជធានីភ្នំពេញដែលរៀបចំការប្រកួតរាល់សប្តាហ៍មិនសូវមានមើលច្រើនឡើយ។
យ៉ាងណា កីឡដ្ឋាននៅតាមខេត្តត្រូវបានគេមើលឃើញថា មានអ្នកមើលច្រើនគួរសម។ កីឡដ្ឋានព្រះខ័នរាជស្វាយរៀងដែលស្ថិតនៅកណ្តាលខេត្តស្វាយរៀងមានអ្នកច្រើន បន្ទាប់ពីទីលានមួយនេះត្រូវបានបង្កើតឡើងប្រហែលជា៣រដូវកាលហើយ ប៉ុន្តែរដូវកាល២០១៨នេះហាក់ថយចុះអ្នកគាំទ្រខ្លះ។
ដោយនៅខេត្តសៀមរាបដែលទឹកដីប្រាសាទបុរាណដ៏អស្ចារ្យទើបតែត្រូវបានក្រុមពីរគឺអង្គរថាយហ្គឺរ និងសូទីលូអង្គររួមគ្នាយកកីឡដ្ឋានខេត្តធ្វើជាម្ចាស់ផ្ទះសម្រាប់រដូវកាល២០១៨នេះ។ ការប្រកួតរដូវកាលនេះនៅទឹកដីសៀមរាប ត្រូវបានគេមើលឃើញថា មានអ្នកមើលច្រើនគួរសមដែលជំរុញឲ្យក្លឹបទាំងពីរកាន់តែមានកម្លាំងចិត្ត។ ជាពិសេសការប្រកួតរវាងម្ចាស់ផ្ទះអង្គរថាយហ្គឺរ និងបឹងកេតកាលពីរសៀល ថ្ងៃអាទិត្យ ទី២៣ ខែកញ្ញាម្សិលមិញនេះទទួលបានអ្នកទស្សនាចំនួន៤២៥៧នាក់។
បើតាមការឲ្យដឹងពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាថា ចំនួនអ្នកទស្សនាខាងលើនេះជាចំនួនដែលច្រើនជាងគេបំផុត បើប្រៀបធៀបនឹងការប្រកួតផ្សេងៗទាំងនៅរាជធានីភ្នំពេញ និងខេត្តផ្សេង។
គេមើលឃើញថា ម្ចាស់ក្លឹបអង្គរថាយហ្គឺរ ក៏ដូចជាសូទីលូអង្គរបានខិតខំយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយពីសកម្មភាពកីឡាបាល់ទាត់នៅក្នុងទីរួមខេត្តសៀមរាបទាំងការធ្វើសកម្មភាពទីសាធារណៈ និងផ្សព្វផ្សាយតាមសង្គម Facebook។ លើសពីនេះទៀត កីឡាកររបស់ខេត្តសៀមរាបចំនួនក៏មានឱកាសលេងឲ្យក្លឹបទាំងពីរដែលស្ថិតនៅក្របខណ្ឌកំពូលកម្ពុជា។ សកម្មភាពកីឡាក្នុងខេត្តកាន់តែផុលផុស។ ម្យ៉ាងទៀតវត្តមានក្លឹបល្បីបឹងកេតដែលមានតារាឆ្នើម ចាន់ វឌ្ឍនាកា ក៏អាចជាផ្នែកមួយជួយឲ្យការប្រកួតទទួលបានអ្នកទស្សនាច្រើនបំផុត៕