រដូវកាន់បិណ្ឌនេះ ភិក្ខុ​១​អង្គ​ជូន​សង្ឃដីកា ចំៗ រឿងធ្វើបុណ្យដោយបញ្ញា និងតាមសទ្ធា

  • 2018-09-29 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​នឹង​រដូវ​នៃ​ពិធី​កាន់​បិណ្ឌ ដែល​ជា​បុណ្យ​សាសនា​ដ៏​ធំ​របស់​ប្រជាជន​ខ្មែរ ព្រះ​ភិក្ខុ​១​ព្រះអង្គ​ បាន​ជូន​​សង្ឃដីកា​ បកស្រាយ​ជូន​ពុទ្ធបរិស័ទ​ ទាក់ទង​នឹង​ការ​ធ្វើ​បុណ្យ​ដោយ​ជ្រះថ្លា និង​ត្រឹមត្រូវ​តាម​ក្បួន​ តាមគម្ពីរ​ព្រះពុទ្ធ​សាសនា។ នោះ​គឺ​ការ​ធ្វើ​បុណ្យ​ដោយ​បញ្ញា​ តាម​សទ្ធា មិន​មែន​ចេះ​តែ​ធ្វើ​តាម​គ្នា ខុស​ក្បួន។

ព្រះ​អង្គ​ក៏​បាន​បន្ត​សង្ឃដីកា​ថា ការ​ដែល​យល់​ខុស ក្រៅ​ពី​មិន​បាន​បុណ្យ ក៏​អាច​កើត​ជា​បញ្ហា ដូចជា​ការ​ខ្ចី​លុយ​គេ​មក​ធ្វើ​បុណ្យ​ឲ្យ​ធំ​ដុំ ធ្វើ​ឲ្យ​សៅ​ហ្មង​ក្នុង​ចិត្ត និង​ឈាន​ទៅ​ជាប់​បំណុល វ័ណ្ឌ ក ក៏​មាន។

ព្រះភិក្ខុ ភិន វុទ្ធី ចៅ​អធិការ​ គង់​នៅ​វត្ត​ប្រាសាទ​នាងខ្មៅ ខេត្ត​តាកែវ បាន​និមន្ត​ចូលរួម​ក្នុង​កម្មវិធី​ផ្សាយផ្ទាល់​ពិសេស​ ទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌ របស់​ Sabay បាន​មាន​សង្ឃ​ដីកាថា មិន​ថា​ពេល​កាន់​បិណ្ឌ ឬ​ធ្វើ​បុណ្យ​អ្វី​នោះ​ទេ សូម​កុំ​យល់​ច្រឡំ​ថា ការ​បំពេញ​បុណ្យ​ទាល់​តែ​មាន​លុយ​ច្រើន ធ្វើ​បុណ្យ​ឲ្យ​ធំ​ដុំ ទោះ​អត់​លុយ​ក៏​ប្រឹង​ខ្ចី​គេ ធ្វើ​ឲ្យ​អធិកអធម នោះ​ទេ។

រូបថត Screenshot ព្រះភិក្ខុ ភិន វុទ្ធី

ចំណុច​នេះ ព្រះអង្គ​ចង់​សង្កត់​ន័យ​ថា ការ​ធ្វើ​បុណ្យ​សំខាន់​លើ​ចិត្ត​​ដែល​ជ្រះ​ថ្លា និង​ធ្វើតាមសទ្ធា ស្រប​នឹង​ជីវភាព លទ្ធភាព​នៃ​ពុទ្ធបរិស័ទ។​

ព្រះភិក្ខុ បាន​បក​ស្រាយ​បន្ថែម​ថា ព្រះពុទ្ធ​អង្គ​ទ្រង់​មិន​បាន​ចែង​ថា ចង្ហាន់ ឬ​គ្រឿង​ប្រគេន​ព្រះសង្ឃ​ទាល់​តែ​ជា​របស់​ប្រណិត មាន​តម្លៃ​ថ្លៃ​ៗ ទើប​បាន​បុណ្យ​ច្រើន​នោះ​ទេ។ ការ​យល់​បែប​នេះ​ជា​ការ​ខុសឆ្គង​ធំ​មួយ ហើយ​ថែម​ទាំង​អាច​នាំ​បញ្ហា​ ដល់​ជីវភាព​រស់នៅ ឬ​ឈាន​ទៅ​ជាប់​បំណុល​គេ។ បែប​នេះ គឺ​ជា​ការ​ធ្វើ​បុណ្យ​ដោយ​មិនមាន​​បញ្ញា ឬ​អាច​ហៅ​ថា ចេះ​តែ​ធ្វើ​តាម​គេ។ បើ​ជា​អ្នក​មាន ​គឺ​មិន​អី​ទេ តែ​បើ​ពុទ្ធបរិស័ទ មាន​ជីវភាព​ខ្វះខាត គឺ​ជា​បញ្ហា​ហើយ។

ជា​ឧទាហរណ៍​ ព្រះភិក្ខុ ភិន វុទ្ធី បាន​បន្ត​សង្ឃ​ដីកា​ចំៗថា បើ​ពុទ្ធបរិស័ទ ដែលគ្មានលទ្ធភាពទាល់តែសោះ ប៉ុន្តែចង់ធ្វើបុណ្យ អាច​គ្រាន់​តែ​ចូល​ទៅ​កាន់​ទីវត្ត​អារាម​ណា​១ ដោយ​ចិត្ត​ជ្រះ​ថ្លា រួច​ហើយ​ជួយ​រៀបចំ​នានា​ដូចជា បោស​សម្អាត​បរិវេណ ជួយ​លាង​ចាន ឬ​រៀបចង្ហាន់​ នោះ​ហើយ​ជា​បុណ្យ​ពិត ដែល​កើត​ពី​ចិត្ត​ដ៏​ប្រពៃ។

រូបថត Screenshot ព្រះភិក្ខុ ភិន វុទ្ធី

មួយវិញទៀត បើ​អ្នក​មាន​ជីវភាព​ល្មម​ៗ ក៏​អាច​គ្រាន់​តែ​រៀប​ចំ​ទៅ​តាម​សទ្ធា ដោយ​ជា​ប្រណីវត្ថុ មាន​ន័យថា​បើ​ជា​ម្ហូប គឺ​មិន​សំដៅ​ដល់​ប្រភេទ​ដែល​ថ្លៃៗ នោះ​ទេ តែ​សំខាន់​មាន​អនាម័យ មិន​ថា​ជា​ប្រហុក​ចិញ្រាំ ឬ​ម្ហូប​ផ្សេង​ទៀត ដែល​ញាតិញោម​អាច​មាន​សទ្ធា និង​លទ្ធភាព​មិនមាន​កំណត់​ឡើយ ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី