ស្ទើរមិនគួរឲ្យជឿ យ៉ែម ស្រីពេជ្រ ធ្វើបាប ប៉ប រចនា ទាំងផ្លូវកាយ និងចិត្តពេលប៉ះគ្នាម្ដងៗ

  • 2018-10-02 05:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់​ខ្លួន​រឿង​​​ "មិត្ត​ឫស្យា​" នៅ​សណ្ឋាគារ​ សូហ្វីតែល។ ក្នុង​នោះ​ យ៉ែម ស្រីពេជ្រ សម្ដែង​ជា​តួ​អង្គ​​ដណ្ដើម​​​​ស្វាមី ប៉ប រចនា ធ្វើ​ឲ្យ​នាង ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ​ និង​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត​ស្ទើរ​​ទ្រាំ​​ពុំ​ចង់​បាន។

យ៉ែម ស្រីពេជ្រ ថា ឲ្យ​តែ​​ប៉ះ​គ្នា​ក្នុង​ខ្សែភាពយន្ត​ភាគ​ម្ដង​ណា​ជាមួយ​ ប៉ុប រចនា ខ្លួន​តែង​តែ​ធ្វើ​បាប​នាង ឲ្យ​ឈឺ​ពើត​ផ្សារ​ទាំង​ផ្លូវ​កាយ​ និង​ចិត្ត​គ្រប់​ពេល។ តែ​ម្ដង​នេះ​ធ្វើ​បាប​មិន​​ដល់​ថ្នាក់​សម្លាប់​ខ្លួន​ដូច​រឿង​មុន​នោះ​ទេ ប៉ុន្តែ​ស្ទើរ​ស្លាប់​​​ស្ទើរ​រស់​ស្មើ​គ្នា។

“រឿង​"មិត្ត​ឫស្យា" ខ្ញុំ​សម្ដែង​ជា​តួ​អង្គ​មិត្តភ័ក្ដិ​​ស្រឡាញ់​គ្នា​ស្លាប់​រស់របស់​ រចនា តែ​ខ្ញុំ​បែរ​ទៅ​ដណ្ដើម​ប្ដី​គាត់​ ធ្វើ​បាប​ចិត្ត​គាត់​ឲ្យ​ឈឺ​គ្រាំគ្រា តែ​មិន​ដល់​ថ្នាក់​ធ្វើ​ឲ្យ​គាត់​ទៅ​សម្លាប់​ខ្លួន​ដូច​រឿង​ "ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា"នោះ​ទេ"។ យ៉ែម ស្រីពេជ្រ រៀបរាប់។

ឯ​ ប៉ុប រចនា វិញ​​បាន​លើក​ឡើង​ថា ​​ទោះ​បី​ជា​ត្រូវ យ៉ែម ស្រីពេជ្រ ធ្វើ​បាប​​ម្ដង​​ហើយ​ម្ដង​ទៀត​​ក៏​ដោយ​ ​​​ខ្លួន​នៅតែពេញ​ចិត្ត​ ព្រោះ​​នេះ​​គ្រាន់​តែ​ជា​ការ​សម្ដែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​ចាប់​អារម្មណ៍។ នាង​ថា៖" ហេតុ​ដូច្នេះ​ហើយ​ទើប​​ពួក​ខ្ញុំ​ ប្រឹង​ប្រែង​សម្ដែង​ឲ្យ​បាន​ល្អ​ពេល​ជួប​គ្នា​ម្ដង​ៗ បើ​ស្លូត​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​អាណិត តែ​បើ​កាច​ឈ្នានីស​ឲ្យ​ចំ​ឈ្នានីស ឲ្យ​ពុក​ម៉ែ​បង​ប្អូន​គាត់​ស្អប់"។

ជា​មួយ​គ្នា​នេះ​ដែរ​លោក ស៊ិន សុផាត ប្រធាន​គណៈ​កម្មការ​ត្រួត​ពិនិត្យ​ការ​ចាក់​ផ្សាយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ បាន​មាន​ប្រសាសន៍​ថា​ ខ្សែភាពយន្ត​ភាគ​​ ​"មិត្ត​ឫស្យា" ជា​ប្រភេទ​រឿង​​​ស្នេហា​ឈ្នានីស​​កើត​ឡើង​រវាង​មិត្តភ័ក្ដិ​ និង​មិត្តភ័ក្ដិ មិន​ខុស​ពី​ទិដ្ឋភាព​ជាក់​ស្ដែង​ដូច​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។

​​​​"មិត្ត​ឫស្យា" ​ជា​ខ្សែ​ភាព​យន្ត​មាន​ ៣៥ ភាគ​គ្រោង​នឹង​ចេញ​ថត​នៅ​ថ្ងៃ​ទី​ ៣ ខែ តុលា ឆ្នាំ ២០១៨ ស្អែក​នេះ។ ឯ​ទីតាំង​ថត​​វិញ​មាន​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​​​ទៀត ដែលចូល​រួម​សម្ដែង​ដោយ មុំ សុទ្ធារ៉ា ប៉ប រចនា យ៉ែម ស្រីពេជ្រ លឹម រដ្ឋា លៀង ឧត្ដម សុទ្ធា ពិសិដ្ឋ និង​តារា​សម្ដែង​ស្រី​ប្រុស​ជា​ច្រើន​រូប​ទៀត៕​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម